បិយវគ្គ
មាន៩រឿង – ១២គាថា
☸️៧. រឿង បញ្ចសតទារក
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវកុមារា ៥០០ នាក់ ។ ក្នុងថ្ងៃលេងមហោស្រព កុមារាទាំងនេះ បាននាំគ្នាទៅលេងសួនច្បារហើយបានចួបប្រទះនឹងព្រះពុទ្ធ ព្រមទាំងព្រះភិក្ខុសង្ឃ នាកណ្តាលផ្លូវ លុះក្រឡេកឃើញព្រះមហាកស្សបៈ ក៏កើតសេចក្តីជ្រះថ្លា បានប្រគេននំដល់ព្រះថេរៈ ។ ភិក្ខុទាំងឡាយ បានតិះដៀលនូវកុមារាទាំងនោះ ថា “ធ្វើបុណ្យរើសមុខ” ។ ព្រះសាស្តា ទ្រង់សម្តែងធម្មីកថា ត្រាស់នូវព្រះគាថានេះថា ៖
| ៩. | សីលទស្សនសម្បន្នំ | ធម្មដ្ឋំ សច្ចវេទិនំ |
| អត្តនោ កម្ម កុព្វានំ | តំ ជនោ កុរុតេ បិយំ ។ |
👉ជនតែងធ្វើបុគ្គលដែលបរិបូណ៌ដោយសីល និងការឃើញត្រូវ ឋិតនៅក្នុងធម៌ ពោលសច្ចធម៌ ជាប្រក្រតី ធ្វើកម្មជារបស់ខ្លួននោះ ឲ្យជាទីស្រឡាញ់ ។
