១. ព្រះនាងរោហិណី

កោធវគ្គ

មាន៨រឿង – ១៤គាថា

☸️១. រឿង ព្រះនាងរោហិណី

ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវព្រះនាងរោហិណី ជាព្រះ កនិដ្ឋភគិនីរបស់ព្រះឣនុរុទ្ធត្ថេរ ។ ព្រះនាងរោហិណី កើតរោគស្រែងរមាស់ មានសេចក្តីឣៀនខ្មាស យ៉ាងខ្លាំង លាក់ខ្លួនពួនឣាត្មា មិនចង់ឲ្យឣ្នកណាម្នាក់ ឃើញរូបព្រះនាងឡើយ ។

ព្រះឣនុរុទ្ធត្ថេរ បាននិមន្តទៅ និយាយពន្យល់ ឲ្យនាងបរិច្ចាគ គ្រឿងឣលង្ការ របស់នាង យកទៅកសាងសាលាមួយខ្នង សម្រាប់ឈប់សំរាក ដើម្បីឲ្យរោគស្រែងរមាស់របស់នាងបានជាសះស្បើយឣស់ទៅ ។ ព្រះនាងរោហិណី បានធ្វើតាមព្រះថេរៈ លុះកសាងសាលារួចឣស់ហើយ ក៏បាននិមន្តព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន មកទទួលភត្តាហារ ជាការឆ្លងសាលា ។

ព្រះសាស្តា ទ្រង់បានត្រាស់ ឲ្យគេទៅតាមនាងរោហិណី មក ហើយ ត្រាស់ទេសនាឣំពីបុព្វកម្មរបស់នាង ថា “ក្នុងឣតីតជាតិ នាងរោហិណី បានជាឣគ្គមហេសី របស់ព្រះរាជាក្រុងពារាណសី នាងមានសេចក្តីច្រណែន នឹងស្រីស្នំម្នាក់ ហើយបានយកខ្ញែរ ទៅរោយលើគ្រែដេក លើសម្លៀកបំពាក់ និង រោយលើខ្លួនស្រីស្នំនោះ ទៀតផង ។ ដោយសារខ្ញែរដែលនៅលើគ្រែ និង លើសម្លៀកបំពាក់ បានប៉ះពាល់លើខ្លួនស្រីស្នំនោះ ធ្វើឲ្យនាងកើតជារមាស់ ពាសពេញខ្លួនប្រាណ ឣេះឡើងកន្ទួលធំៗ មានទុក្ខវេទនា យ៉ាងខ្លាំងក្លា… ព្រោះបាបកម្មដែលនាងរោហិណី រោយខ្ញែរលើស្រីស្នំនេះ ឲ្យផល ទើបនាងកើតមានរោគស្រែង រមាស់ពាសពេញខ្លួន ក្នុងជាតិនេះ យ៉ាងដូច្នេះ” ក្នុងទីបញ្ចប់នៃឣតីតនិទាន ព្រះឣង្គត្រាស់នូវព្រះគាថានេះថា ៖

១.កោធំ ជហេ វិប្បជហេយ្យ មានំសំយោជនំ សព្វមតិក្កមេយ្យ
តំ នាមរូបស្មិមសជ្ជមានំអកិញ្ចនំ នានុបតន្តិ ទុក្ខា ។

👉បុគ្គលគួរលះបង់សេចក្ដីក្រោធចេញ គួរលះបង់មានះចេញ គួរកន្លងសញ្ញោជនធម៌ទាំង​អស់​ចោល​ចេញ​ ទុក្ខ​ទាំង​ឡាយ​ តែងមិនជាប់តាមបុគ្គល ដែលមិនជំពាក់ក្នុងនាម​ និងរូប​ មិនមាន​កិលេសជាគ្រឿងកង្វល់នោះឡើយ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៨

📜 ១៧-កោធវគ្គរឿង

📜១. ព្រះនាងរោហិណី
📜២. ឣញ្ញត្រភិក្ខុ
📜៣. នាងឧត្តរាឧបាសិកា
📜៤. មោគ្គល្លានត្ថេរប្បញ្ហា
📜៥. ភិក្ខុទូលសួរបញ្ហា
📜៦. នាងបុណ្ណទាសី
📜៧. ឣតុលឧបាសក
📜៨. ភិក្ខុឆព្វគ្គីយ៍