២. ឣញ្ញត្រភិក្ខុ

កោធវគ្គ

មាន៨រឿង – ១៤គាថា

☸️២. រឿង ឣញ្ញត្រភិក្ខុ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុមួយរូប ក្នុងសម័យដែល ព្រះឣង្គមិនទាន់បានបញ្ញត្តសិក្ខាបទ ហាមមិនឲ្យភិក្ខុកាប់ដើមឈើ ។ ភិក្ខុរូបនេះ មានគម្រោងការចង់កសាងសេនាសនៈ, ថ្ងៃមួយ ភិក្ខុនោះ ឃើញដើមឈើ ដែលជាទីពេញចិត្ត មួយដើមយ៉ាងធំ ហើយគិតនឹងកាប់ ។

នៅលើដើមឈើនោះ មានរុក្ខទេវតា ដែលមានកូនខ្ចីមួយឣង្គ នៅឣាស្រ័យ, រុក្ខទេវតានោះ បានសុំឣង្វរករនឹងភិក្ខុរូបនោះ ដើម្បីកុំឲ្យកាប់ដើមឈើ ដែលជាទីនៅឣាស្រ័យរបស់ខ្លួន ។ តែភិក្ខុរូបនោះ មិនព្រមស្តាប់ នូវពាក្យសុំឣង្វរករ របស់រុក្ខទេវតានោះឡើយ នៅតែចចេសកាប់ ធ្វើដូចជាមិនដឹង រហូតដល់ផ្លែប៉ូវថៅត្រូវដៃ របស់កូន រុក្ខទេវតា ដាច់បាត់ទៅ ។ រុក្ខទេវតា បានឃើញយ៉ាងនេះហើយ មានសេចក្តីក្រោធខឹង នឹងភិក្ខុរូបនោះ យ៉ាងខ្លាំង គិតនឹងសម្លាប់ភិក្ខុនោះចោល តែបាននឹកគិតទាន់ ថា “ភិក្ខុនេះ ជាឣ្នកមានសីល បើឣាត្មាឣញ សម្លាប់លោកឲ្យស្លាប់ ឣាត្មាឣញ នឹងត្រូវទទួលទុក្ខ ក្នុងឣបាយភូមិ ឣស់ជាច្រើនឆ្នាំ ហើយពួកទេវតាទាំងឡាយ ក៏នឹងយកធ្វើជាគំរូ តាមឣាត្មាឣញ, មួយទៀត ភិក្ខុរូបនេះ ជាឣ្នកមានម្ចាស់ ត្រូវតែឣាត្មាឣញ ទៅក្រាបទូលដល់ម្ចាស់ ទើបជាការប្រពៃ” គិតស្រេចហើយ ក៏ដើរស្រែយំតាមដងផ្លូវ ហើយបានទៅក្រាបទូល ដល់ព្រះសាស្តា ។

ព្រះបរមសាស្តាចារ្យ ទ្រង់ជ្រាបសេចក្តីនោះ សព្វគ្រប់ឣស់ហើយ ទ្រង់សម្តែងធម្មីកថា ស្រេចកាលណាហើយ ក៏ទ្រង់ត្រាស់ព្រះគាថានេះ បញ្ជាក់ថែមទៀត ថា ៖

២.យោ វេ ឧប្បតិតំ កោធំរថំ ភន្តំវ ធារយេ
តមហំ សារថឹ ព្រូមិរស្មិគ្គាហោ ឥតរោ ជនោ ។

👉បុគ្គលណា ហាមឃាត់សេចក្ដីក្រោធ ដែលកើតឡើងហើយ​ ដូចសារថីទប់រថ​ ដែលកំពុងលឿនបាន តថាគត​ហៅ​បុគ្គលនោះថា​ សារថី​ ជនក្រៅពីនេះ គ្រាន់តែជាអ្នកកាន់ខ្សែបង្ហៀរ​ ( មិនមែនជា​សារថី​ឡើយ ) ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៨

📜 ១៧-កោធវគ្គរឿង

📜១. ព្រះនាងរោហិណី
📜២. ឣញ្ញត្រភិក្ខុ
📜៣. នាងឧត្តរាឧបាសិកា
📜៤. មោគ្គល្លានត្ថេរប្បញ្ហា
📜៥. ភិក្ខុទូលសួរបញ្ហា
📜៦. នាងបុណ្ណទាសី
📜៧. ឣតុលឧបាសក
📜៨. ភិក្ខុឆព្វគ្គីយ៍