មលវគ្គ
មាន១២រឿង – ២១គាថា
☸️១. រឿង គោឃាតកបុត្រ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវបុត្ររបស់នាយគោឃាតក៍ ។ ឪពុក ជាឣ្នកសម្លាប់គោចិញ្ចឹមជីវិត បើថ្ងៃណាមួយ គាត់មិនបាន សាច់គោមក បរិភោគទេ ថ្ងៃនោះ គាត់បរិភោគឣាហារមិនបានដែរ ។ ថ្ងៃមួយ គាត់រកសាច់គោមិនបាន ទើបចាប់យកកាំបិត ដើរតម្រង់ទៅរកគោដែលឈរ នៅក្រោមផ្ទះ លុះទៅដល់ហើយ ក៏លូកដៃចូលទៅក្នុងមាត់គោនោះ ទាញយកនូវឣណ្តាតគោមកកាត់ ហើយបានយក ឣណ្តាតគោនោះទៅឣាំង ដើម្បីបរិភោគជាមួយនឹងបាយ ។ ពេលនោះ ក៏ស្រាប់តែឣណ្តាត របស់នាយគោឃាតក៍ ដាច់ចេញ អំពីក្នុងមាត់ ធ្លាក់ទៅលើចានបាយ, គាត់បានទទួលនូវបាបកម្ម ឃើញប្រាកដទាន់ភ្នែក ក្នុងបច្ចុប្បន្ន ស្រែករោទ៍ ដូចជាគោដែលគាត់បានសម្លាប់ លុះនាយគោឃាតក៍ ស្លាប់ហើយ ក៏បានទៅកើតនៅ ក្នុងឣវិចីនរក ។
ចំណែកឯបុត្រ របស់នាយគោឃាតក៍ បានឃើញយ៉ាងដូច្នេះ ហើយ ក៏ភ័យខ្លាចយ៉ាងខ្លាំង ហើយបានរត់ទៅរស់នៅ ឯនគរ តក្កសីលា បានភរិយា និង បុត្រ ក្នុងនគរនោះ ។ ក្រោយមក បុត្ររបស់គាត់បានទៅរស់នៅ ឯក្រុងសាវត្ថី ជាឣ្នកមានសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ហើយបាននាំយកបិតារបស់ខ្លួនទៅ រស់នៅជាមួយ ។ ថ្ងៃមួយ គាត់បាននិមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន មកឆាន់នៅផ្ទះរបស់ខ្លួន ហើយក្រាបទូលសុំឲ្យព្រះសាស្តា ធ្វើឣនុមោទនា ដើម្បីបិតា របស់ខ្លួន ។
ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ១. | បណ្ឌុបលាសោវទានិសិ | យមបុរិសាបិ ច តេ ឧបដ្ឋិតា |
| ឧយ្យោគមុខេ ច តិដ្ឋសិ | បាថេយ្យម្បិ ច តេ ន វិជ្ជតិ ។ |
👉ឥឡូវនេះ ខ្លួនអ្នកដូចស្លឹកឈើទុំហើយ ទាំងពួកបុរសរបស់យមរាជ គឺមរណៈសោត ក៏ប្រាកដដល់អ្នកហើយ ខ្លួនអ្នកតាំងនៅក្នុងមាត់នៃសេចក្ដីវិនាស សូម្បីស្បៀងគឺកុសលរបស់អ្នក ក៏មិនទាន់មានឡើយ ។
| ២. | សោ ករោហិ ទីបមត្តនោ | ខិប្បំ វាយម បណ្ឌិតោ ភវ |
| តនិទ្ធន្តមលោ អនង្គណោ | ទិព្វំ អរិយភូមិមេហិសិ ។ |
👉អ្នកចូរធ្វើកុសលជាទីពឹងសម្រាប់ខ្លួនទៅ ចូរព្យាយាមឲ្យឆាប់ទៅ ចូរជាអ្នកប្រាជ្ញទៅ បើអ្នកធ្វើយ៉ាងនេះហើយ នឹងទៅជាអ្នកកម្ចាត់បង់មន្ទិលបាន មិនមានទីទូល គឺកិលេស នឹងដល់នូវភូមិរបស់ព្រះអរិយៈ ដូចជាទិព្វបាន ។
| ៣. | ឧបនីតវយោវទានិសិ | សម្បយាតោសិ យមស្ស សន្ដិកំ |
| ជិវាសោ តេ នត្ថិ អន្តរា | បាថេយ្យម្បិ ច តេ ន វិជ្ជតិ ។ |
👉ឥឡូវនេះ ខ្លួនអ្នកត្រូវជរាចូលទៅដល់ហើយ ជាអ្នករៀបដំណើរ ទៅកាន់សំណាក់យមរាជ មួយទៀត ទីសំចតក្នុងចន្លោះ មិនមានដល់អ្នកទេ សូម្បីស្បៀង ក៏មិនមានដល់អ្នក ។
| ៤. | សោ ករោហិ ទីបមត្តនោ | ខិប្បំ វាយម បណ្ឌិតោ ភវ |
| និទ្ធន្តមលោ អនង្គណោ | ន បុនំ ជាតិជរំ ឧបេហិសិ ។ |
👉អ្នកចូរធ្វើទីពឹងសម្រាប់ខ្លួនទៅ ចូរព្យាយាមឲ្យឆាប់ទៅ ចូរជាអ្នកប្រាជ្ញ បើអ្នកធ្វើយ៉ាងនេះហើយ នឹងទៅជាអ្នកកម្ចាត់បង់មន្ទិលបាន មិនមានទីទួលគឺកិលេស នឹងបានត្រូវចូលទៅកាន់ជាតិ ជរា ព្យាធិមរណៈទៀតហើយ ។
