ធម្មដ្ឋវគ្គ
មាន១០រឿង – ១៧គាថា
☸️៤. រឿង ព្រះលកុណ្តកភទ្ទិយៈ
ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវព្រះលកុណ្តកភទ្ទិយៈ ។ សម័យមួយនោះ មានភិក្ខុ ៣០ រូប បានមកគាល់ព្រះសាស្តា ហើយឃើញព្រះថេរៈ និមន្តចេញទៅខាងក្រៅ ។ កាលបើភិក្ខុទាំងនោះ គង់បានស្រួលបួលហើយ, ព្រះសាស្តាទ្រង់ត្រាស់សួរថា “ម្នាលភិក្ខុទាំង ឡាយ ក្នុងពេលដែលឣ្នកទាំងឣស់គ្នា ចូលមកគាល់តថាគតនេះ តើបានឃើញព្រះថេរៈ មួយរូបដែរឬទេ?” ។ ភិក្ខុទាំងនោះក្រាបទូលថា “បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំព្រះករុណាទាំងឡាយ មិនបានឃើញព្រះថេរៈទេ ឃើញតែសាមណេរ តូចមួយឣង្គប៉ុណ្ណោះ” ។ ព្រះសាស្តា ទ្រង់ត្រាស់ថា “នេះហើយ គឺព្រះថេរៈ” ។ ភិក្ខុទាំងនោះ ក្រាបទូល សួរថា “ចុះព្រះថេរៈឣី ក៏តូចម៉្លេះ?” ។
ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ៥. | ន តេន ថេរោ សោ ហោតិ | យេនស្ស បលិតំ សិរោ |
| បរិបក្កោ វយោ តស្ស | មោឃជិណ្ណោតិ វុច្ចតិ ។ |
👉បុគ្គលមានក្បាលស្កូវហើយ ដោយហេតុណា ឈ្មោះថា ជាថេរៈ ដោយហេតុនោះមិនទាន់បានទេ វ័យរបស់បុគ្គលនោះចាស់ជ្រុលហើយ ហៅថា ចាស់ជាមោឃៈ ។
| ៦. | យម្ហិ សច្ចញ្ច ធម្មោ ច | អហឹសា សញ្ញមោ ទមោ |
| ស វេ វន្តមលោ ធីរោ | ថេរោឥតិ បវុច្ចតិ ។ |
👉លុះត្រាតែសច្ចៈផង ធម៌ផង ការមិនបៀតបៀនផង ការសង្រួមផង ការទូន្មានខ្លួនឯងផង មានក្នុងបុគ្គលណា បុគ្គលនោះឯង ជាអ្នកមានមន្ទិលខ្ជាក់ចោលហើយ ជាអ្នកមានប្រាជ្ញា ទើបហៅថា ថេរៈ ។
