ធម្មដ្ឋវគ្គ
មាន១០រឿង – ១៧គាថា
☸️៦. រឿង ហត្ថកភិក្ខុ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវហត្ថកភិក្ខុ ជាឣ្នកនិយាយមិនទៀងទាត់ ត្រឡប់ត្រឡិន ។ ថ្ងៃមួយ ភិក្ខុរូបនេះបានណាត់គ្នាជាមួយនឹងពួកតិរ្ថិយ ដើម្បីបុច្ឆាវិសជ្ជនា នូវបញ្ហាគ្នាទៅវិញទៅមក លុះដល់ថ្ងៃកំណត់ហើយ ក៏បានប្រញាប់ទៅកាន់ទីប្រជុំនោះ មុនពេលដែលបានកំណត់ ។ ពួកតិរ្ថិយ កាលបើពុំទាន់ដល់ពេលកំណត់ត្រឹមត្រូវ ក៏មិនទាន់ទៅកាន់ទីប្រជុំនោះដែរ ។ ហត្ថកភិក្ខុ បានឣួតឣាង ថា “ពួកតិរ្ថិយ មិនហ៊ានមកប្រជុំ ព្រោះខ្លាចខ្លួន” ។
ព្រះសាស្តា ទ្រង់ជ្រាបហើយ ទើបទ្រង់ត្រាស់បញ្ជាឲ្យភិក្ខុទៅនិមន្តហត្ថកភិក្ខុនោះ មកគាល់ ដើម្បីជម្រះសេចក្តីនោះ ទ្រង់ត្រាស់ទូន្មានប្រៀនប្រដៅ ហើយត្រាស់ព្រះនូវគាថានេះ ថា ៖
| ៩. | ន មុណ្ឌកេន សមណោ | អព្វតោ អលិកំ ភណំ |
| ឥច្ឆាលោភសមាបន្នោ | សមណោ កឹ ភវិស្សតិ ។ |
👉បុគ្គលមិនបានឈ្មោះថា ជាសមណៈ ដោយភាពជាអ្នកមានក្បាលត្រងោលទេ បុគ្គលអ្នកមិនមានសីលវ័ត និងធុតង្គវត្ត ពោលតែពាក្យឡេះឡោះ ប្រកបដោយសេចក្ដីប្រាថ្នានឹងលោភៈ ឈ្មោះថា ជាសមណៈដូចម្ដេចបាន ។
| ១០. | យោ ច សមេតិ បាបានិ | អណុំថូលានិ សព្វសោ |
| សមិតត្តា ហិ បាបានំ | សមណោតិ បវុច្ចតិ ។ |
👉លុះត្រាតែបុគ្គលណា រម្ងាប់បាបទាំងឡាយ ទាំងតូចទាំងធំ ដោយប្រការទាំងពួងបាន ទើបហៅថា សមណៈ ព្រោះបាបទាំងឡាយ ដែលបុគ្គលនោះរម្ងាប់បានហើយ ។
