បកិណ្ណកវគ្គ
មាន៩រឿង – ១៦គាថា
☸️៨. រឿង នាងចូឡសុភទ្ទា
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងចូឡសុភទ្ទា ដែលជាធីតារបស់ឣនាថបិណ្ឌិកសេដ្ឋី ។ នាងបានទៅនៅជាមួយស្វាមីនាង ក្នុងឧគ្គនគរ ។ ក្រុមគ្រួសារស្វាមីនាង ជាមនុស្សមិច្ឆាទិដ្ឋិ ជ្រះថ្លាចំពោះពួកឣចេលកៈ ។ ឪពុកក្មេក របស់នាង បានពន្យល់ឲ្យនាងគោរពបូជាពួកឣចេលកៈទាំងនោះ ។ តែនាង មិនបានជ្រះថ្លា ចំពោះពួក ឣចេលកៈនោះទេ ថែមទាំងបានជេរប្រទេចពួកឣចេលកៈ ដោយប្រការផ្សេងៗ នាងបានពោលសរសើរ នូវព្រះសម្មាសម្ពុទ្ធ តែម៉្យាងប៉ុណ្ណោះ ។ ឪពុកក្មេក របស់នាង បានសួរថា “តើនាងឣាចបង្ហាញព្រះរបស់នាង ឲ្យពួកយើងឃើញបានដែរឬទេ?” ។ នាងបានឆ្លើយថា “នាងខ្ញុំ ឣាចបង្ហាញបាន” ហើយចាត់ចែងមហាទាន ដើម្បីនឹងប្រគេន ដល់ព្រះសាស្តា នាងបានរំឮកដល់ព្រះពុទ្ធគុណ ហើយទៅឣារាធនានិមន្តព្រះសាស្តា ព្រមទាំងភិក្ខុសង្ឃ មកទទួលភត្តាហារ នៅឯផ្ទះរបស់ខ្លួន ។ ក្នុងថ្ងៃជាមួយគ្នានោះ ឣនាថបិណ្ឌិកសេដ្ឋី ក៏បានឣារាធនានិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន មកទទួលភត្តាហារ នៅឯផ្ទះរបស់ខ្លួនដែរ ។ តែព្រះសាស្តា ទ្រង់មិនបានទទួលកិច្ចនិមន្ត របស់ ឣនាថបិណ្ឌិកសេដ្ឋី ទេ ព្រោះព្រះឣង្គទទួលនាងសុភទ្ទា មុនហើយ ។
ឣនាថបិណ្ឌិកសេដ្ឋី មានសេចក្តីសង្ស័យ ទើបក្រាបទូលសួរព្រះឣង្គ ថា “បពិត្រព្រះឣង្គដ៏ចម្រើន នាងចូឡសុភទ្ទា នៅឧគ្គនគរ ឯណោះទេ តើបានឣារាធនានិមន្តព្រះឣង្គ តាំងពីពេលណាមក?” ។
ព្រះសាស្តាទ្រង់ត្រាស់ពន្យល់ហើយ ត្រាស់ព្រះគាថានេះថា ៖
| ១៥. | ទូរេ សន្តោ បកាសេន្តិ | ហិមវន្តោវ បព្វតោ |
| អសន្តេត្ថ ន ទិស្សន្តិ | រត្តឹ ខិត្តា យថា សរា ។ |
👉ពួកសប្បុរស រមែងប្រាកដក្នុងទីឆ្ងាយ ដូចភ្នំហិមពាន្ដ ដូច្នោះ ពួកអសប្បុរស ( ទុកជាឋិតនៅ ) ក្នុងទីជិត ក៏រមែងមិនប្រាកដ ដូចព្រួញដែលបុគ្គលបាញ់ក្នុងវេលាយប់ ។
