និរយវគ្គ
មាន៩រឿង – ១៤គាថា
☸️៦. រឿង ស្រីឣ្នកច្រណែន
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវស្រីច្រណែនម្នាក់ ។ ស្វាមីរបស់នាង បានយកនាងទាសីស្រីបម្រើ ក្នុងផ្ទះរបស់ខ្លួន មកធ្វើជាប្រពន្ធចុង ។ ថ្ងៃមួយ ស្វាមីនាងបានចេញទៅខាងក្រៅ ។ នាងប្រពន្ធដើម បានចាប់ប្រពន្ធចុងនោះចង ហើយយកកាំបិត មកកាត់ត្រចៀកច្រមុះ ស្រេចហើយ ទើបយកទៅលាក់ទុក នៅក្នុងបន្ទប់ ដើម្បីកុំឲ្យស្វាមីនាងដឹង ។ លុះដល់ស្វាមី ត្រឡប់មកវិញ នាងប្រពន្ធដើមនោះ ធ្វើជាបបួលស្វាមីទៅស្តាប់ធម៌ នៅឯវត្តជេតពន នាទីក្រុងសាវត្ថី ។ ថ្ងៃនោះឯង ពួកញាតិ របស់នាងទាសី (ប្រពន្ធចុង) បានចូលមករកនាង ក៏ស្រាប់តែឃើញនាងជាប់ចំណង ហើយបានស្រាយចំណងចេញ ។ នាងទាសីនោះ បានរួចពីចំណងហើយ ក៏ធ្វើដំណើរទៅកាន់វត្តជេតពន ដើម្បីស្តាប់ធម៌ទេសនា លុះទៅដល់ហើយ នាងបានចូលទៅ ក្រាបថ្វាយបង្គំទូលរឿងនោះ ដល់ព្រះសាស្តា ។
ព្រះសាស្តាទ្រង់ជ្រាបហើយ ទ្រង់ត្រាស់នូវព្រះគាថានេះថា ៖
| ៩. | អកតំ ទុក្កដំ សេយ្យោ | បច្ឆា តប្បតិ ទុក្កដំ |
| កតញ្ច សុកតំ សេយ្យោ | យំ កត្វា នានុតប្បតិ ។ |
👉អំពើអាក្រក់ ដែលបុគ្គលមិនធ្វើ ប្រសើរជាង ព្រោះថា អំពើអាក្រក់ រមែងធ្វើឲ្យក្ដៅក្រហាយ ក្នុងកាលជាខាងក្រោយ បុគ្គលធ្វើអំពើណាហើយ រមែងមិនក្ដៅក្រហាយក្នុងកាលជាខាងក្រោយ អំពើនោះ ជាអំពើល្អ បើបុគ្គលធ្វើហើយ ឈ្មោះថា បុគ្គលប្រសើរ ។
