នាគវគ្គ
មាន៨រឿង – ១៤គាថា
☸️៦. រឿង ដំរីបាវេរកៈ
ព្រះបរមសាស្តាចារ្យ ទ្រង់ប្រារឰដំរីបាវេរកៈ ជាដំរី របស់ ព្រះបាទបសេនទិកោសល ។ កាលនៅវ័យក្មេង ដំរីនោះ មានកម្លាំងខ្លាំងណាស់ ធ្លាប់ចូលកាន់សមរភូមិ ជាច្រើនលើកមកហើយ លុះដល់ចាស់ទៅ ក៏មានកម្លាំងខ្សោយចុះទៅជាលំដាប់ តាមឣាយុកាលផងដែរ, សម័យថ្ងៃមួយ ដំរីនោះ បានដើរទៅរកស៊ីស្មៅ នៅក្បែរមាត់បឹង ហើយបានធ្លាក់ចុះទៅ ក្នុងភក់ដ៏ជ្រៅ ឡើងមកវិញមិនរួច ។
ព្រះរាជា ទ្រង់ត្រាស់បញ្ជា ឲ្យនាយហត្ថាចារ្យ ជួយយកដំរីនោះឡើងមកវិញ ។ នាយហត្ថាចារ្យបានរៀបចំធ្វើពិធី ដូចជាកងទ័ព វាយស្គរ ឮសូរ យ៉ាងទ្រហឹងអឺងកង ។ ដំរីបាវេរកៈ បានឮសំឡេងស្គរនោះហើយ ក៏កើតសេចក្តីក្លាហាន ខំប្រឹងប្រែង រើខ្លួន ឲ្យរួចផុត ឣំពីភក់ ស្ទុះឡើងមក លើគោកវិញ យ៉ាងឆាប់រហ័ស ។
ភិក្ខុទាំងឡាយ បានឃើញយ៉ាងនេះហើយ ទើបយករឿងនេះទៅ ក្រាបទូលដល់ព្រះសាស្តា ។ ព្រះឣង្គ ទ្រង់ត្រាស់ទេសនាឣប់រំ ឲ្យភិក្ខុទាំងនោះ យកធ្វើជាគំរូ ហើយត្រាស់នូវព្រះគាថានេះ ថា ៖
| ៨. | អប្បមាទរតា ហោថ | សចិត្តមនុរក្ខថ |
| ទុគ្គា ឧទ្ធរថត្តានំ | បង្កេ សន្នោវ កុញ្ជរោ ។ |
👉អ្នកទាំងឡាយ ចូរត្រេកអរ ក្នុងសេចក្ដីមិនប្រមាទ ចូររក្សាចិត្តរបស់ខ្លួន ចូររើខ្លួនចេញចាកភក់ គឺកិលេស ដែលឆ្លងបាន ដោយកម្រ ដូចដំរីដែលជាប់នៅក្នុងភក់ រើខ្លួនឲ្យរួចបាន ។
