នាគវគ្គ
មាន៨រឿង – ១៤គាថា
☸️៧. រឿង សម្ពហុលភិក្ខុ
ព្រះបរមសាស្តា ទ្រង់ប្រារឰភិក្ខុ ជាច្រើនរូប មានព្រះឣានន្ទ ជាប្រធាន ដែលបាននាំគ្នា ទៅគាល់ព្រះឣង្គ ក្នុងគ្រាដែលព្រះឣង្គ ស្តេចយាងគេចចេញពីការវិវាទឈ្លោះប្រកែកគ្នា នៃពួកភិក្ខុកោសម្ពី ហើយស្តេចយាងទៅគង់ចាំព្រះវស្សា នៅក្នុងព្រៃរក្ខិតវ័ន ។
ព្រះឣានន្ទត្ថេរ បានទៅកាន់ព្រៃរក្ខិតវ័ន ហើយបានឲ្យភិក្ខុទាំង ឡាយ សម្រាករង់ចាំ នៅឯខាងក្រៅសិន ខ្លួនលោក តែមួយឣង្គឯងគត់ ក៏បានចូលទៅគាល់ព្រះសាស្តា ។
គ្រានោះ ដំរីបាលិលេយ្យកៈ បានឃើញព្រះឣានន្ទហើយ ក៏ចាប់កំណាត់ឈើ បោលយ៉ាងលឿន តម្រង់ឆ្ពោះទៅរកព្រះឣានន្ទ ។
ព្រះសាស្តាទ្រង់ត្រាស់ហាមថា “កុំឡើយ បាលិលេយ្យកៈ” ។
ដំរីនោះ បានឈប់ដេញ ហើយឈរនៅស្ងៀម ចាំមើល… ឃើញព្រះថេរៈ ចូលទៅគាល់ព្រះសាស្តាហើយ មិនយកគ្រឿងបរិក្ខាររបស់ខ្លួន ដាក់លើទីប្រថាប់ របស់ព្រះសាស្តា ក៏មានចិត្តជ្រះថ្លាក្នុងគារវៈ របស់ព្រះឣានន្ទ ។
ព្រះឣានន្ទ បានក្រាបទូលព្រះពុទ្ធឣង្គ ថា បពិត្រព្រះឣង្គ ដ៏ ចម្រើន ខ្ញុំព្រះករុណា បាននាំភិក្ខុទាំងឡាយមកដែរ តែបានឲ្យនៅរង់ចាំខាងក្រៅឯណោះ ។
ព្រះបរមសាស្តាចារ្យ ទ្រង់បានត្រាស់បើកឱកាស ឲ្យភិក្ខុទាំង នោះ ចូលមកគាល់ហើយ ត្រាស់នូវព្រះគាថានេះ ថា ៖
| ៩. | សចេ លភេថ និបកំ សហាយំ | សទ្ធឹចរំ សាធុវិហារិធីរំ |
| អភិភុយ្យ សព្វានិ បរិស្សយានិ | ចរេយ្យ តេនត្តមនោ សតីមា ។ |
👉បើបុគ្គលបានសម្លាញ់ ដែលមានប្រាជ្ញាជាគ្រឿងរក្សាខ្លួន មានប្រាជ្ញាចងចាំ មានគុណធម៌ជាគ្រឿងនៅ ញ៉ាំងប្រយោជន៍ឲ្យសម្រេច ជាអ្នកត្រាច់ទៅជាមួយ គួរជាអ្នកមានចិត្តត្រេកអរ មានស្មារតីគ្របសង្កត់សេចក្ដីអន្ដរាយទាំងពួងហើយ ត្រាច់ទៅជាមួយនឹងសម្លាញ់នោះឯង ។
| ១០. | នោ ចេ លភេថ និបកំ សហាយំ | សទ្ធឹចរំ សាធុវិហារិធីរំ |
| រាជាវ រដ្ឋំ វិជិតំ បហាយ | ឯកោ ចរេ មាតង្គរញ្ញេវ នាគោ ។ |
👉បើស្វែងរកមិនបានសម្លាញ់ ដែលមានប្រាជ្ញាជាគ្រឿងរក្សាខ្លួន មានប្រាជ្ញាចងចាំ មានគុណធម៌ជាគ្រឿងនៅ ញ៉ាំងប្រយោជន៍ឲ្យសម្រេច ជាអ្នកត្រាច់ទៅជាមួយទេ គួរត្រាច់ទៅតែឯកឯងវិញ ដូចព្រះរាជា លះបង់រដ្ឋដែលទ្រង់ឈ្នះហើយ ស្ដេចទៅតែឯកអង្គ ពុំនោះសោត ដូចដំរីឈ្មោះមាតង្គៈ ដែលលះហ្វូង ត្រាច់ទៅជាឯកឯង ក្នុងព្រៃដូច្នោះដែរ ។
| ១១. | ឯកស្ស ចរិតំ សេយ្យោ | នត្ថិ ពាលេ សហាយតា |
| ឯកោ ចរេ ន ច បាបានិ កយិរា | អប្បោស្សុក្កោ មាតង្គរញ្ញេវ នាគោ ។ |
👉ការត្រាច់ទៅរបស់បុគ្គលឯកឯង ជាគុណជាតប្រសើរបំផុត ព្រោះថាសហាយតាគុណ រមែងមិនមាន ក្នុងជនពាលឡើយ បុគ្គលនោះ គប្បីជាអ្នកមិនសេចក្ដីខ្វល់ខ្វាយ ត្រាច់ទៅតែម្នាក់ឯងផង មិនគប្បីធ្វើអំពើបាបទាំងឡាយផង ដូចដំរីឈ្មោះមាតង្គៈ ជាសត្វមិនមានសេចក្ដីខ្វល់ខ្វាយ លះបង់ហ្វូង ត្រាច់ទៅតែឯងក្នុងព្រៃ ដូច្នោះដែរ ។
