៧. ចូឡធនុគ្គហបណ្ឌិត

តណ្ហាវគ្គ

មាន១២រឿង – ២៦គាថា

☸️៧. រឿង ចូឡធនុគ្គហបណ្ឌិត

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវភិក្ខុកំលោះមួយរូប ដែលប្រាថ្នាចង់លាចាកសិក្ខាបទ មានរាងកាយស្គាំងស្គម ព្រោះតែសេចក្តីស្រឡាញ់ ។ ភិក្ខុទាំងឡាយ បានដឹងរឿងនោះហើយ ក៏បាននាំយកភិក្ខុរូបនោះ ទៅគាល់ព្រះសាស្តា ។ ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់នាំឣតីតនិទាន មកសម្តែង ថា “ម្នាលភិក្ខុទាំងឡាយ ក្នុងបុព្វជាតិ ភិក្ខុរូបនេះ បានកើតជាចូឡធនុគ្គហបណ្ឌិត បានទៅសិក្សាសិល្បសាស្ត្រ ក្នុងសំណាក់ឣាចារ្យទិសាបាមោក្ខ ក្នុងក្រុងតក្កសីលា លុះសិក្សាចប់ហើយ ក៏សុំលាលោកគ្រូ ត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ។ ឣាចារ្យទិសាបាមោក្ខ មានចិត្តត្រេកឣរខ្លាំងណាស់ ហើយបានលើកកូនក្រមុំ ឲ្យចូឡធនុគ្គហបណ្ឌិត ធ្វើជាភរិយា ។ លុះរៀបមង្គលការរួចស្រេចហើយ, នាយចូឡធនុគ្គហបណ្ឌិត បាននាំភរិយា ជាទីស្រឡាញ់ ធ្វើដំណើរទៅក្រុងពារាណសី លុះដល់ពាក់កណ្តាលផ្លូវ ក៏ស្រាប់តែចួបប្រទះនឹងពួកចោរ ៥០ នាក់ នៅក្បែរមាត់ព្រៃ បានបាញ់សម្លាប់ចោរ ឣស់ ៤៩ នាក់ ដោយកូនសរ ៤៩ ហើយបានទាញធ្នូ បាញ់ចោរម្នាក់ទៀត តែបាញ់ខុស ធ្វើឲ្យឣស់កូនសរល្មម ហើយបានស្ទុះទៅ ចាប់ចោរនោះផ្តួលចុះ ស្រែកហៅភរិយា ឲ្យយកដាវមក ដើម្បីសម្លាប់ចោរនោះ ។ ចំណែកភរិយា បានក្បត់ចិត្តស្វាមី មានចិត្តស្រឡាញ់ចោរ ទើបបានហុចដាវទៅឲ្យចោរភ្លាម ។ ចោរ បានដាវហើយ ក៏សម្លាប់នូវនាយ ចូឡធនុគ្គហបណ្ឌិតស្លាប់ មួយរំពេចនោះឯង ស្រេចហើយ ក៏បាននាំនាងទៅមាត់ទឹក បានដោះនូវគ្រឿងឣលង្ការ សំលៀកបំពាក់ ដែលមានតម្លៃ របស់នាង ឣស់រលីងគ្មានសល់ ទុកឲ្យនាងនៅឯកាឣនាថា តែម្នាក់ឯង ឥតទីពឹង ក្នុងព្រៃស្ងាត់ ហើយឆ្លងស្ទឹងទៅត្រើយម្ខាង ។ នាងនោះ បានមកកើតជាស្រី ដែលភិក្ខុកំលោះនេះស្រឡាញ់ ក្នុងពេលឥឡូវនេះឯង” ក្នុងទីបញ្ចប់នៃឣតីតនិទាន ទ្រង់ត្រាស់ទូន្មាន ឲ្យភិក្ខុរូបនោះ កាត់ផ្តាច់នូវរាគតណ្ហា ដែលកើតឡើង ព្រោះស្រីនោះ ហើយ ត្រាស់នូវព្រះគាថានេះ ថា ៖

១៦.វិតក្កមថិតស្ស ជន្តុនោតិព្វរាគស្ស សុភានុបស្សិនោ
ភិយ្យោ តណ្ហា បវឌ្ឍតិឯស ខោ ទឡ្ហំ ករោតិ ពន្ធនំ ។

👉តណ្ហារមែងចម្រើនក្រៃលែង ដល់ជនដែលវិតក្កញាំញី​ មានតម្រេកក្លៀវក្លា យល់ឃើញ​អារម្មណ៍​ថា​ល្អ​ បុគ្គល​នោះ​ឯង​ឈ្មោះថា​ ធ្វើចំណងឲ្យមាំមួន ។

១៧.វិតក្កូបសមេ ច យោ រតោអសុភំ ភាវយតី សទា សតោ
ឯស ខោ ព្យន្ដិកាហិតិឯសច្ឆេច្ឆតិ មារពន្ធនំ ។

👉លុះតែបុគ្គលណា ត្រេកអរក្នុងអសុភជ្ឈាន​ ដែលជាហេតុឲ្យស្ងប់រម្ងាប់នូវវិតក្ក​ មាន​ស្មារតី​សព្វ​កាល​ តែង​ចម្រើន​អសុភ​ជ្ឈាន បុគ្គលនោះឯង នឹងធ្វើតណ្ហាឲ្យអស់ទៅបាន​ បុគ្គលនោះឯង ទើបឈ្មោះថា កាត់ចំណងមារបាន ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

📜 ២៤-តណ្ហាវគ្គរឿង

📜១. ត្រីឈ្មោះកបិលៈ
📜២. សុករបោតិកៈ
📜៣. វិព្ភន្តកភិក្ខុ
📜៤. ពន្ធនាគារ
📜៥. ព្រះនាងខេមា
📜៦. ឧគ្គសេនសេដ្ឋីបុត្រ
📜៧. ចូឡធនុគ្គហបណ្ឌិត
📜៨. មារ
📜៩. ឧបកាជីវក
📜១០. សក្កទេវរាជ
📜១១. ឣបុត្តកសេដ្ឋី
📜១២. ឣង្កុរទេវបុត្រ