ភិក្ខុវគ្គ
មាន១២រឿង – ២៣គាថា
☸️៧. រឿង សម្ពហុលភិក្ខុ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុជាច្រើនរូប ។ ពេលដែលមិនទាន់បានបួស, ភិក្ខុទាំងនោះ ជាចោរ បានទៅលួចប្លន់ផ្ទះ របស់ឧបាសិកាម្នាក់ ។ មេចោរ បានលបទៅធ្វើការប្រទូសរ៉ាយឧបាសិកាម្នាក់ ដែលកំពុងតែឣង្គុយស្តាប់ធម៌ទេសនា ក្នុងព្រះវិហារ ។ ក្នុងពេលជាមួយគ្នានោះដែរ ស្រាប់តែមានមនុស្ស ទៅប្រាប់ឧបាសិកានោះ ថា “ឥឡូវនេះ ពួកចោរ បានប្លន់ផ្ទះហើយ បានយកនូវទ្រព្យសម្បត្តិ នេះខ្លះ នោះខ្លះ” ។
ឧបាសិកា បាននិយាយប្រាប់ថា “បើពួកចោរចង់បានរបស់អ្វី សូមឲ្យពួកគេយករបស់ទាំងនោះ តាមសេចក្តីប្រាថ្នាចុះ ខ្ញុំ នឹងស្តាប់ព្រះធម៌ទេសនាសិន” ដូច្នេះហើយ ក៏បាននិយាយទៅកាន់ឣ្នកដែលមកប្រាប់នោះ ឣស់វារៈ ៣ ដង ។
មេចោរ បានឮឧបាសិកាពោលដូច្នោះហើយ ក៏មានចិត្តជ្រះថ្លា ហើយបានប្រញាប់ប្រញាល់ ទៅប្រាប់ដល់កូនចោរ របស់ខ្លួន ឲ្យនាំយកទ្រព្យសម្បត្តិ ដែលបានប្លន់មកនោះ ទៅទុកក្នុងផ្ទះឧបាសិកានោះ ឲ្យដូចដើមវិញ បាននាំគ្នាសុំទោសចំពោះឧបាសិកានោះ ស្រេចហើយ ក៏ចេញទៅបួសជាភិក្ខុ ក្នុងព្រះពុទ្ធសាសនាទាំងឣស់គ្នា លុះបួសហើយ ក៏បានទៅបំពេញសមណធម៌ លើកំពូលភ្នំដ៏ស្ងាត់មួយ ។
ព្រះសាស្តា ទ្រង់បានបញ្ចេញនូវព្រះរស្មី ទៅរកភិក្ខុទាំងនោះ បីដូចជាទ្រង់គង់ ក្នុងទីចំពោះមុខ នៃភិក្ខុទាំងនោះ ហើយទ្រង់ត្រាស់នូវព្រះគាថានេះថា៖
| ៩. | មេត្តាវិហារី យោ ភិក្ខុ | បសន្នោ ពុទ្ធសាសនេ |
| អធិគច្ឆេ បទំ សន្តំ | សង្ខារូបសមំ សុខំ ។ |
👉ភិក្ខុណា នៅដោយអំណាចមេត្តា ជ្រះថា្លក្នុងព្រះពុទ្ធសាសនា ភិក្ខុនោះ រមែងបានបទដ៍ស្ងប់ ជាទីរម្ងាប់នូវសង្ខារ នាំមកនូវសេចក្ដីសុខ ។
| ១០. | សិញ្ច ភិក្ខុ ឥមំ នាវំ | សិត្តា តេ លហុមេស្សតិ |
| ឆេត្វា រាគញ្ច ទោសញ្ច | តតោ និព្វានមេហិសិ ។ |
👉ម្នាលភិក្ខុ ចូរអ្នកស្ដារទូកគឺអត្តភាពនេះ ទូកដែលអ្នកស្ដារហើយ នឹងដល់ត្រើយឆាប់ អ្នកកាត់រាគៈ និងទោសៈបានហើយ អំពីនោះនឹងអាចដល់នូវព្រះនិព្វាន ។
| ១១. | បញ្ច ឆិន្ទេ បញ្ច ជហេ | បញ្ច ចុត្តរិ ភាវយេ |
| បញ្ចសង្គាតិគោ ភិក្ខុ | មុឱឃតិណ្ណោតិ វុច្ចតិ ។ |
👉ភិក្ខុគប្បីកាត់ឱរម្ភាគិយសំយោជនៈ ៥ ផង គប្បីលះបង់ឧទ្ធម្ភាគិយសំយោជនៈ ៥ ផង គប្បីចម្រើនឥន្ទ្រិយ ៥ តទៅ ភិក្ខុអ្នកកន្លងកិលេសជាគ្រឿងជំពាក់ ៥ ( រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ ) បានហើយ ទើបតថាគតហៅថា អ្នកឆ្លងអន្លង់បាន ។
| ១២. | ឈាយ ភិក្ខុ មា ច បមាទោ | មា តេ កាមគុណេ ភមស្សុ ចិត្តំ |
| មា លោហគុឡំ គិលី បមត្តោ | មា កន្ទិ ទុក្ខមិទន្តិ ឌយ្ហមានោ ។ |
👉ម្នាលភិក្ខុ ចូរអ្នកពិនិត្យផង ចូរជាអ្នកកុំប្រមាទផង ចិត្តរបស់អ្នកចូរកុំវិលទៅរកកាមគុណឡើយ អ្នកចូរកុំប្រមាទ ទំពាស៊ីនូវដុំលោហៈ កុំឲ្យជាអ្នកកាលភ្លើងឆេះហើយ កន្ទក់កន្ទេញថា នេះទុក្ខ ដូច្នេះឡើយ ។
| ១៣. | នត្ថិ ឈានំ អបញ្ញស្ស | នត្ថិ បញ្ញា អឈាយិនោ |
| យម្ហិ ឈានញ្ច បញ្ញា ច | ស វេ និព្វានសន្តិកេ ។ |
👉ការពិនិត្យមិនមាន ដល់បុគ្គលអ្នកមិនមានប្រាជ្ញា ជ្រាជ្ញាមិនមានដល់បុគ្គលអ្នកមិនពិនិត្យ ការពិនិត្យ និងប្រាជ្ញាមានក្នុងបុគ្គលណា បុគ្គលនោះឯង ឈ្មោះថា ឋិតនៅក្នុងទីជិតនៃព្រះនិព្វាន ។
| ១៤. | សុញ្ញាគារំ បវិដ្ឋស្ស | សន្តចិត្តស្ស ភិក្ខុនោ |
| អមានុសី រតិ ហោតិ | សម្មា ធម្មំ វិបស្សតោ ។ |
👉សេចក្ដីត្រេកអរ ដែលមិនមែនជារបស់មនុស្ស រមែងមានដល់ភិក្ខុអ្នកចូលទៅកាន់ផ្ទះស្ងាត់ អ្នកមានចិត្តរម្ងាប់ អ្នកឃើញធម៌ ដោយប្រពៃ ។
| ១៥. | យតោ យតោ សម្មសតិ | ខន្ធានំ ឧទយព្វយំ |
| លភតិ បីតិបាមោជ្ជំ | អមតំ តំ វិជានតំ ។ |
👉ភិក្ខុពិចារណាការកើតឡើង និងការវិនាសខន្ធទាំងឡាយ ក្នុងកាលណា ក្នុងកាលនោះ ភិក្ខុនោះ រមែងបានបីតិ និងបាមោជ្ជៈ បីតិនិងបាមោជ្ជៈនោះ ឈ្មោះថា ជាអមតធម៌របស់បណ្ឌិត អ្នកដឹងធម៌ទាំងឡាយ ។
| ១៦. | តត្រាយមាទិ ភវតិ | ឥធ បញ្ញស្ស ភិក្ខុនោ |
| ឥន្ទ្រិយគុត្តិ សន្តុដ្ឋិ | បាតិមោក្ខេ ច សំវរោ ។ |
👉គុណ ៣ ប្រការនេះ គឺការរក្សាឥន្ទ្រិយ ១ សេចក្ដីសន្ដោស ១ ការសង្រួមក្នុងបាតិមោក្ខ ១ ជាខាងដើមនៃព្រះនិព្វាននោះ តែងមានដល់ភិក្ខុអ្នកមានបញ្ញា ក្នុងសាសនានេះ ។
| ១៧. | មិត្តេ ភជស្សុ កល្យាណេ | សុទ្ធាជីវេ អតន្ទិតេ |
| បដិសន្ថារវុត្យស្ស | អាចារកុសលោ សិយា | |
| តតោ បាមោជ្ជពហុលោ | ទុក្ខស្សន្តំ ករិស្សសិ ។ |
👉( ម្នាលភិក្ខុ ) អ្នកចូរគប់រកកល្យាណមិត្ត អ្នកមានព្យាយាមជាគ្រឿងរស់ដោយបរិសុទ្ធ ជាអ្នកមិនខ្ជិលច្រអូស ភិក្ខុគប្បីជាអ្នកប្រព្រឹត្តធ្វើបដិសន្ថារៈ គប្បីជាអ្នកឈ្លាសក្នុងអាចារៈ ព្រោះហេតុទាំងពីរនោះ អ្នកនឹងមានបាមោជ្ជៈច្រើន នឹងធ្វើទីបំផុតទុក្ខបាន ។
