ភិក្ខុវគ្គ
មាន១២រឿង – ២៣គាថា
☸️៨. រឿង ភិក្ខុ ៥០០ រូប
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុ ៥០០ រូប ដែលរៀននូវកម្មដ្ឋាន ក្នុងសំណាក់ព្រះឣង្គហើយ ទៅបំពេញសមណធម៌ ក្នុងព្រៃស្ងាត់មួយ ។ សម័យថ្ងៃមួយ ភិក្ខុទាំងនោះ បានឃើញផ្កាម្លិះដែលរីកស្គុសស្គាយ ក្នុងពេលព្រឹក លុះដល់ពេលល្ងាច ផ្កាម្លិះទាំងនោះ ក៏បានជ្រុះធ្លាក់ ចេញឣំពីទង ទើបពិចារណា យកមកធ្វើឣារម្មណ៍ ថា “ផ្កាម្លិះនេះ បានជ្រុះធ្លាក់ ចេញពីទង យ៉ាងណាមិញ, ឣាត្មាឣញ គួរធ្វើកិលេសឲ្យធ្លាក់ជ្រុះចេញ ពីសន្តានចិត្តឲ្យបាន ក៏យ៉ាងនោះដែរ” ។
ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់បញ្ចេញព្រះរស្មីទៅ ដូចជាទ្រង់គង់នៅ ក្នុងទីចំពោះមុខ នៃភិក្ខុទាំងនោះ ហើយត្រាស់ព្រះគាថានេះ ថា ៖
| ១៨. | វស្សិកា វិយ បុប្ផានិ | មទ្ទវានិ បមុញ្ចតិ |
| ឯវំ រាគញ្ច ទោសញ្ច | វិប្បមុញ្ចេថ ភិក្ខវោ ។ |
👉ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីជម្រុះរាគៈ និងទោសៈចេញ ដូចម្លិះជម្រុះផ្កាម្លិះទាំងឡាយ ដែលស្វិតហើយ ដូច្នោះ ។
