ព្រាហ្មណវគ្គ
មាន៣៩រឿង – ៤២គាថា
☸️២. រឿង សម្ពហុលភិក្ខុ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុជាច្រើនរូប ដែលមានគ្នា ៣០ នាក់ ជាឣ្នកចូលចិត្តនៅក្នុងទិសនោះៗ ។ ថ្ងៃមួយ ភិក្ខុទាំងនោះ បាននាំគ្នា ទៅគាល់ព្រះសាស្តា ក្នុងវត្តជេតពនមហាវិហារ ។
ព្រះសារីបុត្រ ឃើញឧបនិស្ស័យនៃព្រះឣរហន្តរបស់ភិក្ខុទាំង នោះ ក៏ចូលទៅគាល់ព្រះសាស្តាហើយ ក្រាបទូលសួរព្រះឣង្គ ថា “បពិត្រព្រះឣង្គដ៏ចម្រើន ដែលហៅថា ធម៌ ២ យ៉ាងនោះ តើអ្វីខ្លះ?” ។
ព្រះសាស្តា ទ្រង់ត្រាស់ឆ្លើយ ថា “ម្នាលសារីបុត្រ ធម៌ ២ យ៉ាងនោះ គឺ សមថៈ ១ វិបស្សនា ១” ហើយ ទ្រង់ត្រាស់នូវព្រះ គាថានេះ ថា ៖
| ២. | យទា ទ្វយេសុ ធម្មេសុ | បារគូ ហោតិ ព្រាហ្មណោ |
| អថស្ស សព្វេ សំយោគា | អត្ថំ គច្ឆន្តិ ជានតោ ។ |
👉កាលណា ព្រាហ្មណ៍អ្នកដល់ត្រើយ ក្នុងធម៌ពីរប្រការ គឺសមថធម៌ និងវិបស្សនាធម៌ ក្នុងកាលណោះ កិលេសគ្រឿងប្រកបសត្វទុកទាំងអស់ របស់ព្រាហ្មណ៍អ្នកដឹងនោះ រមែងដល់នូវការតាំងនៅមិនបាន ។
