ព្រាហ្មណវគ្គ
មាន៣៩រឿង – ៤២គាថា
☸️៣. រឿង មារ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវមារាធិរាជ ដែលមកក្រឡាខ្លួន ធ្វើជាបុរសម្នាក់ ចូលមកគាល់ហើយ ក្រាបទូលសួរ ថា “បពិត្រព្រះឣង្គ ដ៏ចម្រើន ដែលហៅថា បារៈ ត្រើយនោះ គឺជាអ្វីដែរ?” ។
ព្រះសាស្តា ទ្រង់បានជ្រាបថា “បុរសនេះ គឺពិតជាមារាធិរាជ” ហើយ ទ្រង់ត្រាស់ថា “នែមារាធិរាជ តើឣ្នកចង់បានត្រើយនោះទៅធ្វើអ្វី? បារៈ គឺត្រើយនោះ មានតែបុគ្គលដែលប្រាសចាករាគៈ ទោសៈ និង មោហៈ ទេ ដែលគប្បីបាន នេះមិនមែនជាវិស័យ របស់ឣ្នកឡើយ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ៣. | យស្ស បារំ អបារំ វា | បារាបារំ ន វិជ្ជតិ |
| វីតទ្ទរំ វិសំយុត្តំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉ត្រើយក្ដី ទីមិនមែនត្រើយក្ដី ត្រើយនិងទីមិនមែនត្រើយក្ដី មិនមានដល់បុគ្គលណា តថាគតហៅបុគ្គលនោះ ដែលជាអ្នកមានសេចក្ដីក្រវល់ក្រវាយអស់ហើយ ជាអ្នកប្រាសចាកកិលេសថា ជាព្រាហ្មណ៍ ។
