ព្រាហ្មណវគ្គ
មាន៣៩រឿង – ៤២គាថា
☸️១៤. រឿង ឧគ្គសេន
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសេដ្ឋីបុត្រ ឈ្មោះឧគ្គសេន ។ សេដ្ឋីបុត្រនេះ បានស្តាប់នូវព្រះធម៌ទេសនា ក្នុងពេលដែលខ្លួនកំពុង តែឈរនៅ លើឈើ បានសម្រេចឣរហត្តផល ព្រមទាំងបដិសម្ភិទាទាំងឡាយ ហើយចុះមក ក្រាបថ្វាយបង្គំព្រះសាស្តា ទូលសុំបព្វជ្ជាឧបសម្ប័ទ ។ ព្រះសុគត ទ្រង់បានប្រទានឯហិភិក្ខុឧបសម្បទា ដល់ឧគ្គសេន ក្នុងថ្ងៃនោះ ។
ក្នុងគ្រានោះ ភិក្ខុទាំងឡាយ បាននាំគ្នាសួរព្រះឧគ្គសេន ថា “ពេលដែលលោកម្ចាស់ បានចុះពីលើឈើល្បែង តើមានភ័យខ្លាចដែរឬទេ?” ។ ព្រះថេរៈ បានឆ្លើយតបថា “ខ្ញុំ លែងមានការភ័យខ្លាចហើយ” ។ ភិក្ខុទាំងនោះ បានចោទព្រះថេរៈ ថា “ពោលឣួតនូវព្រះ ឣរហត្តផល” ហើយនាំយករឿងនោះ ក្រាបទូលដល់ព្រះសាស្តា ។
ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់ពន្យល់ ដល់ភិក្ខុទាំងនោះ ថា “ព្រះថេរៈ ពោលត្រឹមត្រូវហើយ” ហើយត្រាស់នូវព្រះគាថានេះ ថា ៖
| ១៥. | សព្វសំយោជនំ ឆេត្វា | យោ វេ ន បរិតស្សតិ |
| សង្គាតិគំ វិសំយុត្តំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉បុគ្គលណា កាត់សញ្ញោជនៈទាំងអស់បាន មិនតក់ស្លុត តថាគតហៅបុគ្គលនោះ ដែលគ្មានកិលេសជាគ្រឿងចំពាក់ អ្នករួចស្រឡះចាកកិលេសថា ជាព្រាហ្មណ៍ ។
