ព្រាហ្មណវគ្គ
មាន៣៩រឿង – ៤២គាថា
☸️១៧. រឿង ព្រះសារីបុត្រ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះសារីបុត្រ ។ សម័យថ្ងៃមួយ ព្រះថេរៈ បាននិមន្តទៅបិណ្ឌបាត ជាមួយនឹងភិក្ខុ ៥០០ រូប ហើយបានទៅដល់មុខផ្ទះញោមស្រីរបស់លោក នៅនាលកគ្រាម ។
ញោមស្រី របស់ព្រះថេរៈ ជាឣ្នកមិច្ឆាទិដ្ឋិ មិនជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា លុះបានឃើញព្រះសារីបុត្រដែលជាកូនប្រុស នាំភិក្ខុសង្ឃជាច្រើនមកដូច្នេះហើយ ក៏ត្រូវតែធ្វើបដិសន្ថារកិច្ចទទួល ប៉ុន្តែបានជេរប្រទេចជាច្រើន ព្រោះក្រោធខឹងនឹងព្រះសារីបុត្រ ដែលបានលះបង់ទ្រព្យសម្បត្តិ រត់ចេញទៅបួស ។
ព្រះសារីបុត្រ មិនបានក្រោធខឹង នឹងញោមស្រីឡើយ ។ ពេលព្រះថេរៈ ត្រឡប់មកវិញ, ភិក្ខុទាំងឡាយ បានប្រជុំសន្ទនាគ្នាពោលសរសើរគុណរបស់ព្រះថេរៈ ដែលលោកមិនក្រោធខឹងចំពោះញោមស្រី ។
ព្រះសាស្តា ទ្រង់ស្តេចយាងមក ក្នុងទីប្រជុំនោះ ហើយត្រាស់នូវព្រះគាថានេះ ថា ៖
| ១៨. | អក្កោធនំ វត្តវន្តំ | សីលវន្តំ អនុស្សទំ |
| ទន្តំ អន្តិមសារីរំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉តថាគតហៅបុគ្គល ដែលមិនមានសេចក្ដីក្រោធ មានធុតង្គវត្ត មានចតុប្បារិសុទ្ធិសីល មិនមានតណ្ហា គ្រឿងប៉ោងចិត្ត មានឥន្ទ្រីយទូន្មានហើយ មានសរីរៈឋិតនៅក្នុងទីបំផុតនោះថា ជាព្រាហ្មណ៍ ។
