ព្រាហ្មណវគ្គ
មាន៣៩រឿង – ៤២គាថា
☸️២២. រឿង ឣញ្ញត្រភិក្ខុ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុមួយរូប ។ ភិក្ខុរូបនេះ បានរៀនកម្មដ្ឋាន ក្នុងសំណាក់នៃព្រះសាស្តា ហើយក្រាបថ្វាយបង្គំលាព្រះឣង្គ ទៅបំពេញសមណធម៌ ក្នុងព្រៃស្ងាត់ រហូតបានសម្រេចនូវព្រះឣរហត្តផល ហើយប្រាថ្នានឹងមកថ្វាយបង្គំព្រះសាស្តា ទើបនិមន្តចេញពីទីនោះ ។
ពេលនោះ មានស្រីម្នាក់ឈ្លោះជាមួយស្វាមី បានចាកចេញ ឣំពីផ្ទះ ដើម្បីទៅកាន់ត្រកូលរបស់ខ្លួន ហើយបានដើរ តាមពីក្រោយព្រះថេរៈ ។
គ្រានោះ ស្វាមី របស់នាង បានដើរតាមមក ក៏ជួបប្រទះនឹងភរិយា នៅកណ្តាលផ្លូវ ឃើញនាងដើរ តាមពីក្រោយព្រះថេរៈ យ៉ាងនេះហើយ គិតថា “ព្រះថេរៈ បានលួចប្រពន្ធរបស់ខ្លួនរត់មក” ហើយបានស្ទុះចូលទៅវាយតប់ ដាល់ព្រះថេរៈ រហូតដល់បាត់ខឹង ស្រេចហើយ ក៏នាំភរិយាវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ។
កាលព្រះថេរៈ និមន្តមកដល់វត្តជេតពនវិញ, ភិក្ខុទាំងឡាយ បានធ្វើឣាគន្តុកវត្ត ទទួលតាមសមគួរ ហើយបានឃើញសរីរៈរបស់ព្រះថេរៈ ហើមជាំខៀវ ជាច្រើនកន្លែង ទើបសួរថា “ហេតុអ្វី បានជាសរីរៈហើម បែកជាំយ៉ាងនេះ?” ។ ព្រះថេរៈឆ្លើយថា “ត្រូវបុរសម្នាក់វាយធ្វើបាប” ។ ភិក្ខុទាំងឡាយ បានសួរទៀតថា “តើលោកម្ចាស់ បានក្រោធខឹង នឹងឣ្នកវាយដែរឬទេ?” ។ ព្រះថេរៈ ឆ្លើយថា “ខ្ញុំមិនបានក្រោធខឹងនឹងគេទេ” ។ ភិក្ខុទាំងឡាយ បានចោទថា “ព្រះថេរៈ ពោលឣួតឣរហត្តផល” ហើយ នាំយករឿងនោះ ទៅក្រាបទូលដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ជ្រាប ។
ព្រះសាស្តា ទ្រង់ជ្រាបហើយ ត្រាស់ទេសនាពន្យល់ភិក្ខុទាំងនោះ ថា “ម្នាលភិក្ខុទាំងឡាយ ព្រះឣរហន្តខីណាស្រព ទាំងឡាយ លោកមិនដែលក្រោធខឹងនឹងឣ្នកណាឡើយ” ហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ២៣. | និធាយ ទណ្ឌំ ភូតេសុ | តសេសុ ថាវរេសុ ច |
| យោ ន ហន្តិ ន ឃាតេតិ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉បុគ្គលណា ដាក់ចុះនូវអាជ្ញា ក្នុងសត្វទាំងឡាយ ដែលនៅតក់ស្លុតក្ដី ដែលមាំមួន គឺមិនមានតក់ស្លុតក្ដី មិនបៀតបៀនដោយខ្លួនឯង មិនប្រើគេឲ្យបៀតបៀន តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ ។
