ព្រាហ្មណវគ្គ
មាន៣៩រឿង – ៤២គាថា
☸️២៧. រឿង ព្រះសារីបុត្រ
ព្រះបរមសាស្តា ទ្រង់ប្រារឰព្រះសារីបុត្រ ។ ព្រះថេរៈ បានចាំវស្សា ក្នុងវត្តដែលតាំងនៅជនបទ ព្រមជាមួយភិក្ខុ ៥០០ រូប ។
ឣ្នកស្រុកទាំងឣស់ ដែលរស់នៅ ក្នុងទីនោះ បានស្រុះស្រួលបបួលគ្នា ប្រគេនសំពត់ចំណាំវស្សា ដល់ភិក្ខុទាំងឣស់នោះ ។ លុះដល់ចេញវស្សាហើយ, ព្រះថេរៈ ប្រញាប់ប្រញាល់ចេញទៅ មុនគេ ហើយប្រាប់ ដល់ភិក្ខុសាមណេរ ដែលមានសេចក្តីត្រូវការសំពត់ចំណាំវស្សា ឲ្យនិមន្តទៅកាន់វត្តនោះ ។ ភិក្ខុទាំងឡាយ បានប្រជុំសន្ទនាគ្នាថា “ព្រះសារីបុត្រ ប្រហែលជានៅមានតណ្ហាទេដឹង?” ។
ព្រះសាស្តា ទ្រង់ស្តេចយាងមក ក្នុងទីប្រជុំនោះ ហើយទ្រង់ត្រាស់ពន្យល់ថា “ម្នាលភិក្ខុទាំងឡាយ ព្រះសារីបុត្រ មិនមានតណ្ហា លោក ប្រាប់យ៉ាងនេះ ព្រោះប្រាថ្នាជាបុណ្យកុសលដល់ពួកប្រជាជននិង ប្រាថ្នានូវលាភដែលកើតឡើង ដោយធម៌ ដល់ភិក្ខុទាំងឡាយផងដែរ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ២៨. | អាសា យស្ស ន វិជ្ជន្តិ | អស្មឹ លោកេ បរម្ហិ ច |
| និរាសាសំ វិសំយុត្តំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉អ្នកណា មិនមានសេចក្ដីប្រាថ្នាក្នុងលោកនេះផង ក្នុងលោកខាងមុខផង តថាគតហៅបុគ្គលនោះ ដែលមិនមានសេចក្ដីប្រាថ្នា ដែលផុតស្រឡះចាកកិលេស ថាជាព្រាហ្មណ៍ ។
