វិសាខបូជា

យល់ដឹងបុណ្យវិសាខបូជា

វិសាខបូជា គឺជា​បុណ្យ​ដ៏​ធំ​មួយ ក្នុង​ព្រះពុទ្ធសាសនា ដែល​ប្រទេស​កម្ពុជា បាន​ចាត់ទុកជា​បុណ្យជាតិ​។ ជាងនេះទៀត ប្រទេស​ជិត​២០០ ដែលជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ បានអនុម័ត​និង​ទទួលស្គាល់ វិសាខបូជា ជា​បុណ្យ​អន្តរជាតិ កាលពីថ្ងៃទី ១៥ ខែ ធ្នូ ​ឆ្នាំ​ ១៩៩៩ ។

👉ការ​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា គឺ​ដើម្បី​រម្លឹក​ដល់​ព្រឹត្តិការណ៍​ដ៏​ពិសេស​ចំនួន​ ដែល​ទាក់ទង​នឹង​ព្រះ​ស​មា្ម​សម្ពុទ្ធ​។

👉ព្រឹត្តិការណ៍​ទាំងនោះ គឺ

  1. ​ការចូល​និព្វាន​។​
  2. ការ​ប្រសូត
  3. ការ​ត្រាស់ដឹង

🙏ព្រះពុទ្ធ ប្រសូត ត្រាស់ដឹង និង ចូលព្រះនិព្វាន ក្នុងថ្ងៃ១៥កើត ពេញបូណ៌មី ខែវិសាខ តែមួយ ដោយខុសតែឆ្នាំប៉ុណ្ណោះ។

ព្រះអង្គ ទ្រង់ប្រសូត ក្នុងព្រៃលុម្ពិនី នៅថ្ងៃសុក្រ «ពេញបូណ៌មី ខែវិសាខ» មុនគ្រិស្តសករាជ៦២៣ឆ្នាំ។ ពេលព្រះអង្គ ប្រសូតចាកឧទរព្រះមាតាភ្លាម ភាពអស្ចារ្យ ក៏កើតឡើង គឺព្រះអង្គ បានយាង៧ជំហាន ដោយមានផ្កាឈូកទ្រព្រះបាទ ហើយព្រះអង្គ បានលើកដៃចង្អុលទៅទិសខាងលើ រួចបន្លឺឡើងនូវវាចាថា៖

«[….] អាត្មាអញ ជាបុគ្គលប្រសើរផុតគេក្នុងលោក [….] ។ [….] ជាតិនេះ ជាកំណើតចុងក្រោយរបស់អាត្មាអញ អាត្មាអញ លែងកើតទៀតហើយ»។

🙏នៅពេលមានព្រះជន្ម២៩ព្រះវស្សា ព្រះសិទ្ធត្ថ បានលួចយាងទៅសាងផ្នួស។ ក្រោយពីក្លាយខ្លួនជាអ្នកបួសអស់រយៈពេល៦ឆ្នាំ ព្រះអង្គក៏បានត្រាស់ដឹង កា្លយជាព្រះពុទ្ធ នៅថ្ងៃពុធ «ពេញបូណ៌មី ខែវិសាខ» នាវេលាទៀបភ្លឺ។ ការត្រាស់ដឹង មានន័យថា ការដឹងអ្វីៗគ្រប់យ៉ាង ក្នុងធម្មជាតិ ឬការដឹងអ្វីៗគ្រប់យ៉ាងនៅក្នុងលោក។ ការត្រាស់ដឹងជាភាសាបាលី ហៅថា សព្វញ្ញុតញ្ញាណ

🙏ព្រះពុទ្ធ មានព្រះនាមដើមថា សិទ្ធត្ថ (អានថា សិត-ធ័ត) ដែលជាព្រះរាជបុត្រារបស់ព្រះនាង សិរិមហាមាយា និងព្រះបាទ សុទ្ធោទន៍។ ពេលត្រាស់ដឹងជាព្រះពុទ្ធ ព្រះអង្គ ត្រូវបានគេហៅព្រះនាមជាច្រើនទៀត ដូចជា ព្រះសម្មាសម្ពុទ្ធ ព្រះសមណគោតម ព្រះជិនស្រី ព្រះសក្យមុនី ព្រះបរមគ្រូ និង ព្រះសាស្តា ជាដើម។

🙏បន្ទាប់ពីត្រាស់ដឹង ព្រះបរមគ្រូនៃយើង បានចំណាយពេលអស់៤៥ព្រះវស្សា ក្នុងយាងសម្តែងធម៌និងប្រោសសត្វលោក។

🙏ដល់ព្រះជន្ម៨០ព្រះវស្សា ព្រះជិនស្រី ទ្រង់ក៏ចូលព្រះនិព្វាន នៅថ្ងៃអង្គារ «ពេញបូណ៌មី ខែវិសាខ»។ ព្រះនិព្វាន គឺជាទីស្ថាននៃបរមសុខ។ គ្មានសេចក្តីសុខណា ស្មើនឹងការដល់ព្រះនិព្វានឡើយ ហើយក្នុងព្រះពុទ្ធសាសនា ព្រះនិព្វាន គឺជាគោលដៅធំបំផុត សម្រាប់សត្វលោក។

បុណ្យវិសាខបូជា

បុណ្យ​វិសាខ​បូជា ជា​បុណ្យ​មួយ​យ៉ាង​ធំ​ក្នុង​ព្រះពុទ្ធសាសនា រាប់​ថា​ជា​ពុទ្ធានុស្សរណកិច្ច​ដ៏ សំខាន់​សម្រាប់ រំលឹក​ដល់​ព្រះពុទ្ធ​សមណគោត្តមបរមគ្រូ នា​ថ្ងៃ​ពេញ​បូណ៌មី ថ្ងៃ​១៥​កើត ខែវិសាខ ដែល​ពុទ្ធសាសនិក​ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ តែង​ធ្វើ​សក្ការបូជា​ប្រកប​ដោយ​ជំនឿ​ថា​ជា មហាកុសល ដ៏​ប្រសើរ ។

ការ​ដែល​ប្រារព្ធ​ពិធី​បូជា​នាថ្ងៃ ១៥ កើត​ខែ​វិសាខ​នេះ អាស្រ័យ​ដោយ​លោក​អ្នក​ប្រាជ្ញ​ខាង ព្រះ​ពុទ្ធសាសនា បាន​កំណត់ ទុក​ក្នុង​គម្ពី​របឋមសម្ពោធិ​ថា ជា​មហាមង្គល​អភិលក្ខិត​កាល គឺ​ជា​ថ្ងៃ មហា​មង្គល ត្រូវ​នឹង​ថ្ងៃ​ដែល​ព្រះសម្ពុទ្ធបរមគ្រូ៖

  1. ទ្រង់​ប្រសូត​ចាក​ឧទរ​មាតា
  2. ទ្រង់​ត្រាស់​ដឹង​អនុត្តរសម្មាសម្ពោធិញ្ញាណ
  3. ​ទ្រង់​រំលត់​ខន្ធ​ចូល​កាន់​ព្រះនិព្វាន

សម្តេច​ព្រះបរមសាស្រ្តាចារ្យ​របស់​យើង​ទ្រង់​ប្រសូត ត្រាស់​ដឹង និង​ទ្រង់បរិនិព្វាន​សុទ្ធ​តែ​ក្នុង ថ្ងៃ​ពេញបូណ៌មីខែ​វិសាខ​ទាំង​អស់​ប្លែក​គ្នា​តែ​ឆ្នាំ​ប៉ុណ្ណោះ។ ព្រោះ​ហេតុ​នោះ​ហើយ​បាន​ជា​អ្នកប្រាជ្ញ ចង​ក្រងជា គាថា​ទុក​ដូច្នេះ​ថា អាសាឡ្ហបុណ្ណមោក្កន្តោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិព្វុតោ

សេចក្តី​ថា ព្រះ​ពុទ្ធទ្រង់​យាង​ចុះកាន់​គភ៌​នៃ​ព្រះវរមាតា ក្នុង​ថ្ងៃ​ពេញបូណ៌មី ខែ​អាសាធ ទ្រង់​ប្រសូតិ​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ខែ​វិសាខ បាន​ត្រាស់​ជា​ព្រះពុទ្ធ ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ខែ​វិសាខ និង ទ្រង់​ចូល​បរិនិព្វាន​ក៏ ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ខែ​វិសាខ (​ផ្សេង​តែ​ឆ្នាំ)។

  • ព្រះអង្គ​ទ្រង់​ប្រសូតនៅ ថ្ងៃ​សុក្រពេញ​បូណ៌មីខែ​វិសាខឆ្នាំ​ចវេលា​ជិត​ថ្ងៃ​ត្រង មុនពុទ្ធសករាជ ៨០​ឆ្នាំ
  • នៅ​ ឧទ្យានលុម្ពិនីព្រៃ​សាលព្រឹក្ស ចន្លោះ​នគរ​ទាំង​ពីរ គឺ​ កបិលពស្តុ និង ទេវ​ទហៈ
    • ឧទ្យាន​លុម្ពិនី សព្វ​ថ្ងៃ​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​នេប៉ាល់ មាន​ចម្ងាយ​២៧គ.ម. ពី​ព្រំដែន នៃ​ប្រទេស​ឥណ្ឌា។
    • ទេវទហៈ
  • ព្រះ​អង្គ​ទ្រង់​ត្រាស់​ដឹង នៅ​ ថ្ងៃ​ពុធ ពេញ​បូណ៌មី ខែ​វិសាខ ឆ្នាំ​រកា​ វេលា ជិត​ភ្លឺ មុន​ពុទ្ធសករាជ​៤៥​ឆ្នាំ ក្នុង​ព្រះជន្ម​៣៥​ឆ្នាំ។ ទី​ស្ថាន​ដែល​ព្រះអង្គ​បាន ត្រាស់​ដឹង​ជា​សព្វញ្ញូពុទ្ធ ហៅ​ថា​ពុទ្ធគយា​ស្ថិត​នៅ​ក្នុង រដ្ឋ​ពីហា ( Bihar ) ប្រទេស​ឥណ្ឌា។
  • ព្រះអង្គ​ទ្រង់​បរិនិព្វាន ក្នុង ​ថ្ងៃ​អង្គារ ពេញ​បូណ៌​មី ខែ​វិសាខ ឆ្នាំ​ម្សាញ់ វេលា​ជិត​បែក​បច្ចូសម័យ មុន​ពុទ្ធសករាជ ១ថ្ងៃ​ក្នុង ព្រះជន្ម ៨០​ឆ្នាំ គត់ ចន្លោះដើម ​សាល​ព្រឹក្ស​ទាំង​គូ ក្នុង ​ក្រុងកុសិនារា ។ សព្វ​ថ្ងៃ​នេះ ទី​ក្រុងកុសិនារា ត្រូវ​បាន​គេ​ហៅ​ថា ក្រុង​កុសិនាហ្គារ៍ (កុសិនគរ) ឬ​ហៅថា​ក្រុង​កាស្យា ស្ថិត​នៅ​ក្នុង​រដ្ឋឧត្តរ​ប្រទេស របស់​ឥណ្ឌា ។

ជា​ប្រពៃណី​បុណ្យ​វិសាខបូជា គេ​តែង​នាំ​គ្នា​ធ្វើ​ក្នុង​ពេល​រាត្រី ព្រោះ​តម្រូវ​ទៅតាម​ពាក្យ​ថា បុណ្ណមី មាន​សេចក្តី​ថា ខែ​ពេញ​បូណ៌មី ។ ម្យ៉ាង​ទៀត ការ​ប្រារព្ធ​ពិធី​ក្នុង​ពេល​រាត្រី អា​ស្រ័យ​ដោយ លក្ខណៈ​ងាយ​ស្រួល ២​យ៉ាង គឺ​ម្យ៉ាង​ដើម្បី​នឹង​បាន​ឱកាស​អុជ​គ្រឿង​ប្រទីប​ជ្វាលា បូជា​ភ្លើងអគ្គិសនី​ឲ្យភ្លឺ​រុង​រឿង​រន្ទាល​ច្រាល​ឆ្អៅ​ផង និង​ម្យ៉ាង​ទៀត ដើម្បី​បើក​ឱកាស​ឲ​ពុទ្ធ​បរិស័ទ​បាន​ជួប​ជុំ​គ្នា ដ៏​ច្រើន​កុះ​ករ​ទាំង​ប្រុស​ទាំង​ស្រី អាច​បំពេញ​កុសល​កម្ម​នេះ ដោយ​សប្បាយ​រីករាយ ព្រោះ​ពេល​យប់ ជា​ពេល​ទំនេរ​ផង។ បុណ្យ​វិសាខបូជា ចាត់​ទុក​ថាជាបុណ្យ​ដ៏​ធំ ដោយ​មាន​មហាជន ចាស់​ក្មេង​ប្រុស ស្រី នៅ​ប្រជុំ​គ្នា​អ៊ូអរ ដោយ​នាំ​ទៅ​ជា​មួយ​នូវ​គ្រឿង​សក្ការ​បូជា មាន​ទៀន ធូប ផ្កាភ្ញី និង​ប្រទីប​ជ្វាលា តូច ធំ​អុជ​បំភ្លឺ​ព្រោង​ព្រាត នៅ​គ្រប់​វត្ត​អារាម ។

តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ពុទ្ធបរិស័ទ ទាំង​បព្វជិត ទាំង​គ្រហស្ថ ត្រូវ​ដើរដង្ហែរ​ប្រទក្សិណ ៣​ជុំ​សិន​មុន​នឹង​ចូល​ព្រះ​វិហារ ហើយ​គេ​យក​ទេយ្យ​វត្ថុ​រៀប​ចំដាក់​នៅ​មុខ​ពុទ្ធរូប រួច​អុជ​ទៀន​ធូប​បូជា ផ្កាភ្ញី​ផ្សេង​ៗ។ គេ​នាំ​គ្នា​នមស្ការ​ព្រះ​រតនត្រ័យ សមាទាន​សីល សា្តប់​ពុទ្ធ​មន្ត ស្តាប់​ធម៌ទេសនា អំពី ពុទ្ធប្បវត្តិ​តាំង​ពី​ដើម​រហូត​ដល់​ចប់ ព្រះសង្ឃ និង​ឧបាសក ឧបាសិកា សូត្រ​ធម៌​បទ​ផ្សេង​ៗ​ដូច​ជា នមោ ៨បទ ឋាន​ធំ ៨​កន្លែង​ជា​ដើម នៅ​យប់​នោះ​គេ​ធ្វើ​រហូត​ទល់​ភ្លឺ តាម​លទ្ធភាព​វត្ត​នីមួយ​ៗ ដើម្បី ឲ​មាន​បសាទសទ្ធា ចំពោះ​ព្រះរតនត្រ័យ​កាន់​តែ​ខ្លាំងក្លា​ឡើង។

កំពុងផ្ទុកប្រតិទិនខ្មែរ...

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

💡 យល់ដឹង!

💡នំអន្សម
💡បុណ្យចូលព្រះវស្សា
💡មាឃបូជា
💡រដូវខ្មែរ
💡វិសាខបូជា

🫅 ប្រាសាទខ្មែរ

🫅គ្រឿង​បញ្ចុះ​ក្នុង​ប្រាសាទ
🫅ប្រភេទចម្លាក់ខ្មែរ
🫅ប្រភេទប្រាសាទ
🫅ផ្ទាំង​ចម្លាក់​ទេព​ប្រាំបួន​អង្គ
🫅រចនាសម្ព័ន្ធប្រាសាទ
🫅វិវត្តន៍ចម្លាក់ខ្មែរ
🫅សំណង់ប្រាសាទខ្មែរ