ប្រភេទប្រាសាទ

ប្រាសាទ​បុរាណ​ខ្មែរ

រូប​គំនូរ​ស្ដីពី​សកម្មភាព​កសាង​ប្រាសាទ​អង្គរវត្ត

គេ​សង្កេត​ឃើញ​ប្រាសាទ​បុរាណ​​ខ្មែរ​មាន​ច្រើន​ប្រភេទ​ណាស់​​ដូចជាៈ

១.​ ប្រាសាទ​មាន​ប្រាង្គ​តែ​មួយ​ហើយ​នៅ​ដាច់​តែ​ឯង

ឧ. ប្រាសាទ​ភ្នំ​បាយង់ ប្រាសាទ​ភ្នំ​បាសិត ប្រាសាទ​ភូមិ​ប្រាសាទ ។​ល។

២.​ ប្រាសាទ​មាន​ប្រាង្គ​ច្រើន​នៅ​លើ​ខឿន​តែ​មួយ​ជាន់

ឧ. ប្រាសាទ​ព្រះ​គោ ប្រាសាទ​លលៃ ។ល។

៣.​ ប្រាសាទ​សង់​នៅ​ដី​រាប​គ្មាន​ខឿន​ទេ​គឺ​សង់​នៅ​លើ​ដី​រាប​ស្មើ

ឧ. ប្រាសាទ​ភូមិ​ប្រាសាទ ប្រាសាទ​ព្រះខ័ន ។ល។

៤.​ ប្រាសាទ​ភ្នំ​មាន​ទំហំ​ធំ​មាន​ខឿន​ច្រើន​ជាន់

ប្រាសាទ​ភ្នំ​មាន​២​យ៉ាងៈ ប្រាសាទ​ភ្នំ​ដែល​សង់​លើ​ភ្នំ​ធម្មជាតិ (ឧ. ប្រាសាទ​បាខែង)  និង​ប្រាសាទ​ភ្នំ​ដែល​សង់​នៅ​លើ​ដី​មាន​ខឿន​ច្រើន​ជាន់ (​ឧ. ប្រាសាទ​បាគង ប្រាសាទ​បក្សី​ចាំក្រុង ប្រាសាទ​ធំ ប្រាសាទ​ប្រែ​រូប ប្រាសាទ​តាកែវ ប្រាសាទ​បាពួន ប្រាសាទ​អង្គរវត្ត ប្រាសាទ​បាយ័ន ។ល។​)

គេ​សាង​ប្រាសាទ​ភ្នំ​គឺ​ដើម្បី​ដំណាង​ភ្នំ​នេះ​ឯង ។ តាម​ទស្សនៈ​ឥណ្ឌា​ក្នុង​សាសនា​ព្រាហ្មណ៍ គេ​និយម​គោរព​ភ្នំ​ព្រះសុមេរុ​ថា​ជា​ឋាន​នៃ​អាទិទេព​ឥសូរ ។ នៅ​ស្រុក​ខ្មែរ​តាម​ជំនឿ​សាសនា​ព្រាហ្មណ៍​អំពី​អាទិទេព​គេ​បាន​សាង​រូប​ លិង្គ​ព្រះ​ឥសូរ​ដំកល់​ក្នុង​ប្រាសាទ​ដំណាង​ព្រះរាជា ដូចជា ប្រាសាទ​បាគង ប្រាសាទ​បាខែង​ជាដើម ដែល​មាន​ទំនាក់​ទំនង និង​ពិធី​ទេវរាជ​ផង ។

មុខ​ងារ​ប្រាសាទ

មាន​មតិ​ជា​ច្រើន​យល់​ច្រឡំ​ថា​គេ​សាង​ប្រាសាទ​ឡើង​ សម្រាប់​ជា​លំនៅ​របស់​ព្រះ​មហាក្សត្រ តាម​ពិត​បុព្វ​បុរស​យើង​បាន​សាង​ប្រាសាទ​ឡើង​នេះ​មិន​មែន​សម្រាប់​នៅ​ទេ គឺ​សម្រាប់ៈ

  • ​ឧទ្ទិស​ថ្វាយ​អាទិទេព​ក្នុង​ព្រហ្មញ្ញ​សាសនា ដូចជា​ព្រះឥសូរ ព្រះ​នារាយណ៍ ជា​ដើម ។
  • ​ឧទ្ទិស​ថ្វាយ​ព្រះពោធិសត្វ​ក្នុង​ពុទ្ធសាសនា ដូចជា​លោកេស្វរៈ (ពោធិសត្វ​ខាង​ពុទ្ធសាសនា​មហា​យាន​) ។
  • ​ឧទ្ទិស​ថ្វាយ​ទេវរាជ (​ដំកល់​លិង្គ​ព្រះ​ឥសូរ​ក្នុង​ប្រាសាទ​ភ្នំ​) ។
  • ​ឧទ្ទិស​ថ្វាយ​បុព្វបុរស​ព្រះ​រាជា មាន​មាតា​ បិតា​ និង​វរជន​ខ្លះ ។

តម្លៃ​នៃ​ស្ថាបត្យ​កម្ម​ខ្មែរ

តាម​ការ​សិក្សា​រួច​មក​ហើយ​នេះ​បាន​បង្ហាញ​ឲ្យឃើញ​ថា​សិល្បៈ​ស្ថាបត្យកម្ម​ខ្មែរ​បាន​វិវត្តន៍​ជា​ហូរ​ហែរ​ពី​សម័យ​មួយ​ទៅ ​សម័យ​មួយ​ទៀត ។ ការ​ចម្រើន​លូត​លាស់​នេះ​ស​ឲ្យ​ឃើញ​ថា​បុព្វ​បុរស​ខ្មែរ​ដែល​ជា​ស្ថាប្យករ​ មាន​ទេពកោសល្យ​ខ្ពស់​ណាស់ ។ ក្រៅ​ពី​ទេពកោសល្យ​ខាង​ច្នៃ​ប្រឌិត និង​ផ្សែផ្សំសិល្បៈ​បរទេស​ជាមួយ​នឹង​សិល្បៈ​របស់​ខ្លួន​ឲ្យ​ទៅ​ជា​សិល្បៈ​ មួយ​ថ្មី​ទៀត​នៅ​មាន​ទេពកោសល្យ​ខាង​បង្កើត​ថ្មី ។

នៅ​សម័យ​ភ្នំ​ដា​ខ្មែរ​យើង​បាន​លុង​ភ្នំ​ធម្មជាតិ​ ធ្វើ​ប្រាសាទ​ត្រាប់​តាម​ឥណ្ឌា​មែន ប៉ុន្តែ​ក្រោយ​មក​បុព្វបុរស​យើង​បាន​ច្នៃ​គំនិត​គោរព​ទៅ​លើ​ទី​ខ្ពស់​ឲ្យ​ ចេញ​ជា​រូប​រាង​ប្រាសាទ (ប្រាសាទ​ភ្នំ) មាន​ខឿន​ច្រើន​ជាន់​ឲ្យ​ខ្ពស់​ដូច​ភ្នំ​ធម្មជាតិ ។

ទស្សនៈ​គោរព​ទី​ខ្ពស់​នេះ ខ្មែរ​យើង​ក៏​ធ្លាប់​មាន​មក​ហើយ​ដែរ​មុន​ទស្សនៈ​សាសនា​ប្រាហ្មណ៍​ចូល​មក​គឺ​ ទស្សនៈ​គោរព​អ្នក​តា​នៅ​លើ​កំពូល​ភ្នំ ឬ​លើ​ទី​ខ្ពស់​ លុះ​ទស្សនៈ​ឥណ្ឌា​ចូល​មក​ដល់​ក៏​ស៊ី​ចង្វាក់​គ្នា​តែ​ម្ដង ។

បង្កាន់​ដៃ​នាគ​អម​សង​ខាង​ផ្លូវ​ចូល​ទៅ​កាន់​ប្រាសាទ ​ និង​គូ​ដែល​ព័ទ្ធ​ជុំ​វិញ​ប្រាសាទ​ជា​និមិត្ត​រូប​នៃ​ការកូរ​សមុទ្រ​ទឹក​ដោះ ​ក្នុង​ជំនឿ​សាសនា​ព្រាហ្មណ៍​បាន​ក្លាយ​មក​ជានិមិត្ត​រូប​នៃ​នយោបាយ​ទឹក​ដ៏​ ប្រសើរ​របស់​ខ្មែរ​នា​សម័យ​អង្គរ ។ ដូច​នេះ សិល្បៈ​ស្ថាបត្យកម្ម​ខ្មែរ​មិន​ត្រឹម​តែ​បម្រើ​គំនិត​និមិត្ត​រូប​និយម​នៅ​ ក្នុង​ជំនឿ​សាសនា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បម្រើ​គំនិត​មនុស្ស​និយម​ផង ។

អាស្រ័យ​ដោយ​ស្នាដៃ​ដ៏​ប៉ិនប្រសប់ ដ៏​ឆើតឆាយ​របស់​ដូន​តា​យើង​បាន​ធ្វើ​ឲ្យ​សិល្បៈ​ស្ថាបត្យកម្ម​ខ្មែរ​មាន​ តម្លៃ​ខ្ពង់​ខ្ពស់​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ដោយ​បាន​ទទួល​នូវ​ការ​កោត​សរសើរ​ស្ញាប់ស្ញែង​យ៉ាង​ក្រៃលែង ៕

ប្រភពអត្ថបទៈ មេរៀន​មុខវិជ្ជា​អរិយធម៌ របស់អ្នកគ្រូ តាំង ជួន វិទ្យាល័យមង្គលបូរី ប.ជ

✍️ចងក្រងដោយ៖ ឈូកខ្មែរ

កំពុងផ្ទុកប្រតិទិនខ្មែរ...

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

💡 យល់ដឹង!

💡នំអន្សម
💡បុណ្យចូលព្រះវស្សា
💡មាឃបូជា
💡រដូវខ្មែរ
💡វិសាខបូជា

🫅 ប្រាសាទខ្មែរ

🫅គ្រឿង​បញ្ចុះ​ក្នុង​ប្រាសាទ
🫅ប្រភេទចម្លាក់ខ្មែរ
🫅ប្រភេទប្រាសាទ
🫅ផ្ទាំង​ចម្លាក់​ទេព​ប្រាំបួន​អង្គ
🫅រចនាសម្ព័ន្ធប្រាសាទ
🫅វិវត្តន៍ចម្លាក់ខ្មែរ
🫅សំណង់ប្រាសាទខ្មែរ