កុសលកម្មបថ ១០
កាយសុចរិត ៣
- បាណាតិបាតា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។
- អទិន្នាទានា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា កាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយឬដោយវាចា។
- កាមេសុមិច្ឆាចារា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។
វចីសុចរិត ៤
- មុសាវាទា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យកុហក។
- បិសុណាវាចា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យញុះញង់ស៊កសៀត បំបែកបំបាក់អ្នកដទៃ។
- ផរុសវាចា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យអាក្រក់ មានពាក្យទ្រគោះបោះបោក ជេរប្រទេចអ្នកដទៃជាដើម។
- សម្ផប្បលាបា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យរោយរាយឥតប្រយោជន៍។
មនោសុចរិត ៣
- អនភិជ្ឈា មិនមានចិត្តគិតសម្លឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ ដោយគិតបំរុងនឹងឲ្យបានមកជាទ្រព្យរបស់ខ្លួនឡើយ ។
- អព្យាបាទោ មិនមានចិត្តចងគំនុំគុំគួន គិតប៉ងនឹងឲ្យអ្នកដទៃដល់នូវសេចក្តីវិនាសឡើយ ។
- សម្មាទិដ្ឋិ គំនិតយល់ឃើញត្រូវពិត ហើយប្រកាន់ឡើងថាត្រូវមែន។
កុសលកម្មបថ ៤០
កុសលកម្មបថនីមួយៗមាន ៤ ប្រភេទគឺ
- មិនធ្វើដោយខ្លួនឯង (មិនសម្លាប់សត្វដោយខ្លួនឯង ជាដើម)
- មិនប្រើគេឲ្យធ្វើ (មិនប្រើគេឲ្យសម្លាប់សត្វ ជាដើម)
- មិនពេញចិត្តក្នុងការធ្វើ (មិនពេញចិត្តក្នុងការសម្លាប់សត្វ ជាដើម)
- មិនពោលសរសើរគុណនៃការធ្វើ (មិនពោលសរសើរការសម្លាប់សត្វ ជាដើម)។
ដូចនេះ រួមបញ្ចូលកុសលកម្មបថទាំងអស់ គឺមាន ៤០ (កុសលកម្មបថ ១០ គុណនឹង ៤ ត្រូវជា ៤០)។
អកុសលកម្មបថ ១០
កាយទុច្ចរិត ៣
- បាណាតិបាតា កិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។
- អទិន្នាទានា កិរិយាកាន់យកវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
- កាមេសុមិច្ឆាចារា កិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។
វចីទុច្ចរិត ៤
- មុសាវាទា កិរិយាពោលនូវពាក្យកុហក។
- បិសុណាវាចា កិរិយាពោលនូវពាក្យញុះញង់ស៊កសៀត បំបែកបំបាក់អ្នកដទៃ។
- ផរុសវាចា កិរិយាពោលនូវពាក្យអាក្រក់ មានពាក្យទ្រគោះបោះបោក ជេរប្រទេចអ្នកដទៃជាដើម។
- សម្ផប្បលាបា កិរិយាពោលនូវពាក្យរោយរាយឥតប្រយោជន៍។
មនោទុច្ចរិត ៣
- អភិជ្ឈា មានចិត្តគិតសម្លឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ ដោយគិតបំរុងនឹងឲ្យបានមកជាទ្រព្យរបស់ខ្លួន។
- ព្យាបាទោ មានចិត្តចងគំនុំគុំគួន គិតប៉ងនឹងឲ្យអ្នកដទៃដល់នូវសេចក្តីវិនាស។
- មិច្ឆាទិដ្ឋិ គំនិតយល់ឃើញខុស ហើយប្រកាន់ថាត្រូវ។
អកុសលកម្មបថ ៤០
អកុសលកម្មបថនីមួយៗមាន ៤ ប្រភេទគឺ
- ធ្វើដោយខ្លួនឯង (សម្លាប់សត្វដោយខ្លួនឯង ជាដើម)
- ប្រើគេឲ្យធ្វើ (ប្រើគេឲ្យសម្លាប់សត្វ ជាដើម)
- ពេញចិត្តក្នុងការធ្វើ (ពេញចិត្តក្នុងការសម្លាប់សត្វ ជាដើម)
- ពោលសរសើរគុណនៃការធ្វើ (ពោលសរសើរគុណនៃការសម្លាប់សត្វ ជាដើម) ។
ដូចនេះ រួមបញ្ចូលអកុសលកម្មបថទាំងអស់ គឺមាន ៤០ (អកុសលកម្មបថ ១០ គុណនឹង ៤ ត្រូវជា ៤០)។
អង្គនៃកម្មបថ
🔸បាណាតិបាត មានអង្គ៥
- បាណោ សត្វមានជីវិត។
- បាណសញ្ញិតោ សេចក្តីដឹងថា សត្វមានជីវិត។
- វធកចិត្តំ គិតនឹងសម្លាប់។
- ឧបក្កមោ ព្យាយាមនឹងសម្លាប់។
- តេនមរណំ សត្វស្លាប់ដោយព្យាយាមនោះ។
🔸អទិន្នាទាន មានអង្គ ៥
- បរបរិគ្គហិតំ ទ្រព្យដែលម្ចាស់គេហួងហែងរក្សា។
- បរបរិគ្គហិតសញ្ញិតា សេចក្តីដឹងថា ទ្រព្យមានម្ចាស់គេហួងហែងរក្សា។
- ថេយ្យចិត្តំ គិតនឹងលួច។
- ឧបក្កមោ ព្យាយាមនឹងលួច។
- តេនហរណំ លួចបានមកដោយព្យាយាមនោះ។
🔸កាមេសុមិច្ឆាចារ មានអង្គ ៤
- អគមនីយដ្ឋានំ ស្ត្រីដែលមិនគួរនឹងគប់រក គឺស្ត្រីដែលមានគេហួងហែងរក្សា(*)។
- តស្មឹសេវនចិត្តំ គិតនឹងសេពនូវមេថុនធម្ម។
- ឧបក្កមោ ព្យាយាមនឹងសេពនូវមេថុនធម្ម។
- មគ្គេនមគ្គប្បដិបាទនំ ញុំាងមគ្គនឹងមគ្គឲ្យដល់គ្នា។
🔸មុសាវាទ មានអង្គ ៤
- អតថំវត្ថុ វត្ថុមិនពិត។
- វិសំវាទនចិត្តំ គិតនឹងពោលឲ្យខុស។
- តជ្ជោវាយាមោ ព្យាយាមនឹងពោលឲ្យខុស។
- បរស្សតទត្ថវិជាននំ ញុំាងអ្នកដទៃឲ្យដឹងច្បាស់នូវសេចក្តីនោះ។
🔸បិសុណាវាចា មានអង្គ៤គឺៈ
- ភិន្ទិតព្វោបរោ អ្នកដទៃដែលមានរូប គឺខ្លួនគប្បីញុះញង់បំបែក។
- ភេទនបុរេក្ខាតោ គិតនឹងញុះញង់បំបែកបំបាក់អ្នកដទៃនោះ។
- តជ្ជោវាយាមោ ព្យាយាមបំបែកបំបាក់អ្នកដទៃនោះ។
- តស្សតទត្ថវិជ្ជាទនំ ញ៉ាំងអ្នកដទៃឲ្យដឹងច្បាស់នូវដំណើរដែលញុះញង់នោះ។
🔸ផរុសវាចា មានអង្គ៣គឺៈ
- អក្កោសិតព្វោបរោ អ្នកដទៃដែលមានរូប គឺខ្លួនគប្បីជេរប្រទេច។
- កុប្បិតចិត្តំ ចិត្តខឹងរន្ធត់។
- អក្កោសនា បានជេរប្រទេច។
🔸សម្ផប្បលាប មានអង្គ២គឺៈ
- ភារតយុទ្ធសិតាហរណាទិនិរត្ថកថា ពាក្យឥតប្រយោជន៍ មានរឿងចម្បាំងនៃភារត និងរឿងរាពណ៍លួចនាងសេតាយកទៅជាដើម ។
- តថារូបឹកថាកថនំ បានពោលនូវពាក្យឥតប្រយោជន៍ មានសភាពដូច្នេះ ។
🔸អភិជ្ឈា មានអង្គ២គឺៈ
- បរភណ្ឌំ ទ្រព្យជារបស់អ្នកដទៃ។
- អត្តនោ បរិណាមនំ គិតចង់បង្អោនទ្រព្យរបស់អ្នកដទៃនោះ ឲ្យមកជាទ្រព្យរបស់ខ្លួន ដោយកលឧបាយផ្សេងៗ។
🔸ព្យាបាទ មានអង្គ២គឺៈ
- បរសត្តោ អ្នកដទៃក្រៅពីខ្លួន។
- តស្សតំតំវិនាសចិន្តា គិតចងគំនុំគុំគួននឹងអ្នកនោះ ឲ្យដល់នូវសេចក្តីវិនាសដោយហេតុនោះ។
🔸មិច្ឆាទិដ្ឋិ មានអង្គ២គឺៈ
- វត្ថុនោ ច គហិតាការវិបរិតតា ចិត្តប្រែប្រួលដោយអាការៈខុស អំពីព្រះរតនត្រ័យជាដើម ។
- យថា ច តំ គណ្ហាតិ តថាភាវេន តស្សុបដ្ឋានំ គំនិតដែលយល់ខុសនោះ ឃើញខុសយ៉ាងណា ក៏ប្រកាន់សេចក្តីខុសនោះថាជាត្រូវវិញ។
(*) ស្ត្រីដែលមិនគួរនឹងគប់រក បានដល់ស្ត្រី ២០ពួក គឺ
- មាតុរក្ខិតា ស្ត្រីដែលមាតាថែរក្សា។
- បិតុរក្ខិតា ស្ត្រីដែលបិតាថែរក្សា។
- មាតាបិតុរក្ខិតា ស្ត្រីដែលមានមាតាបិតាថែរក្សា។
- ភាតុរក្ខិតា ស្ត្រីដែលមានបងប្រុស ឬប្អូនប្រុសថែរក្សា។
- ភគិនិរក្ខិតា ស្ត្រីដែលមានបងស្រី ឬប្អូនស្រីថែរក្សា។
- ញាតិរក្ខិតា ស្ត្រីដែលមានញាតិថែរក្សា។
- គោត្តរក្ខិតា ស្ត្រីដែលមានគោត្តថែរក្សា (អ្នកមានត្រកូលដូចគ្នាថែរក្សា)។
- ធម្មរក្ខិតា ស្ត្រីដែលមានធម៌ថែរក្សា។
ស្ត្រីទាំង ៨ពួកនេះ បើបុរសណាមួយសេពហើយ ត្រូវទោសកាមេសុមិច្ឆាចារតែខាងបុរស ឯស្រី មិនត្រូវទោសអ្វីឡើយ ព្រោះស្រីនោះ មាតាបិតាជាដើម គ្រាន់តែឃុំគ្រងរក្សាកេរិ៍្តមារយាទខាងក្រៅៗប៉ុណ្ណោះ មិនមែនជាម្ចាស់សម្ផ័ស្សរបស់ស្រីនោះទេ គឺគ្មានស្វាមីគ្រប់គ្រង។
- សារក្ខា ស្ត្រីដែលមានប្តីថែរក្សា។
- សបរិទណ្ឌា ស្ត្រីដែលមានស្តេចដាក់អាជ្ញាថា យកធ្វើជាទេពី។
- ធនក្កីតា ស្ត្រីដែលគេទិញដោយទ្រព្យ។
- ឆន្ទវាសិនី ស្ត្រីដែលនៅដោយស្ម័គ្រចិត្តគ្នានឹងគ្នា។
- ភោគវាសិនី ស្ត្រីដែលនៅដោយសម្បត្តិ។
- បជវាសិនី ស្ត្រីដែលនៅនឹងគ្នាដោយសំពត់ស្លៀកដណ្តប់។
- ឱទបត្តភិនី ស្ត្រីដែលគេផ្អោបដៃជាមួយនឹងបុរស ហើយជ្រលក់ទៅក្នុងពាងទឹក ឬផ្តិលទឹក។
- ឱភតចុម្កដា ស្ត្រីដែលគេដាក់ទ្រនូលពីក្បាល គឺស្ត្រីអ្នករកឧសជាដើម។
- ទាសី ច ភរិយា ច ស្ត្រីដែលជាទាសីគេផង ជាភរិយាគេផង គឺស្រីដែលជាទាសីរបស់បុរសណាមួយ ហើយបុរសនោះយកធ្វើជាភរិយា។
- កម្មការីភរិយា ស្ត្រីដែលជាកូនឈ្នួលរបស់បុរសណាមួយ ហើយបុរសនោះយកធ្វើជាភរិយា។
- ធជាហដា ស្ត្រីដែលគេចាប់ពីក្នុងទ័ព។
- មហុត្តិកា ស្ត្រីដែលនៅជាមួយគ្នាជាប្តីប្រពន្ធតែមួយវេលា។
ស្ត្រីទាំង១២នេះ បើបុរសណាមួយទៅសេពហើយ ត្រូវទោសកាមេសុមិច្ឆាចារទាំងបុរសទាំងស្ត្រី ព្រោះស្រីនោះ មានស្វាមីគ្រប់គ្រងថែរក្សា ឈ្មោះថា លួចសម្ផស្សរបស់ស្វាមីទៅឲ្យបុរសដទៃ។កម្មដ្ឋាន៤០កម្មដ្ឋាន ៤០ គឺ កសិណ ១០ អសុភ ១០ អនុស្សតិ ១០ ព្រហ្មវិហារ ៤ អារុប្ប ៤ សញ្ញា ១ វវដ្ឋាន ១ រួមជា ៤០។
👉ប្រភពៈ វិបស្សនាធុរៈ
