បទកាកគតិ
| នេះបទព្រហ្មប្រាជ្ញប្រាយ | ខ្ញុំអធិប្បាយលើកល្បត់ល្បង |
| ប្រដៅកូនចៅផង | ចងជាច្បាប់ខុសនិងត្រូវ ។ |
| កត្តិកខ្នើតគ្នេរគ្នាន់ | ក្នុងវស្សន្តរដូវ |
| ទឹកស្រែជន់លិចស្រូវ | នៅសំណល់សំណាបខ្ចី ។ |
| កេរកាលពីព្រេងព្រឹទ្ធ | ដើមគំនិតពីសេដ្ឋី |
| ខ្ញុំលើកកេរកាលថ្មី | ចែងសេចក្តីជាបរមត្ថ ។ |
| ក្នុងថៃ្ងពេញបូរមី | ម៉ោង៨ព្រលប់សា្ងត់ |
| ឆ្នាំចចត្វាក្សត្រ | ផាត់សករាជកន្លងឆា្ងយ ។ |
| សាសនាព្រះសមណៈ | បានពីរពាន់បួនរយប្លាយ |
| ហុកសិបប្រាំកំចាយ | ចាត់អធិប្បាយពីខុសត្រូវ ។ |
| កេរកាលដំណាលទុក | ជាទំនុកដំណែលនៅ |
| ដំណតរៀងទៅ | តម្រូវចិត្តជនប្រុសស្រី ។ |
| កូនអើយពាក្យអាពុក | ជាទំនុកទំនើបថ្មី |
| អនិស្រាយរាយបាលី | អាពុកស្តីឱ្យកូនស្តាប់ ។ |
| គួរស្តាយកេរ្តិ៍ម៉ែឳ | កិរិយាត្រូវឱ្យខំត្រាប់ |
| កិរិយាណាខុសច្បាប់ | គួរក្រឡាប់ក្រឡាស់ចោល ។ |
| ម្តាយអាពុកនិងកូន | បីដូចខ្លួននិងស្រមោល |
| ឃើញខុសកុំដេញដោល | កុំថ្កោលទោសអ្នកមានគុណ ។ |
| ល្ងង់ខ្លៅត្រូវតែសួរ | ពាក្យឱ្យគួរកុំឱ្យស៊ុន |
| យកពាក្យផ្អែមជាមុន | ទន់លំទោនឱនប្រតិបត្តិ ។ |
| ទោះម៉ែឳស្លូតកាច | គួរតែខ្លាចដូចមហាក្សត្រ |
| ម្តាយជេរពីរបីម៉ាត់ | គួរតែសា្ងត់ស្ងៀមឱ្យឈឹង ។ |
| ប្រដៅត្រូវតែស្តាប់ | យកតម្រាប់កុំទទឹង |
| ម្នោម្នះចចេសរឹង | នឹងហើយហៅកូនសេសកម្ម ។ |
| ធម៌អាថ៌ចេះតែភ្លេច | ជេរប្រទេចចេះតែចាំ |
| អាពុកពត់ទៅស្តាំ | អកុសលកម្មទាញទៅឆ្វេង ។ |
| អវជាតបុត្រ | ខូចបំផុតតាំងពីក្មេង |
| ប្រព្រឹត្តព្រើលផ្សេងៗ | បើលេងអ្វីស្តីមិនស្តាប់ ។ |
| មិនស្តាយជាតិកំណើត | ល្ងង់ស្លុតស្លើតដល់ចាស់ស្លាប់ |
| ត្រឹមត្រូវមិនសូវស្តាល់ | ព្រួយគេប្រាប់ទាំងយប់ថៃ្ង ។ |
| ម៉ែឳមានគុណណាស់ | មិនសំពះខ្មាសអៀនដៃ |
| បើអ្នកក្រៅដទៃ | វិស័យសោះសំពះបាន ។ |
| ឆ្លើយបាទចាះចា៎ខ្ញុំ | រាបរម្យទមនឹងសន្តាន |
| ម៉ែឳឯងក្នុងឋាន | ហ៊ានឆ្លើយអីអញអឺអើ ។ |
| អនុជាតបុត្រ | ស្លូតបំផុតស្រណុកប្រើ |
| ប្រកបការប្រសើរ | ដើរតែតាមលំអានឳ ។ |
| ប្រដៅទទួលយក | ចេះលៃលកស្គាល់ខុសត្រូវ |
| ស្រណុកញាក់ធ្លាក់ផ្លូវ | មិនសូវភ្លេចដំបូន្មាន ។ |
| អតិជាតបុត្រ | ល្អបរិសុទ្ធស្គាល់សីលទាន |
| នាំឳទៅនិព្វាន | ឈានទៅរកកន្លែងសុខ ។ |
| ចេះលើសគេដរាប | ជឿបុណ្យបាបប្រេតនរក |
| មិនល្មោភនឹងមូត្រលាមក | ភ័យនឹងភក់ភពសង្សារ ។ |
| នេះគឺដើមបាលី | បុត្រទាំងបីបែបកិរិយា |
| ស្រឡាញ់ណាស្អប់ណា | តាមសញ្ញាចូលចិត្តចុះ ។ |
| អវធ្លាក់ផ្លូវក្រោម | ប្រព្រឹត្តព្រមតែខាងខុស |
| អតិជាតមារយាទខ្ពស់ | អនុនោះយ៉ាងកណ្តាល ។ |
| អតិ១០០មានមួយ | គួរតែស្ទួយដាក់លើក្បាល |
| អវគឺស្រើបស្រាល | ត្រអាលយកតែពីរយ៉ាង ។ |
| ២៥- អតិជាតកំណើត | គំនិតកើតពីកសាង |
| កុសលតម្កល់ខាង | សំណាងកើតពីគំនិត ។ |
| អនុអានាងអើយ | ខ្លួនធំហើយឱ្យចេះគិត |
| ចេះកាញ់ស្គាល់ឆា្ងយជិត | ប្រព្រឹត្តយកតែខាងត្រូវ ។ |
| រៀនរិះរកទ្រព្យធន | យកប្រពន្ធមើលធុនឳ |
| ធុនថោកជ្រកខុសត្រូវ | អ្នកកុំទៅខ្លាចបន្លា ។ |
| ផ្លូវវៀចកុំបោះបង់ | ផ្លូវព្រៃត្រង់កុំយាត្រា |
| ឈានឈរពិចារណា | ឆ្ការឱ្យស្អាតសឹមដើរទៅ ។ |
| កុំដើរភ្លើភ្លេចខ្លួន | ខ្លាចក្រែងជួនធ្លាក់ជ្រោះជ្រៅ |
| ជ្រកម្លប់សំណាក់នៅ | កុំបោះពៅផ្ទប់គល់ឈើ ។ |
| ឆេះខ្លោចសំបកក្រោម | ស្រពោនញមស្លោកស្លឹកលើ |
| មានភ្នែកឱ្យចេះមើល៍ | កុំលី្ងលើ្ងល្ងង់លិ្ងតពេក ។ |
| រៀនដើរឱ្យមើលផ្លូវ | ធ្វើស្រែស្រូវឱ្យមើលមេឃ |
| ម្លប់ធ្លកធ្លាប់ជ្រកដេក | ជាដំណេកអ្នកដំណើរ ។ |
| ដំណែលដែលគេដាក់ | ជាដំណាក់ទំនួលផ្ញើ |
| ចំណាំចាំគ្រាន់បើ | ដើរក្រោយៗគ្រាន់ជ្រកទៀត ។ |
| ឈើណាទោសសត្រូវ | ដុះជិតផ្លូវនាំចង្អៀត |
| ជំពប់យប់អធ្រាត្រ | ឆ្លៀតកាប់ចេញកុំទុកវា ។ |
| បន្លាគល់ដង្គត់ | កន្លងផុតតែភ្នែកជា |
| ដើរយប់ជំពប់ពារ | ក្រែងគ្រោះគ្នាអ្នកដើរក្រោយ ។ |
| ៣៥- គ្នាមុតកុំចាំផ្ទាន់ | ឃើញគួរជាន់កុំបណ្តោយ |
| បណ្តើរមើលខ្លាំងខ្សោយ | ឱ្យពិនិត្យពិចារណា ។ |
| ពាក្យពិតត្រង់ប្រាកដ | ត្រូវច្រើនបទច្រើនប្រការ |
| ប្រកបជាប្រស្នា | ប្រាជ្ញាអាប់ស្លាប់នឹងឆ្ងល់ ។ |
| ផ្លូវពិតទាំងជិតឆា្ងយ | សព្វសុសសាយមិនសេសសល់ |
| អ្នកណាប្រាជ្ញាដល់ | ដឹងយោបល់ច្រើនកន្លែង ។ |
| កូនអើយការកេរ្តិ៍ឈ្មោះ | កុំចង់រស់តែម្នាក់ឯង |
| គិតអ្វីគិតឱ្យវែង | ក្រែងក្រក្រោយស៊យគំនិត ។ |
| កំណើតរាល់រូបកាយ | ចេញជួញឆា្ងយស្តាយជួញជិត |
| ចិញ្ចឹមជន្មជីវិត | គិតឱ្យស្រេចទើបបានស្រួល ។ |
| ធ្វើស្រែចង់បានស្រូវ | ដើមរដូវធ្វើស្រែទួល |
| ស្រែទាបមើលទំនួល | លើកទំនប់ឱ្យមាំមួន ។ |
| កូនអើយកេរ្តិ៍មេបា | ចាំរក្សាមើលថែថួន |
| ធុញថប់ថយថោកខ្លួន | ជួនជាខ្សត់គេថាខ្សោយ ។ |
| ស្រូវខ្សោយអង្ករថ្លៃ | លក់សំចៃទុកឆ្នាំក្រោយ |
| អ្នកក្ររកញយៗ | ឱ្យអ្នកសុំជាងអ្នកខ្ចី ។ |
| សប្បុរសពេកថយធន | មូទូជនថយរាសី |
| ប្រពន្ធល្អច្រើនអាប់ប្តី | ពាក្យអប្រិយចាញ់អាត្មា ។ |
| ឈើផ្លែចាញ់សន្លឹក | ត្រីវរវឹកទឹកមិនថ្លា |
| កំណាញ់ក្រៅតម្រា | សោតសឹងអាប់ប្រយោជន៍យស ។ |
| នឹងឱ្យៗមើលភាព | ឱ្យអ្នកទាបជាងអ្នកខ្ពស់ |
| អ្នកទិញឈប់សិនចុះ | ក្នុងតែរស់មិនស្លាប់ងាយ ។ |
| កំណាញ់ហួសកំណត់ | ពាក្យអ្នកខ្សត់ខ្សបនិយាយ |
| ទេវតាផ្តន្ទាទាយ | រលាយអស់រលស់ឯង ។ |
| សទ្ធាមើលធនធាន | ជាតិអ្នកមានមិនអង្វែង |
| កំណាញ់ដោយកន្លែង | ក្រែងគ្រោះក្រដល់ឆ្នាំក្រោយ ។ |
| អ្នកក្រខ្ចីនេះកុំ | អ្នកមានសុំនេះគួរឱ្យ |
| អ្នកប្រាជ្ញអង្គាសញយ | អស់ក៏ដោយឱ្យទៅចុះ ។ |
| អ្នកក្របានជាហាម | ពិបាកតាមទៅឯណោះ |
| ទាល់ទឹកចូលច្រមុះ | ច្រើនកើតឈ្លោះពីព្រោះយល់ ។ |
| អ្នកមានគេមានខ្មាស | សងរហ័សមិនអំពល់ |
| ជួនយើងមានរវល់ | គេស្គាល់មុខស្រណុកខ្ចី ។ |
| អ្នកក្រៗទាំងចិត្ត | ស្រូវឆ្មារល្អិតឱ្យមើលល្អី |
| វាល់ល្អកន្តាំងបី | ទាន់ស្រូវថ្មីទារឆាប់បាន ។ |
| ជួនក្រែងឯងក្រវិញ | ទោះដូរទិញមើលប្រមាណ |
| ជឿបុលខ្ចីសន្តាន | កុំហ៊ានពារកញ្ជើធំ ។ |
| ខ្លួនក្រកុំចង់ធាត់ | កុំងាយមាត់អាងតែសុំ |
| ជឿខ្ចីល្អីក្រមុំ | ស្រូវឯងទុំស្រណុកសង ។ |
| បើជឿខ្ចីគេឱ្យ | កុំទៅញយគេឱ្យខ្នង |
| ឯណេះឯណោះផង | កុំច្រើនដងគេមើលងាយ ។ |
| ក្រលុយកុំងុយដេក | ចូលដំណេកកុំនិយាយ |
| សំពត់ញាត់សំពាយ | រាយរើសរៀបញាត់សំពៀត ។ |
| រៀបដេកសំពះគុណ | កុំដេកស៊ុនឱ្យប្រុងស្នៀត |
| ភ្លើងឆេះយប់អធ្រាត្រ | កណ្តៀតទូលប្រមូលរត់ ។ |
| ខ្លួនរាស្ត្រក្រមាសប្រាក់ | ភើចកន្ត្រាក់អាវសំពត់ |
| ទំរាំភ្លើងរលត់ | ស្លៀកផ្គង់ផ្គត់សោះខ្មាសគេ ។ |
| កូនអើយគិតឱ្យគ្រប់ | រៀងរាល់យប់កុំទំនេរ |
| ជាងដេកលក់ទទេ | យល់សប្តិជេរបិសាចក្រៅ ។ |
| ទម្លាប់មាត់មមើ | ស្រែកថាយើៗអៅៗ |
| ចោរខ្មាំងខ្មោចចិត្តខ្មៅ | ហៅមេខ្មៃវ៉ៃឱ្យខ្មុក ។ |
| ដេកផ្អៀងជាងអង្គុយ | លា្ងលា្ងន់ល្ងុយកុំទ្រាំងក់ |
| ពីលា្ងចដេកកុំលក់ | មាន់រងាវជក់ស៊ីម្លូស្លា ។ |
| ជាងលឹ្ងតឥតអំពើ | ឥតអ្វីធ្វើសូត្រធម៌អាថ៌ |
| បើច្បាស់វិបស្សនា | ស្មាស្មាធិ៍ស្មឹងប្រឹងឱ្យស្មោះ ។ |
| គងខ្នើយដេកកើយស្មុគ | គ្របឱ្យសុខសូត្រអម្បោះ |
| កុំដាក់ដោយគៀនកោះ | អស់នឹងសត្វកណ្តៀរកោរ ។ |
| កណ្តុរកន្លាតកាត់ | ដល់កំណាត់ខានដេរខោ |
| ជួនកាលមានអាចោរ | លលបលួចលីទៅបាត់ ។ |
| កុំដាក់ឆា្ងយប្រយោល | ទុកជាចោលមិនប្រយ័ត្ន |
| ប្រយោជន៍យប់យាមសា្ងត់ | បង្កាត់ភ្លើងបង្គោលគោ ។ |
| បង្ការក្រែងមូសខាំ | ត្រូវចំណាំខ្យល់ជំនោរ |
| បាយកកផ្អកម្ហូបជោរ | ឱ្យអាលោស៊ីចាំសេះ ។ |
| កំណើតឆ្កែញីឈ្មោល | ដេកចំណូលតែនឹងផេះ |
| រៀនប្រើមើលចំណេះ | រិះចំណាំតាមកិរិយា ។ |
| ទោះប្រើកូនតូចធំ | ឬប្រើខ្ញុំឱ្យធ្វើការ |
| ធ្វើកលយល់ប្រាជ្ញា | អាណាហ៊ានប្រើទៅឆា្ងយ ។ |
| អាខ្លាចប្រើតែជិត | ឥតគំនិតប្រើរៀងអាយ |
| ខុសម្តងកុំជេរម្តាយ | ពេលដល់បាយកុំនាំឈ្លោះ ។ |
| មនុស្សឃ្លានវាហ៊ានឆ្លើយ | ស៊ីរួចហើយបន្ទោសចុះ |
| បានឆ្អែតប៉េងពេញពោះ | ស្តីខុសត្រូវមិនសូវខឹង ។ |
| កូនអើយពាក្យអាពុក | ចំណាំទុកពីត្រឹមណឹង |
| ធ្វើប្រុសឱ្យខំប្រឹង | រៀនឱ្យដឹងស្គាល់ពុតស្រី ។ |
| មារយាទនិងមាយា | ម៉្យាងចិត្តជាចេះថ្នមប្តី |
| ប្តូរស្លាប់រស់វាហី | យកពីរបីនេះមិនបាន ។ |
| កុំលោភច្រើនៗព្រួយ | យកតែមួយសុខក្សេមក្សាន្ត |
| ចិត្តស្រីទាំងប៉ុន្មាន | ហ៊ានប្រមូលម៉ៅមិនខុស ។ |
| មិនខូចគ្រប់តែស្រី | ល្អពីរបីជឿចាំចុះ |
| ជាតិស្រីលោភលើប្រុស | នោះមិនខុសស្រីណាមួយ ។ |
| ខ្លាំងខ្សោយកុំឱ្យខ្សត់ | ទោះនឿយហត់កុំរំអួយ |
| ធ្វើប្រុសតែងតែព្រួយ | ស្រីមិនជួយកុំត្អូញត្អែរ ។ |
| ខ្លួនខ្លាំងកុំគិតខ្លាច | ស្រីៗកាចស្លូតដោយខែ |
| រដូវធ្វើស្រូវស្រែ | ចែប៉ប្រែស្តីលើប្រុស ។ |
| ខែស្ទូងនិងខែច្រូត | កាចរហូតដល់ខែបុស្ស |
| ខែបែនបោករលស់ | រលីងអស់អំពីដី ។ |
| ជញ្ជូនដាក់ជង្រុក | ពូជពេញទុកស្បោងពីរបី |
| ដំណើបបួនដប់ល្អី | ស្រីៗស្លូតហើយខែនឹង ។ |
| ស្លូតផុតនៅខែមាឃ | ស្តីធ្ងន់ពាក្យមិនសូវខឹង |
| បើប្រុសៗមិនដឹង | ប្រឹងតែព្រួតស្អប់ស្រីៗ ។ |
| ម៉្យាងទៀតមារយាទខូច | មាយាបេះក្រូចមាយាដកខ្ញី |
| មានប្រុសសាហាយថ្មី | រឹតថ្នមប្តីមិនឱ្យអាក់ ។ |
| អីអើតែមាត់ក្រៅ | ចិត្តមួម៉ៅគ្មានត្រជាក់ |
| ត្រីសាច់ល្អលួចលាក់ | ដាក់តែឆ្អឹងឱ្យឯងស៊ី ។ |
| បញ្ជោរចេះបញ្ចើ | បញ្ឆោតប្រើឯងវក់វី |
| វរវឹកព្រួតប្រុសពីរ | ស៊ីទាល់ងាប់គាប់សងខាង ។ |
| មួយទៀតផឹតកំលោះ | ស្រឡាញ់ស្មោះស្ម័គ្រអស់យ៉ាង |
| លោមប្តីលាសំណាង | ទាស់ក្អេងក្អាងទារសំបុត្រ ។ |
| បើប្តីមិនព្រមលែង | លបជំទែងជំទយរត់ |
| មួយទៀតខូចបំផុត | មត់ឱ្យប្រុសសម្លាប់ប្តី ។ |
| ម៉្យាងទៀតមារយាទជា | មានច្រើនគ្នាក្នុងលោកីយ៍ |
| ប្រាកដពេញជាស្រី | ប្រុសពីរបីស្មាលាកម្ម ។ |
| ស្លាប់រស់មួយនិងមួយ | មិនចង់ព្រួយយកប្រុសប្រាំ |
| ប្តីស្លាប់បួនដប់ឆ្នាំ | ចាំសីលទានមិនមានទៀត ។ |
| ធ្វើបុណ្យផ្សងសច្ចា | សុំប្រាថ្នាជួបរាល់ជាតិ |
| អុចធូបដេកឱបធាតុ | កណ្តៀតថោកោរកាន់ទុក្ខ ។ |
| និយាយពីពុតប្រុស | ចូរចាំចុះជាទំនុក |
| ដំណតទៅមុខ | អាពុកប្រាប់ឱ្យស្រីចាំ ។ |
| ប្រពន្ធមួយមិនស្កប់ | ប្រពន្ធដប់គ្រាន់តែស្កាំ |
| កាចស្លូតរហូតឆ្នាំ | រ៉ាំដរាបរាល់រូបា ។ |
| កាចម៉្យាងខាងលា្ងចព្រឹក | រឿងបាយទឹកថ្នាំម្លូស្លា |
| កាចម៉្យាងរឿងធ្វើការ | ម៉្យាងទៀតណារឿងប្រចណ្ឌ ។ |
| ប្រជុំជាតិចិត្តប្រុស | ត្រូវនិងខុសជាកំណាន់ |
| គំនិតល្អសំខាន់ | ប្រកាន់មើលឥរិយាបថ ។ |
| ប្រចណ្ឌរាវរាល់ឈ្មោះ | ច្រើនកើតឈ្លោះទៅជាខ្សត់ |
| មួយឃើញជាក់ប្រាកដ | ប្រកៀកចាប់ធ្វើទោសបាន ។ |
| លកលៃតែខាងប្រុស | ប្រពន្ធខុសបង្អង់ខាន |
| ខូចម្តងខាតប៉ុន្មាន | រាប់អានឱបក្រសោបទៀត ។ |
| មួយលកលៃទាំងពីរ | នៅរកស៊ីដោយសារញាតិ |
| ស្រីមាយាឥតមារយាទ | ស្មាលាជាតិមិនឱ្យជួន ។ |
| ប្រចណ្ឌទាំងបីបទ | គួរគួចកត់ទុកក្នុងខ្លួន |
| លក់ពីរពេញចំនួន | គួនគុំទុកយកជាច្បាប់ ។ |
| ប្រចណ្ឌហើយយកទៀត | ហៅជួជាតិមារយាទអាប់ |
| កូនណាយកតម្រាប់ | ស្លាប់នឹងស្រីៗមើលងាយ |
| ទោសតិចកុំទាញផ្សំ | ឃើញមិនចំកុំនិយាយ |
| កុំចាប់ស្ទើររវើរវាយ | នាំឱ្យវល់អំពល់ចិត្ត ។ |
| ពុតប្រុសនិងពុតស្រី | ចប់សេចក្តីពីក្បត់ផិត |
| រៀងរើសណាសុខចិត្ត | គិតសំគាល់រាល់រូបកាយ ។ |
| បើមានកូនក្រមុំ | គួរតែកុំបណ្តោយឆា្ងយ |
| ឱ្យមើលនាយមើលអាយ | ស្រេចនៅម្តាយរក្សាកូន ។ |
| ប្រយ័ត្នកុំឱ្យឃ្លាត | ភ្លាត់មារយាទមិនសុទ្ធសូន្យ |
| កុំទុកចិត្តបងប្អូន | ជីដូនមួយជួយរក្សា ។ |
| ក្រមុំមានម្រាក់មិត្រ | មេមួយគិតនាំកិច្ចការ |
| កុំជឿចិត្តនរណា | មើលកិរិយានៃកូនឯង ។ |
| ទោះស្ទូងដកយប់ថៃ្ង | ដើរយកដៃដាច់សង្វែង |
| ប្រុសខូចលួចបន្លែង | តែទាស់ភ្នែកបែកមេបា ។ |
| ច្រើនណាស់តែសែនខ្មោច | កេរ្តិ៍អសោចផុតអាសា |
| នាំកូនឡើងសាលា | គេថាឱ្យជំងឺចិត្ត ។ |
| បើមានកូនប្រសា | មិនទាន់ការគួរឱ្យប្រិត |
| កុំឱ្យបម្រើឆ្អិត | អាណិតវាៗសងគុណ ។ |
| យប់ថៃ្ងចូលប្រតិបត្តិ | គាតក្រវាត់រត់រែកពុន |
| អាចនឹងច្រើនជឿមុន | ស៊ុនអំពីឳពុកម្តាយ ។ |
| រក្សាកូនប្រពន្ធ | រកទ្រព្យធនចង់ធូរចាយ |
| ជួញជិតគំនិតឆា្ងយ | ជួញរៀងអាយរក្សាគុណ ។ |
| អំពើបាបកុំរៀន | កុំអៀនប្រៀនក្នុងការបុណ្យ |
| លាងទោសចេញជាមុន | ទើបធ្វើបុណ្យចម្រើនផល ។ |
| បើនឹងចង់គង់ទ្រព្យ | កុំទម្លាប់សាងអកុសល |
| របិញរបុញវៀចកាចកល់ | ទេវតាផ្តល់ផ្តាច់ធនធាន ។ |
| កុំឈ្នានីសអ្នកខ្សត់ | កុំបំភ្លាត់ទ្រព្យអ្នកមាន |
| បើខ្លួនខ្សត់អត់ឃ្លាន | រៀនតែរកតាមទៀតត្រង់ ។ |
| ជួញខាតកុំឈប់ខាន | បើចង់បានកុំខ្លាចបង់ |
| ខ្លាចបាត់ឱ្យផ្ចិតផ្ចង់ | ប្រុងថែទាំឱ្យមាំមួន ។ |
| កុំភ្លើធ្វើជាភ្លេច | ភ្លាត់បន្តិចខ្លាចក្រែងជួន |
| ក្រែងចោរចូលមកពួន | លូនលបលួចយកទ្រព្យទៅ ។ |
| ប្រហែសតែងតែបាត់ | ប្រុងប្រយ័ត្នតែងតែនៅ |
| គិតសព្វគ្រប់ដោយផ្លូវ | សូវទ្រាំនឿយកុំទ្រាំក្រ ។ |
| នៅផ្ទះស្រះរបង | របាចងឱ្យជាប់ល្អ |
| ប្រើប្រាស់ខ្ញុំកំដរ | ឱ្យបរិភោគដោយខ្លួនឯង ។ |
| នឹងប្រើទៅហៅមក | កុំគំហកយកកំហែង |
| កុំហាឡើងហងឯង | ក្រែងកំហល់ទល់កំហឹង ។ |
| កុំហួសពាក្យសម្តី | ការអ្វីៗឱ្យចេះថ្លឹង |
| កុំប្រើព្រួតលើប្រឹង | ក្រែងកើតខឹងវានាំខាត ។ |
| មនុស្សខឹងច្រើនៗខុស | មនុស្សច្រើនឈ្លោះច្រើនប្រមាថ |
| ការល្អច្រើនត្រូវខ្នាត | យើងចង់ស្អាតកុំខ្លាចយូរ ។ |
| ចង់ប្រាជ្ញឱ្យខំប្រឹង | ចងក្បិនតឹងរកស៊ីធូរ |
| គំនិតមុនគំនូរ | រៀនមានគ្រូមានគេរាប់ ។ |
| បម្រើឳពុកម្តាយ | អ្នកនៅឆា្ងយគេច្រើនគាប់ |
| អ្នកណាបម្រើខ្ជាប់ | ធ្លាប់តែខុសមិនដែលត្រូវ ។ |
| ជាតិមនុស្សទោះខ្ពស់ទាប | មិនចោលភាពពីម៉ែឳ |
| ពាក្យមនុស្សវែងជាងផ្លូវ | ស្រូវច្រើនខួបខូចអង្ករ ។ |
| របស់ទ្រព្យថោកថ្លៃ | ទុកសំចៃលៃឱ្យល្អ |
| អុងអាងពាងក្រឡ | ត្រដរទិញកុំឱ្យខ្វះ ។ |
| កើតមកខ្លួនជារាស្ត្រ | ក្រប្រាក់មាសឱ្យមានខ្មាស |
| សារពើគ្រឿងប្រើប្រាស់ | ឱ្យមានចាស់ឱ្យមានថ្មី ។ |
| ពូថៅដឹងកាំបិត | ពន្លាកខ្វិតចបវែងខ្លី |
| ខ្សែសេះគោក្របី | ឫស្សីផ្តៅកាច់សង្រែក ។ |
| ការងាយកុំឱ្យក្រ | អាក្រក់ល្អមានដោយឡែក |
| ថៃ្ងនេះរបេះបាក់បែក | ស្អែកខំរើធ្វើជាឆាប់ ។ |
| ឈ្មោះការប្រើលើដី | កុំចាំស្រីតឿនប្រើប្រាប់ |
| ឱ្យមានគ្រប់ប្រដាប់ | សម្រាប់រាល់ឱ្យសល់ប្រើ ។ |
| កុំខ្ជិលល្ងង់ខ្លៅពេក | ឱ្យចេះដេកឱ្យចេះដើរ |
| ចេះសព្វគាប់ប្រសើរ | កុំចង់ហើរហួសភាពខ្លួន ។ |
| ចង់ក្តីឱ្យរៀនច្បាប់ | រស់និងស្លាប់ឱ្យចេះក្បួន |
| ចេះអ្វីចេះឱ្យមួន | កុំបន្លំផ្សំនឹងគេ ។ |
| កុំដេកចាំសំណាង | កុំក្អេងក្អាងចាំបុព្វេ |
| ខំរកកុំទំនេរ | រេរៀនរិះចេះឱ្យគ្រប់ ។ |
| នឹងដើរស្វែងរកផល | មិនទាន់ដល់កុំអាលឈប់ |
| ឈានខ្លាំងពេកជំពប់ | បើដេកយប់ឱ្យស្គាល់យាម ។ |
| កុំដេកយូរទ្រមឹក | លក់ហួសព្រឹកខុសទំនៀម |
| តែភ្លឺឡើងភ្ញាក់ភ្លាម | ព្រហាមឡើងក្រោកធ្វើការ ។ |
| ជាតិមនុស្សទោះប្រុសស្រី | រាស្ត្រមន្ត្រីជាធម្មតា |
| ពេលព្រឹកតែងឧស្សាហ៍ | ថៃ្ងក្តៅល្អាខ្ជិលល្អិតឆ្អឹង ។ |
| ចង់ធំខំពីតូច | បើខ្លាចខូចកុំឆាប់ខឹង |
| ការអ្វីឱ្យចេះថ្លឹង | កុំប្រឹងជុះតាមដំរី ។ |
| កុំចង់ខ្ពស់ស្មើមេឃ | កុំឱនពេកអាប់រាសី |
| ទោះដើរនិយាយស្តី | លៃឱ្យល្មមតែគួរសម ។ |
| យល់ឆា្ងយកុំណាយគិត | ទោះយល់ជិតកុំអាលខំ |
| មិនជាក់មើលឱ្យចំ | ក្រែងច្រឡំសជាខ្មៅ ។ |
| ទម្លាប់ធំជាងច្បាប់ | បើរៀនត្រាប់កុំត្រាប់ខ្លៅ |
| ត្រាប់ប្រាជ្ញអាចប្រដៅ | ស្តីកូនចៅស្តីឱ្យស្មោះ ។ |
| ស្មឹងស្មឹលសិល្ប៍របៀន | ឱ្យគេរៀនកុំឱ្យអស់ |
| ស្រឡាញ់កុំញ៉េះញ៉ោះ | បើខឹងទាស់កុំឱ្យទាយ ។ |
| ឆ្កែព្រុះកុំព្រួយពេក | ឃើញឆ្កែដេកកុំមើលងាយ |
| កំណប់ដប់សំពាយ | កុំនិយាយប្រាប់សំឡាញ់ ។ |
| សំឡឹងមើលឱ្យសព្វ | បើនឹងស្អប់កុំអាលបាញ់ |
| ក្តីឈ្នះគេចុះចាញ់ | កុំក្នាញ់តាមផ្តន្ទាទៀត ។ |
| បើខឹងកុំរំលោភ | បើនឹងល្មោភឱ្យល្មមមាឌ |
| កុំរមាត់ក្រែងភ្លាត់ស្នៀត | វាតហួសវង់ផុងគំនិត ។ |
| កំណើតអាក្រក់ល្អ | មាននិងក្រពីគំនិត |
| ពីកាលបុព្វេពិត | ងងឹតពេកមើលមិនយល់ ។ |
| ដាំដូងឱ្យខំថែ | ចង់ស៊ីផ្លែឱ្យដុតគល់ |
| បើជួនសំណាងដល់ | រវល់តែស៊ីឆា្ងញ់ពិសា ។ |
| ប្រាជ្ញប្រិតប្រៀបប្រដៅ | ចូរកូនចៅពិចារណា |
| រំពឹងក្នុងប្រាជ្ញា | ស្រាយបញ្ហានេះឱ្យដឹង ។ |
| នេះច្បាប់កេរកាលថ្មី | អស់សេចក្តីតែប៉ុណ្ណឹង |
| កូនប្រុសអ្នកខំប្រឹង | សំឡឹងចាំតទៅមុខ ។ |
| ពីឆ្នាំច តទៅ | ខំធ្វើស្រូវដាក់ជង្រុក |
| អាសូរពាក្យអាពុក | ទុកឱ្យកូនចៅគ្រប់គ្នា ។ |
| អាពុកកាន់តែចាស់ | ស្តាយខ្លួនណាស់ចូលជរា |
| ពាក្យពិតបាំ្ររយឃ្លា | ជាសូរេចម៉្លេះឯងហោង ។ |
| អ្នកប្រាជ្ញភិរម្យល្បី | លើកច្បាប់ថ្មីអស់ល្បត់ល្បង |
| ឈ្មោះ អ៊ូ ហៅ ង៉ុយ ផង | ចងជាច្បាប់សម្រាប់ជន ។ |
| ខ្ញុំសូមផ្សងសច្ចា | កើតជាតិណាសូមមានបុណ្យ |
| មូលកូនមូលប្រពន្ធ | ធនសម្បត្តិសម្បូរចាយ ។ |
| ស្មាលាក្រលំបាក | សូមជៀសចាកចតុរាបាយ |
| សូមល្អពង្សរូបកាយ | កុំឱ្យឆា្ងយពីព្រះពុទ្ធ ។ |
| ប្រាជ្ញាកុំទើសទាល់ | ចេះអាថ៌ធម៌ឱ្យមាំមុត |
| សូមជាប់សីលបរិសុទ្ធ | រលត់ទុក្ខសោករោគភ័យ ។ |
| អានិសង្សបុណ្យខ្ញុំបាន | សាងប៉ុន្មានក្នុងលោកីយ៍ |
| សម្បត្តិសួគ៌ាល័យ | កុំបីឃ្លាតរវាតវែងឆា្ងយ ។ |
| ពីជាតិនេះទៅមុខ | មូលអាពុកជួបមូលម្តាយ |
| បងប្អូនកុំខ្ចាត់ខ្ចាយ | អធិប្បាយចែងចប់ឯវំ ។ |

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…
🕮 ចំនួនអត្ថបទមាន: ៥
📝 ភិរម្យភាសាអ៊ូ ហៅ ង៉ុយ


👉ច្បាប់ក្រមង៉ុយក៏ត្រូវបានបោះពុម្ពផ្សាយ ដោយពុទ្ធសាសនបណ្ឌិត្យ ក្នុង ព.ស.២៥១៦ / គ.ស.១៩៧២ ដែលបានប្រមូលចងក្រងស្នាដៃរបស់គាត់មានដូចជា៖
- ច្បាប់ល្បើកថ្មី (ជាបទកាកគតិ-ឆ្នាំ១៩២២)
- ច្បាប់កេរកាលថ្មី (ជាបទព្រហ្មគីតិ-ឆ្នាំ១៩២២)
- សេចក្ដីរំលឹកដាស់តឿន (ជាបទពាក្យ៧-ឆ្នាំ១៩៣១)
- ពាក្យកាព្យប្រដៅជនប្រុសស្រី (ជាបទពាក្យ៧- មិនដឹងកាលបរិច្ឆេទ, អាចក្នុងឆ្នាំ១៩៣៥ ព្រោះថាស្នាដៃទី៥)
- បណ្ដាំក្រមង៉ុយ (ជាបទព្រហ្មគីតិ- ក្នុងរវាងឆ្នាំ១៩៣៥)
👉ច្បាប់គោរពមាតាបិតា និង កិរិយាចិញ្ចិមជីវិតដោយកម្រ (កំណាព្យ បណ្ឌិត អ៊ូ ចុង)
អ្នកភិរម្យភាសាអ៊ូ ហៅ ង៉ុយ ១៨៦៥ – ១៩៣៦