ច្បាប់​ក្រម

(១)នេះគឺច្បាប់ក្រមប្រសើរឧត្ដមទូន្មានអ្នកផង
ប្រើឱនលំទោនកុំបីមានឆ្គងប្រាជ្ញាបុណ្យផង
កើតដោយប្រណិប័តន៍ ។
នរូអ្នកណាទោះយកអាត្មាចូលសាសន៍ពុទ្ធរត្ន
ចូរធ្វើឱ្យត្រង់ដោយនូវបន្ទាត់ហៅស្វែងសម្បត្ដិ
យកផ្លូវនិព្វាន ។
នរូអ្នកផងទោះដឹងយល់ហោងចិត្ដនោះឱ្យហ៊ាន
បំពេញព្រះផ្នួសដោយព្រះទូន្មានកុំធ្វើលីកលាន
ដោយចិត្ដអន្ធពាល ។
ម្ដាយឪពុកសោតណាស្រឡាញ់ស្ងួនភ្ងាហៅកូនសង្សារ
អាចមកបំបួសហេតុចង់សម្ភារប្រើបង់អន្ធពាល
រៀនដោយក្រមច្បាប់ ។
(៥)សង្វាតសរសេរអស់អញកុំខ្ជិលទើបបានជាគាប់
សង្វាតសូត្ររៀនដោយគ្រូប្រញប្ដកុំធ្វើលេលាប់
ដោយចិត្ដមាក់ងាយ ។
ហៃអស់សាមណេរម្ដាយមកបង្វែរអ្នកជាបាធ្យាយ
សង្វាតសូត្ររៀនដូចលោកទាំងឡាយកុំធ្វើពាយងាយ
ដូចនៅគ្រហស្ថ ។
កុំធ្វើរាយមាយនិងគ្រូបាធ្យាយទុកស្មើអម្ចាស់
សង្វាតសរសេរសូត្ររៀនឱ្យណាស់ប្រាជ្ញាយល់ច្បាស់
នាំញាតិទាំងឡាយ ។
អាសូរមេបាចិញ្ចឹមរក្សាកុំឱ្យអន្តរាយ
អាចយកមកផ្ញើនឹងគ្រូបាធ្យាយហេតុចង់ពណ្ណរាយ
ប្រយោជន៍ទាំងបី ។
មួយចង់ក្ដីច្បាប់ឱ្យខ្លួនបានគាប់នៅនាលោកិយ
មួយចង់ប្រាជ្ញាមិនឱ្យអប្រិយមួយចង់បារមី
នាំញាតិទាំងឡាយ ។
(១០)ហៃអស់សាមណេរកុំធ្វើដែលដែរត្រង់ក្ដីពាយងាយ
លំអុតបម្រើអ្នកជាបាធ្យាយជូនបុណ្យទៅម្ដាយ
ឪពុកទីទៃ ។
សង្វាតសូត្ររៀនកុំធ្វើអៀនប្រៀនក្នុងចិត្ដសព្វថ្ងៃ
លំអុតបម្រើផ្គាប់ដោយហឫទ័យបារម្ភមៃៗ
ច្បាប់កុំបង់ ។
ច្បាប់នេះសោតណាទូន្មានអាត្មាដោយនូវក្រឹត្យសង្ឃ
ត្រង់ណាហៅច្បាប់កាន់ខ្ជាប់កុំបង់ចំណេរទៅលង់
ខ្លួនបានជាធំ ។
សព្វថ្ងៃសោតណាទូន្មានអាត្មាដោយនូវក្រឹត្យក្រម
បម្រើបាធ្យាយឱ្យមានបារម្ភទើបខ្លួនជាធំ
ទៅដល់មហាក្សត្រ ។
ច្បាប់នេះសោតណាទូន្មានអាត្មាថេរនៅពុំបាត់
ទោះខ្លួនឥតបុណ្យបម្រើមហាក្សត្រគោរពប្រតិបត្ដិ
យសនោះពុំលែង ។
(១៥)ហេតុបានដឹងច្បាប់បានដូចបង្គាប់ចិត្ដគ្រូយល់ស្ដែង
ទោះទៅបម្រើស្ដេចជាគម្ដែងយសនោះពុំលែង
ប្រាកដពណ្ណរាយ ។
ក្ដីនេះជាច្បាប់ឱ្យសាមណេរត្រាប់សព្វសរិលទាំងឡាយ
កុំសើចតិះដៀលអ្នកជាបាធ្យាយអ្នកហោងស្មើម្ដាយ
បង្កើតក្ដីច្បាប់ ។
សាមណេរណាៗទោះមានប្រាជ្ញានឹងចង់រៀនច្បាប់
ឱ្យយកត្រចៀកនោះឱ្យចូលស្ដាប់ធ្វើដោយក្រមច្បាប់
នៃគ្រូបាធ្យាយ ។
សាមណេរណាសោតចិត្ដនោះក្រេវក្រោធឱ្យចៀសចេញឆ្ងាយ
ច្បាប់នេះមិនខំសាមណេរទាំងឡាយតាមចិត្ដសប្បាយ
អាត្មាទីទៃ ។
នរូអ្នកណានឹងស្វែងប្រាជ្ញាឱ្យបានខ្លួនថ្លៃ
ចូរដឹងខុសគាប់ដោយអធ្យាស្រ័យផ្គាប់ដោយហឫទ័យ
អ្នកជាបាធ្យាយ ។
(២០)ទោះនឹងស្វែងធម៌ឱ្យមានសម្គាល់កុំធ្វើរាយមាយ
ទោះនឹងស្វែងច្បាប់កាន់ខ្ជាប់កុំណាយកុំឱ្យអន្ដរាយ
នូវច្បាប់ក្រមផង ។
រីគ្រូបាធ្យាយប្រដូចនូវម្ដាយឪពុកយើងផង
ហ្វឹកហ្វឺនប្រដៅមិនឱ្យមានឆ្គងតាមដោយគន្លង
ព្រេងព្រឹទ្ធបូរាណ ។
នរូអ្នកណានឹងស្វែងប្រាជ្ញាជារស្មីប្រាណ
ឱ្យគិតជញ្ជឹងរំពឹងលែងបានកុំធ្វើបំពាន
ប្រទូស្តវឹងស្នង ។
នាបីហៅគ្រូដូចអ្នកនាំផ្លូវដើរដោយគន្លង
ទោះនឹងឆ្ពោះទៅស្រុកតូចធំផងសឹងដូចបំណង
នៃចិត្ដចិន្ដា ។
រីនឹងចេះឯងដូចអ្នកវង្វេងកណ្ដាលអធ្វា
ពុំនោះដូចខ្វាក់តែម្នាក់អាត្មាចរចេញយាត្រា
ឥតអ្នកដឹកដៃ ។
(២៥)សូម្បីរកផ្លូវពុំដែលនឹងត្រូវសឹងពានឯព្រៃ
ហេតុដ្បិតចេះឯងឥតអ្នកដឹកដៃចិត្ដនោះសង្ស័យ
ដូចយល់ពុំដល់ ។
នេះដូចអ្នកផងពុំដោយគន្លងនៃលោកណាយល់
សឹងធ្វើមោហោទោសោកំហល់ពុំអាចទប់ទល់
នាធ្ងន់នាស្រាល ។
ប្រដៅក្ដីច្បាប់សឹងថាពុំគាប់ហេតុចិត្ដអន្ធពាល
ក្ដីច្បាប់ទម្ងន់សឹងថាជាស្រាលហេតុចិត្ដអន្ធពាល
ចង់តែសប្បាយ ។
ពុំដឹងដើមគ្រូបង្កើតអភិរូហ៍ប្រដូចនូវម្ដាយ
ភ្លឺពីមនុស្សលោករួចដល់សួគ៌នាយចៀសចតុរាបាយ
នរកទាំងបួន ។
នាបីហៅគ្រូកុំធ្វើមូទូចិត្ដនោះឱ្យស្ងួន
កុំធ្វើតម្កើងចង់ធំតែខ្លួនក្រែងបាបមកចួន
នៅនាលោកិយ ។
(៣០)រីគ្រូបាធ្យាយអាចឱ្យពណ្ណរាយមានរូបរស្មី
ហើយឱ្យរុងរឿងអស់បញ្ចិន្រ្ទិយស្មើព្រះជននី
ជនកសោតហោង ។
ព្រះជនកសោតណាបង្កើតអាត្មាឱ្យមានសរិលផង
រក្សាពីតូចមិនឱ្យមានហ្មងអស់សុខទុក្ខផង
ពុំដែលនឹងឆ្អន់ ។
ព្រះជនកព្រះជននីបើនឹងស្រដីប្រសើរពេកពន់
ថាភ្នំព្រះសុមេរុ៍នោះហោងមហាធ្ងន់ថាបើនឹងគណន៍
ពុំអាចកន្លង ។
រីគ្រូបាធ្យាយប្រដូចនូវម្ដាយឪពុកឯងហោង
អាចឱ្យក្ដីច្បាប់ប្រដៅធម៌ផងដោយនូវគន្លង
ព្រះពុទ្ធទាំងឡាយ ។
នរូអ្នកណាទោះមានប្រាជ្ញាឱ្យគិតវែងឆ្ងាយ
គុណនោះទាំងបីហៅមហាទូលាយកុំឱ្យអន្ដរាយ
ក្ដីពីព្យាយាម ។
(៣៥)រីបុណ្យនិងបាបអំពើសភាពនោះវាតែងតាម
ប្រដូចស្រមោលអន្ទោលតាមប្រាណពុំដែលចៀសបាន
ត្រង់ក្ដីសល់វ៉ល់ ។
ត្រង់ក្ដីសល់វ៉ល់ ។ហើយឱ្យរំពឹងប្រាជ្ញាឱ្យយល់
ឱ្យមានវិរិយំសច្ចំកុសលកុំធ្វើសល់វ៉ល់
នឹងក្ដីទុក្ខសោក ។
នរូអ្នកណានឹងនាំអាត្មាឧស្សាហ៍អធ្យោគ
ស្វែងធម៌ជាផ្លូវទៅកាន់បរលោកចូលមហាបថមោក្ខ
គឺនិព្វានហោង ៕៚

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ២

📝 នានាកាព្យ

📝ច្បាប់កេរ្ដិ៍កាល
📝ច្បាប់​ក្រម