| (១) | កេរ្ដិ៍កាលពីព្រេងព្រឹទ្ធ | សាងសុចរិតទុកទៀងនៅ |
| សេដ្ឋីផ្ដាំប្រដៅ | បុត្រសង្សារទុកក្រោយហោង ។ | |
| កូនអើយកេរ្ដិ៍មេបា | ចូររក្សាគន់គិតគ្រង | |
| ថែទាំចាំរួសរង | ប្រុងប្រយត្នប្រយោជន៍យូរ ។ | |
| ធម្មតាអ្នកជាជាតិ | ការគេអាទិ៍ឱ្យគិតគូរ | |
| កុំខ្ជិលដេកទទូរ | ដល់ថ្ងៃរះពេញពន្លឺ ។ | |
| តាក់តែងខ្ញុំកំដរ | ទោះចេញទៅរកធ្វើស្រែភ្លឺ | |
| ចិញ្ចឹមគោក្របី | រកខ្សែវល្លិបោះក្រោលឃ្នង ។ | |
| (៥) | ធ្វើស្រែទិសប្រាំបី | ខ្ញុំប្រុសស្រីចេញជួយផង |
| មើលផ្ទះស្រះរបង | វាំងចំណារគួររក្សា ។ | |
| ឱ្យមានក្ដីបារម្ភ | ធ្វើស្រែកុំចោលចម្ការ | |
| ដឹងដែកកាំបិតព្រា | ទុកឱ្យជាកុំឱ្យបាត់ ។ | |
| ដេកយប់ឱ្យរាំងទ្វារ | ទ្រព្យសម្រាលរៀបប្រយត្ន | |
| ចងទូកកុំឱ្យសាត់ | ផ្ទះបាក់បែកឆាប់ទល់ទ្រ ។ | |
| សារពើទ្រព្យអ្វីៗ | ប្រុងស្មារតីទុកឱ្យល្អ | |
| អុសទឹកស្រូវអង្ករ | យកចេញចាយមានកំណត់ ។ | |
| កុំអាងមានទ្រព្យច្រើន | ពុំក្រវើនរកផ្គត់ផ្គង់ | |
| យកចាយចាយដោយបទ | ទោះនឹងទុកៗដោយខ្នាត ។ | |
| (១០) | រទេះសេះដំរី | រាប់បញ្ជីកុំឱ្យឃ្លាត |
| ខ្ញុំណាមានមាយាទ | ទុកដាក់ដៃឱ្យរក្សា ។ | |
| សប្បុរសយល់ដោយមុខ | ស៊ុកគ្រលុកពេកពុំជា | |
| កំណាញ់ក្រៅតម្រា | សោតសឹងអាប់ប្រយោជន៍យស ។ | |
| រក្សាខ្លួនឱ្យរុង | រឿងឧតុង្គឧត្តមខ្ពស់ | |
| ប្រដាប់ដោយសក្ដិយស | ខ្លួនជាធំឱ្យថែថួន ។ | |
| ឱ្យទានតាំងចិត្ដស្មោះ | កុំអាឡោះអាល័យស្ងួន | |
| ទ្រព្យនេះនឹងនាំខ្លួន | ទៅបរលោកពុំសោះសូន្យ ។ | |
| ទ្រព្យធនទោះថោកថ្លៃ | កុំដាក់ដៃឱ្យតែកូន | |
| នូវអស់ទាំងបងប្អូន | អ្នកដទៃរក្សាតាង ។ | |
| (១៥) | ទុកចិត្ដខ្ញុំមើលដាក់ | ស្មើភ្នែកខ្វាក់ទាំងសងខាង |
| ឱ្យកូនគន់មើលតាង | ស្មើភ្នែកម្ខាងពុំពេញពីរ ។ | |
| ធ្វើអ្វីធ្វើឱ្យហើយ | កុំទុកឡើយបង្កើតកិរ | |
| ស្អាតអស់សរិល | កុំឱ្យមានក្ដីមន្ទិល ។ | |
| ដំណេកដេកជាខ្នាត | ឱ្យសម្អាតសំអាងជា | |
| ទើបទេវតារក្សា | ចម្រើនសុខស្រីសួស្ដី ។ | |
| គ្រឹះហាឱ្យផ្ចិតផ្ចង់ | កុំឱ្យផង់ផុយធូលី | |
| ជម្រះបារបោសដី | ឱ្យហ្មត់ហ្មងកើតសុខា ។ | |
| អញ្ជុលទុកឱ្យគង់ | ប្រាក់ក្នុងថង់ទុកឱ្យជា | |
| ប្រើខ្ញុំមើលមុខវា | ទោះកាចជាមើលឱ្យស្ដែង ។ | |
| (២០) | សារពើរួសរៀនរិះ | ឱ្យចាំចេះៗចាចែង |
| ចង់គាប់ប្រើស្វះស្វែង | រករៀនរិះសារពើក្ដី ។ | |
| សប្បុរសពេកចាញ់ធន | នាទុជ៌នចាញ់ឥន្ទ្រិយ | |
| ប្រពន្ធល្អច្រើនចាញ់ប្ដី | ពាក្យច្រើនភូតចាញ់អាត្មា ។ | |
| ឈើផ្លែច្រើនចាញ់ស្លឹក | ត្រីច្រើនទឹកល្អក់ពុំជា | |
| ទ្រព្យច្រើនព្រួយរក្សា | ទ្រព្យតិចណាព្រួយរិះគិត ។ | |
| ដេកយប់កុំដំអក់ | ឱ្យលង់លក់ក្រៅសុចរិត | |
| ខ្ញុំណាមានគំនិត | គួរឱ្យគិតប្រណីវា ។ | |
| ចងទូកបោះបង្គោល | រិះរកថ្នោលពួរយុថ្កា | |
| ការខ្យល់កាចពុំជា | ក្រែងពានពារបោកបែកបាត់ ។ | |
| (២៥) | រៀនរិះសារពើក្ដី | ទោះស្រដីកាន់ពាក្យសត្យ |
| ចាំក្បួនចាំឱ្យស្ទាត់ | កុំអៀនប្រៀនសមពាក្យពោល ។ | |
| ការក្រកុំគិតងាយ | ការសម្ពាយជាកំរោល | |
| សន្សឹមកុំបំបោល | ក្រែងពុំដល់ដូចប្រាថ្នា ។ | |
| រៀនរិះរួសរវាំង | ធ្វើស្រែប្រាំងស្រែវស្សា | |
| ធ្វើស្រែមានចំណារ | ធ្វើចម្ការចាររបង ។ | |
| ផ្លូវវៀចកុំបោះបង់ | ផ្លូវណាត្រង់កុំដើរហោង | |
| ដើរដោយផ្លូវគន្លង | តម្រាយអ្នកចាស់បុរាណ ។ | |
| ឆ្កែជាឱ្យបាយឆី | ដេកនៅដីចាំធនធាន | |
| គ្រឿងសឹកទុកទាហាន | កេរ្ដិ៍គម្ពីរទុកប្រាជ្ញប្រាយ ។ | |
| (៣០) | យល់តូចកុំអាលខំ | ទោះយល់ធំកុំអាលស្រាយ |
| គិតក្ដីកុំគិតងាយ | មើពិនិត្យពិនិស្ច័យ ។ | |
| កូនអើយកេរ្ដិ៍មេបា | ចូររក្សាចាំសព្វថ្ងៃ | |
| ទ្រព្យធនទោះថោកថ្លៃ | គួររក្សាកុំបីធ្លោយ ។ | |
| ពាក្យនេះជាត្រកាល | ជាខ្លឹមសារទៀងទុកឱ្យ | |
| កូនចៅនៅឯក្រោយ | តែងទូន្មានអង្គអាត្មា ។ | |
| ថែទាំទើបគង់ទ្រព្យ | រៀបរណ្ដាប់ទុកទើបជា | |
| ចាយវាយក្រៅតម្រា | សឹងវិនាសធនធានផង ។ | |
| បានមកទុកឱ្យគង់ | កុំឱ្យបង់បាត់បំណង | |
| រៀនរិះរក្សាគ្រង | យកចេញចាយដោយរដូវ ។ | |
| (៣៥) | ដឹងហាបឱ្យដឹងតុល | ភ្នែកឱ្យយល់ទៀងត្រាជូ |
| គិតត្រង់សព្វដោយផ្លូវ | ក្ដីចន្លោះកុំបីមាន ។ | |
| ពាក្យនេះស្មើខ្លួនហើយ | កូនចៅអើយចូរចាំប្រាណ | |
| អស់អាថ៌ឱវាទទាន | ជាសូរេចបណ្ដាំហោង ៕៚ |
ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីសវិចារកថា កែវ ឈុន ៖ ច្បាប់កេរ្ដិ៍កាល ជាស្នាដៃរបស់កវីដ៏ឆ្នើមម្នាក់ ប៉ិនប្រសព្វទាំងសម្ដីថ្វីមាត់ ទាំងការកត់ត្រាតែងនិពន្វ ហើយជាអ្នកខំប្រឹងប្រែងធ្វើការរកស៊ីយ៉ាងខ្លាំង រហូតក្លាយខ្លួន អ្នកមានស្ដុកស្ដម ជាសេដ្ឋីមានទ្រព្យសម្បត្ដិយ៉ាងមហាសាលទៀតផង ។ បទកំណាព្យផ្ដែផ្ដាំ ទូន្មានកូនចៅក្នុងច្បាប់កេរ្ដិ៍កាល អ្នកនិពន្ធបានលើកឡើង អំពីការប្រកបកិច្ចការរកស៊ីប្រចាំថ្ងៃធម្មតាៗ របស់កសិករខ្មែរយើង ដូចជាការនែនាំឱ្យកូនចៅមានស្មារតីភ្ញាក់រឭក កុំឱ្យខ្ជិលច្រអូស ដេកដល់ថ្ងៃរះ ត្រូវក្រោករូតរះមើលថែរក្សាគោក្របីផ្ទះសម្បែង ខំប្រឹងប្រែងប្រកបកិច្ចការងារគ្រប់បែបយ៉ាង ធ្វើស្រែទាំងប្រាំង ទាំងវស្សា ទាំងចម្ការកុំឱ្យនៅទំនេរដៃសោះឡើយ ។
ក្រៅពីកិច្ចការ អ្នកនិពន្ធនៅបានផ្ដែផ្ដាំទូន្មានអំពីសីលធម៌ សុជីវធម៌ នៅក្នុងការរស់នៅឱ្យបានខ្ពស់ប្រសើរ ដោយបានធ្វើការប្រៀបធៀបអំពីហេតុផលជាក់ស្ដែង ជាច្រើនប្រការ ដូចជាថា កុំចិញ្ចឹមសត្វខ្លា កាន់កពស់ឱ្យខ្ជាប់ អូសទូកកុំឱ្យល្អាន អ្នកប្រាជ្ញរក្សាខ្លៅ អ្នកមានរក្សាខ្សត់ជាដើម និងមានពាក្យប្រៀបធៀបសាមញ្ញៗ ណែងណងជាច្រើនទៀត មានន័យជ្រាលជ្រៅ ពីរោះដក់ជាប់ចិត្ដរកអ្វីប្រៀបពុំបានឡើយ ។ អត្ថន័យក្នុងបទកំណាព្យច្បាប់កេរ្ដិ៍កាល បង្ហាញឱ្យឃើញជាក់ច្បាស់ថា អ្នកនិពន្ធគឺជាកសិករម្នាក់ ហើយដោយសារការឧស្សាហ៍ព្យាយាមខំប្រឹងប្រែងធ្វើការងារយ៉ាងច្រើន ក៏បានក្លាយទៅជាអ្នកមានទ្រព្យសម្បត្ដិយ៉ាងស្តុកស្ដមមហាសាល មិនមែនខ្ជិលច្រអូស ទន់ជ្រាយរវេបរវបដេកចាំព្រេងសំណាងនោះទេ គឺជាការភ្ញាក់រឭកទាន់ពេលវេលា ខ្នះខ្នែងមាំមួន រឹងប៉ឹងទាំងផ្នែកសតិអារម្មណ៍ បញ្ញាស្មារតី ឥតបណ្ដែតបណ្ដោយ ឱ្យធ្លាក់ចូលទៅក្នុងអបាយមុខដោយប្រការណាមួយឡើយ ។
