បុណ្យចូលព្រះវស្សា

យល់ដឹងបុណ្យចូលព្រះវស្សា

តាម​ទំនៀម​ជា​ប្រពៃណី​នៃ​ព្រះពុទ្ធសាសនា ព្រះសង្ឃ​ទាំងឡាយ​គ្រប់​អារាម​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​និមន្ត​ចូលកាន់​ព្រះវស្សា​អស់​ថិរវេលា ៣ ខែ ចាប់តាំងពី​ថ្ងៃ ១ រោច ខែអាសាឍ ​ដល់ ១៥ កើត ខែកត្តិក ។​

ពាក្យ​ថា “​វស្សា​” មកពី​ពាក្យ​បាលី​ថា​: “​វ​ស្សៈ​” ប្រែ​ថា “​ភ្លៀង​” ឬ “​រដូវភ្លៀង​” ដែលមាន​កំណត់ ៤ ខែ (​រាប់​ពីថ្ងៃ ១ រោច ខែអាសាឍ ដល់ ១៥ កើត ខែកត្តិក​) ។

ព្រះ​បរម​សា​សា្ត​យើង​ទ្រង់​បា​នប​ញ្ញ​តិ្ត​ឲ្យ​មាន​កិច្ច​ចូល​ព្រះវស្សា​នេះ ប៉ុន្តែ​សព្វថ្ងៃ​នៅ​ប្រទេស​កម្ពុជា ការចូល​ព្រះវស្សា​មានកំណត់​ត្រឹមតែ ៣ ខែ​ទេ (​រាប់​ពីថ្ងៃ ១ រោច ខែអាសាឍ ដល់ ១៥ កើត ខែ អស្សុជ​) ។

ក្នុង​រយៈវេលា ៣ ខែ​នេះ នៅ​គ្រប់​ព្រះវិហារ​នៃ​ទី​វត្ត​ទាំងឡាយ គេ​តែង​រក្សា​ភ្លើងទៀន​ព្រះវស្សា​ឲ្យ​នៅ​ឆេះ​ជានិច្ច ។ តួ​ទាន​ធ្វើ​អំពី​ឈើ មាន​ទំហំ​ប្រមាណ ២ ចាប់ កម្ពស់ ២ ហត្ថ មាន​រចនា​ក្បាច់​យ៉ាង​ល្អ និង​រំលេច​ពណ៌​ដ៏​ប្រណីត​ផង ។ ខាងក្នុង​តួ​ពុម្ព​ទៀន​មាន​ដោត​អំបោះឆៅ​ជា​ប្រឆេះ ហើយ​គេ​បង្ហូរ​ក្រមួនឃ្មុំ​ចូលទៅក្នុង​ពុម្ព​នោះ ប៉ុន្តែ​ដោយ​ក្រមួនឃ្មុំ​ពុំ​សូវ​សម្បូរ គេ​និយម​ប្រើ​ប្រេង​ជំនួស​វិញ ហើយ​ចាក់​ក្រមួន​ឲ្យ​មាន​កម្រាស់​តែ ៥ ធ្នាប់​ខាងលើ​ទេ ។

លុះ​ឆេះ​អស់សាច់​ក្រមួន​ហើយ ទើប​ឆេះ​ដល់​ប្រេង គេ​ធ្វើ​ដូច្នេះ​ដើម្បី​ឲ្យ​ទៀន​នោះ​ឆេះ​ជាប់​ដរាប​គ្រប់ ៣ ខែ ។

កាល​ដល់​ថ្ងៃ​កំណត់​ចូល​ព្រះវស្សា​ហើយ ព្រះករុណា ឬ​ព្រះរាជវង្សានុវង្ស​មួយអង្គ ទ្រង់​យាង​ចេញ​អុជ​ទៀនវស្សា​ទាំង​បួន យ៉ាង​ឧឡា​រឹក​រៀងរាល់ឆ្នាំ ។ បណ្ដា​ទៀនវស្សា​ទាំង ៤ នោះ ទៀន​មួយ​ត្រូវ​តម្កល់​នៅ​ហោព្រះ​រូប ក្នុង​ព្រះបរមរាជវាំង ដែលជា​កន្លែង​តម្កល់​ព្រះ​ពុទ្ធរូប ។ ទៀន​មួយទៀត​តម្កល់​នៅក្នុង​ហោព្រះអដ្ឋិ នៅក្នុង​ព្រះទីនាំង​ទេវាវិនិច្ឆ័យ ដែល​ជាទី​តម្កល់​នូវ​កោដ្ឋ​អដ្ឋិធាតុ របស់​ក្រុមព្រះ​រាជវង្សានុវង្ស ។ ទៀន​ទី ៣ តម្កល់​នៅក្នុង​ហោព្រះ​ខាន់ ទៀន​ទី ៤ តម្កល់​នៅក្នុង​ព្រះវិហារ​ព្រះ​កែវ​មរកត ។ ម្យ៉ាងទៀត​ព្រះករុណា​ទ្រង់​តម្រូវ​ឲ្យ​ធ្វើ​ទៀន​ទៅ​តម្កល់​នៅ​ទី​វត្ត​ក្នុង​ព្រះរាជ​ធានី និង​ទីវ​ត្ត​ជិតៗ​នៅក្នុង​ទីក្រុង​ផង ហេតុ​នេះហើយ​ទើប​ទៀនវស្សា​ព្រះរាជ​ទ្រព្យ​មាន​ដល់​ទៅ ១៩ ដើម ។​

នៅ​ថ្ងៃ​ដែល​ធ្វើ​ពិធី​អុជ​ទៀនវស្សា​នៅ​ព្រះបរមរាជវាំង ក្រុម​បារគូបុរោហិត​រៀបចំ​ធ្វើ​ពិធី​អញ្ជើញ​ព្រះ​បញ្ច​ក្សេត្រ​ឲ្យ​ចូលកាន់​ព្រះវស្សា​ដែរ ។ ចាប់តាំងពី​ថ្ងៃពេញបូណ៌មី ខែអាសាឍ គឺ​មុន​ថ្ងៃ​ចូល​ព្រះវស្សា​មួយថ្ងៃ គេ​សង្កេតឃើញ​មាន​ភាព​អ៊ូអរ​ស្ទើរតែ​គ្រប់​វត្ត​អារាម ។ ពី​ព្រលឹម ព្រះសង្ឃ​ទាំងឡាយ​ដែល​នៅក្នុង​វត្ត​និមន្ត​ចូលទៅក្នុង​ព្រះវិហារ​ដើម្បី​ថ្វាយបង្គំ​ព្រះ​រតនត្រ័យ និង​ស្វាធ្យាយ​ធម៌​ដារ​បញ្ជូន​ផលានិសង្ស​ដល់​វិញ្ញាណក្ខន្ធ អ្នក​ដែល​ធ្វើ​មរណភាព​ទៅហើយ ។ ដល់​ថ្ងៃត្រង់ ពួក​​ទាយក ទាយិកា​រៀបចំ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ ពេល​ល្ងាច​ព្រះសង្ឃ​សម្ដែងធម៌​ទេសនា​ជាការ​ស្រេច ។​

ថ្ងៃជា​បន្ទាប់​មកជា​ថ្ងៃ​ចូល​ព្រះវស្សា នៅវេលា​រសៀល គេ​ធ្វើ​ពិធី​ហែ​ទៀន​ព្រះវស្សា និង​គ្រឿង​បរិក្ខារ​ផ្សេងៗ មាន​សំពត់​វ​ស្សិកសា​ដក​ជាដើម ប្រទក្សិណ​ព្រះវិហារ ៣ ជុំ​ជាមុន ទើប​នាំ​ទៀន​ចូលទៅ​វេរ​ទៀន រួច​ទើប​អុជ​ទៀន​នោះ​ជា​ក្រោយ ។ នៅ​ឱកាស​នោះគេ​និមន្ត​ព្រះសង្ឃ​ឲ្យ​គង់​តាម​លំដាប់​វស្សា​ចាស់​-​ថ្មី ។ ព្រះសង្ឃ​ដែល​ចាស់វស្សា​ជាងគេ ប្រកាសប្រាប់​ទីប្រជុំ​ថា ថ្ងៃនេះ​ជា​ថ្ងៃ​ចូល​ព្រះវស្សា ដែលមាន​ថិរវេលា ៣ ខែ ឲ្យ​ព្រះសង្ឃ​ឯទៀត​ថា​តាម ។​

ក្នុង​កំណត់​រដូវ​ចូល​វស្សា ៣ ខែ​នោះ ព្រះសង្ឃ​អាចនិមន្តទៅកាន់ទីនិគមន៍ណាក៏បាន ប៉ុន្តែត្រូវនិមន្តមកដល់វត្តវិញឱ្យបានមុនពេលអរុណរះនៃថ្ងៃដែលលោកនិមន្តចេញទៅនោះ ។ បើកាលណា​មាន​កិច្ច​ពិសេស ព្រះសង្ឃ​អាច​និមន្ត​ទៅផ្ទះ​ឯកជន​បាន បើប្រសិន​ជា​គេ​និមន្ដ ឬ​បើ​មានធុរៈ​ញោម​ឈឺ ឬក៏​ឧបជ្ឈាយ៍​អាចារ្យ​ឈឺ លោក​អាច​ចេញទៅ​គង់​ក្រៅ​អារាម​បាន ប៉ុន្តែ​ត្រូវ​កុំ​ឲ្យ​ហួស​ពី ៧ ថ្ងៃ ។ មុននឹង​ចេញទៅ លោក​ត្រូវ​ទៅ​ទូល​លោកគ្រូ​ជា​មេវត្ត​សិន ដោយ​សន្យា​នឹង​លោក​ថា នឹង​វិល​មកវិញ​ឲ្យ​ទាន់​មុន អរុណរះ​នៃ​ថ្ងៃទី ៧ មិន​ខាន ហៅថា ការលើកសត្តាហៈ ។ ដល់ពេល​ត្រឡប់​ចូល​ទី​អារាម​វិញ​ភ្លាម ត្រូវ​ចូលទៅ​បង្ហាញខ្លួន​ដល់​លោកគ្រូ​មេវត្ត​ជា​តំណាង ។​
ជួនកាល​មាន​ព្រះសង្ឃ​ខ្លះ​ពុំបាន​ចូល​ព្រះវស្សា​តាម​កំណត់​កាល​វេលា ដោយ​មានធុរៈ​អ្វីមួយ ឬ​ដោយ​រោគាពាធ​នោះ លោក​អាច​ចូល​ប​ច្ឆិ​មិ​ត​វស្សា​បាន គឺ​លោក​ចូល​នៅ​ថ្ងៃ ១ រោច ខែស្រាព​ណ៍ ហើយ​ត្រូវ​គិត​វស្សា​ឲ្យ​គ្រប់ ៣ ខែ​ដូច​លោក​ដែល​ចូល​មុន គឺ​ត្រូវ​ចេញ​វិញ​នៅ​ថ្ងៃ ១ រោច ខែកត្តិក ៕

បុណ្យចូលព្រះវស្សា គឺជាបុណ្យក្នុងព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបព្វជិត តែងចូលវស្សាតាមពុទ្ធានុញ្ញាត អស់រយៈពេល៣ខែ (មួយត្រៃមាស) ក្នុងវស្សានរដូវ ដោយមិនដាច់វស្សា។

ចំណែកឯពុទ្ធបរិស័ទជាទាយកទាយិកា ឧបាសក ឧបាសិកា វិញក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ជាពិសេសគឺចាត់ចែងវស្សិកសាដក (សំពត់សម្រាប់ងូតទឹកភ្លៀង) ដែលនិយមហៅថា សំពត់សាដកចំណាំវស្សា ព្រមទាំងប្រេងកាត ទៀន ធូប និងភេសជ្ជៈមួយចំនួនទៀតតាមលទ្ធភាព ។

ពាក្យថា វស្សា មកអំពីពា្យបាលីថា វស្ស ប្រែថាភ្លៀង ឬរដូវភ្លៀង ដែលមានកំណត់រយៈពេល៤ខែ គឺរាប់ពីថ្ងៃ១រោច ខែអាសាឍ រហូតដល់ថ្ងៃ១៥កើត ខែកត្តិក រយៈពេលនោះឯង ហៅថាវស្សានរដូវ។ ព្រះបរមសាស្តានៃយើង ព្រះអង្គទ្រង់អនុញ្ញាតឱ្យព្រះភិក្ខុសង្ឃ មានកិច្ចចូលចាំវស្សានេះ ពីព្រោះមានហេតុខាងដើម២យ៉ាងគឺ៖

១. ភិក្ខុទាំងឡាយត្រាច់ចរទៅកាន់ទីកន្លែងផ្សេងៗដទៃនោះ មានគួរខ្លះ មិនគួរខ្លះ មានការដើរជាន់នៅភូតគាម (ស្មៅ) ពិជគាម (សត្វតូចៗ) និងធញ្ញជាតិផ្សេងៗ ដែលជាហេតុនាំឱ្យអ្នកស្រុករិះគន់តិះដៀល និងពោលនូវទោសដែលមានដោយប្រការផ្សេងៗ។

២. ជារដូវភ្លៀងជោកជាំផង ព្រះពុទ្ធអង្គមានបំណងកុំឱ្យបព្វជិតក្នុងសាសនាលំបាកក្នុងការធ្វើដំណើរទៅមក គឺឱ្យនៅចាំវស្សាតែមួយកន្លែងអស់រយៈពេល៣ខែ។

ក្នុងវិន័យបិដកបានចែងថា ការចូលវស្សាមាន២យ៉ាងគឺ៖

ទី១. ហៅថា បុរិមិកាវស្សា ការចូលវស្សាមុនដំបូងចាប់ពីថ្ងៃ១រោច ខែអាសាធ តទៅអស់១ត្រៃមាស (៣ខែ) ទើបចេញវស្សានៅថ្ងៃ១៥កើត ខែអស្សុជ។

ឯទី២. ហៅថា បច្ឆិមិកាវស្សា ការចូលវស្សា លើកក្រោយ ( ក្រោយថ្ងៃចូលវស្សាលើកដំបូងចំនួន១ខែ ) គិតចាប់ពីថ្ងៃ១រោច ខែស្រាពណ៍ តទៅ ដល់ថ្ងៃ១៥កើត ខែកត្តិក ទើបត្រូវចេញ។ ការចូលវស្សាលើកក្រោយនេះ ព្រះពុទ្ធទ្រង់អនុញ្ញាតដល់សាវ័ក ក្រែងមានកិច្ចរវល់ប្រការណាមួយដែលពុំអាចចូលវស្សាទី១ ឱ្យចូលវស្សាទី២បាន។

កំពុងផ្ទុកប្រតិទិនខ្មែរ...

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

💡 យល់ដឹង!

💡នំអន្សម
💡បុណ្យចូលព្រះវស្សា
💡មាឃបូជា
💡រដូវខ្មែរ
💡វិសាខបូជា

🫅 ប្រាសាទខ្មែរ

🫅គ្រឿង​បញ្ចុះ​ក្នុង​ប្រាសាទ
🫅ប្រភេទចម្លាក់ខ្មែរ
🫅ប្រភេទប្រាសាទ
🫅ផ្ទាំង​ចម្លាក់​ទេព​ប្រាំបួន​អង្គ
🫅រចនាសម្ព័ន្ធប្រាសាទ
🫅វិវត្តន៍ចម្លាក់ខ្មែរ
🫅សំណង់ប្រាសាទខ្មែរ