យល់ដឹងបុណ្យចូលព្រះវស្សា
តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាមក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថិរវេលា ៣ ខែ ចាប់តាំងពីថ្ងៃ ១ រោច ខែអាសាឍ ដល់ ១៥ កើត ខែកត្តិក ។
ពាក្យថា “វស្សា” មកពីពាក្យបាលីថា: “វស្សៈ” ប្រែថា “ភ្លៀង” ឬ “រដូវភ្លៀង” ដែលមានកំណត់ ៤ ខែ (រាប់ពីថ្ងៃ ១ រោច ខែអាសាឍ ដល់ ១៥ កើត ខែកត្តិក) ។
ព្រះបរមសាសា្តយើងទ្រង់បានបញ្ញតិ្តឲ្យមានកិច្ចចូលព្រះវស្សានេះ ប៉ុន្តែសព្វថ្ងៃនៅប្រទេសកម្ពុជា ការចូលព្រះវស្សាមានកំណត់ត្រឹមតែ ៣ ខែទេ (រាប់ពីថ្ងៃ ១ រោច ខែអាសាឍ ដល់ ១៥ កើត ខែ អស្សុជ) ។
ក្នុងរយៈវេលា ៣ ខែនេះ នៅគ្រប់ព្រះវិហារនៃទីវត្តទាំងឡាយ គេតែងរក្សាភ្លើងទៀនព្រះវស្សាឲ្យនៅឆេះជានិច្ច ។ តួទានធ្វើអំពីឈើ មានទំហំប្រមាណ ២ ចាប់ កម្ពស់ ២ ហត្ថ មានរចនាក្បាច់យ៉ាងល្អ និងរំលេចពណ៌ដ៏ប្រណីតផង ។ ខាងក្នុងតួពុម្ពទៀនមានដោតអំបោះឆៅជាប្រឆេះ ហើយគេបង្ហូរក្រមួនឃ្មុំចូលទៅក្នុងពុម្ពនោះ ប៉ុន្តែដោយក្រមួនឃ្មុំពុំសូវសម្បូរ គេនិយមប្រើប្រេងជំនួសវិញ ហើយចាក់ក្រមួនឲ្យមានកម្រាស់តែ ៥ ធ្នាប់ខាងលើទេ ។
លុះឆេះអស់សាច់ក្រមួនហើយ ទើបឆេះដល់ប្រេង គេធ្វើដូច្នេះដើម្បីឲ្យទៀននោះឆេះជាប់ដរាបគ្រប់ ៣ ខែ ។
កាលដល់ថ្ងៃកំណត់ចូលព្រះវស្សាហើយ ព្រះករុណា ឬព្រះរាជវង្សានុវង្សមួយអង្គ ទ្រង់យាងចេញអុជទៀនវស្សាទាំងបួន យ៉ាងឧឡារឹករៀងរាល់ឆ្នាំ ។ បណ្ដាទៀនវស្សាទាំង ៤ នោះ ទៀនមួយត្រូវតម្កល់នៅហោព្រះរូប ក្នុងព្រះបរមរាជវាំង ដែលជាកន្លែងតម្កល់ព្រះពុទ្ធរូប ។ ទៀនមួយទៀតតម្កល់នៅក្នុងហោព្រះអដ្ឋិ នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ដែលជាទីតម្កល់នូវកោដ្ឋអដ្ឋិធាតុ របស់ក្រុមព្រះរាជវង្សានុវង្ស ។ ទៀនទី ៣ តម្កល់នៅក្នុងហោព្រះខាន់ ទៀនទី ៤ តម្កល់នៅក្នុងព្រះវិហារព្រះកែវមរកត ។ ម្យ៉ាងទៀតព្រះករុណាទ្រង់តម្រូវឲ្យធ្វើទៀនទៅតម្កល់នៅទីវត្តក្នុងព្រះរាជធានី និងទីវត្តជិតៗនៅក្នុងទីក្រុងផង ហេតុនេះហើយទើបទៀនវស្សាព្រះរាជទ្រព្យមានដល់ទៅ ១៩ ដើម ។
នៅថ្ងៃដែលធ្វើពិធីអុជទៀនវស្សានៅព្រះបរមរាជវាំង ក្រុមបារគូបុរោហិតរៀបចំធ្វើពិធីអញ្ជើញព្រះបញ្ចក្សេត្រឲ្យចូលកាន់ព្រះវស្សាដែរ ។ ចាប់តាំងពីថ្ងៃពេញបូណ៌មី ខែអាសាឍ គឺមុនថ្ងៃចូលព្រះវស្សាមួយថ្ងៃ គេសង្កេតឃើញមានភាពអ៊ូអរស្ទើរតែគ្រប់វត្តអារាម ។ ពីព្រលឹម ព្រះសង្ឃទាំងឡាយដែលនៅក្នុងវត្តនិមន្តចូលទៅក្នុងព្រះវិហារដើម្បីថ្វាយបង្គំព្រះរតនត្រ័យ និងស្វាធ្យាយធម៌ដារបញ្ជូនផលានិសង្សដល់វិញ្ញាណក្ខន្ធ អ្នកដែលធ្វើមរណភាពទៅហើយ ។ ដល់ថ្ងៃត្រង់ ពួកទាយក ទាយិការៀបចំចង្ហាន់ប្រគេនព្រះសង្ឃ ពេលល្ងាចព្រះសង្ឃសម្ដែងធម៌ទេសនាជាការស្រេច ។
ថ្ងៃជាបន្ទាប់មកជាថ្ងៃចូលព្រះវស្សា នៅវេលារសៀល គេធ្វើពិធីហែទៀនព្រះវស្សា និងគ្រឿងបរិក្ខារផ្សេងៗ មានសំពត់វស្សិកសាដកជាដើម ប្រទក្សិណព្រះវិហារ ៣ ជុំជាមុន ទើបនាំទៀនចូលទៅវេរទៀន រួចទើបអុជទៀននោះជាក្រោយ ។ នៅឱកាសនោះគេនិមន្តព្រះសង្ឃឲ្យគង់តាមលំដាប់វស្សាចាស់-ថ្មី ។ ព្រះសង្ឃដែលចាស់វស្សាជាងគេ ប្រកាសប្រាប់ទីប្រជុំថា ថ្ងៃនេះជាថ្ងៃចូលព្រះវស្សា ដែលមានថិរវេលា ៣ ខែ ឲ្យព្រះសង្ឃឯទៀតថាតាម ។
ក្នុងកំណត់រដូវចូលវស្សា ៣ ខែនោះ ព្រះសង្ឃអាចនិមន្តទៅកាន់ទីនិគមន៍ណាក៏បាន ប៉ុន្តែត្រូវនិមន្តមកដល់វត្តវិញឱ្យបានមុនពេលអរុណរះនៃថ្ងៃដែលលោកនិមន្តចេញទៅនោះ ។ បើកាលណាមានកិច្ចពិសេស ព្រះសង្ឃអាចនិមន្តទៅផ្ទះឯកជនបាន បើប្រសិនជាគេនិមន្ដ ឬបើមានធុរៈញោមឈឺ ឬក៏ឧបជ្ឈាយ៍អាចារ្យឈឺ លោកអាចចេញទៅគង់ក្រៅអារាមបាន ប៉ុន្តែត្រូវកុំឲ្យហួសពី ៧ ថ្ងៃ ។ មុននឹងចេញទៅ លោកត្រូវទៅទូលលោកគ្រូជាមេវត្តសិន ដោយសន្យានឹងលោកថា នឹងវិលមកវិញឲ្យទាន់មុន អរុណរះនៃថ្ងៃទី ៧ មិនខាន ហៅថា ការលើកសត្តាហៈ ។ ដល់ពេលត្រឡប់ចូលទីអារាមវិញភ្លាម ត្រូវចូលទៅបង្ហាញខ្លួនដល់លោកគ្រូមេវត្តជាតំណាង ។
ជួនកាលមានព្រះសង្ឃខ្លះពុំបានចូលព្រះវស្សាតាមកំណត់កាលវេលា ដោយមានធុរៈអ្វីមួយ ឬដោយរោគាពាធនោះ លោកអាចចូលបច្ឆិមិតវស្សាបាន គឺលោកចូលនៅថ្ងៃ ១ រោច ខែស្រាពណ៍ ហើយត្រូវគិតវស្សាឲ្យគ្រប់ ៣ ខែដូចលោកដែលចូលមុន គឺត្រូវចេញវិញនៅថ្ងៃ ១ រោច ខែកត្តិក ៕
បុណ្យចូលព្រះវស្សា គឺជាបុណ្យក្នុងព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបព្វជិត តែងចូលវស្សាតាមពុទ្ធានុញ្ញាត អស់រយៈពេល៣ខែ (មួយត្រៃមាស) ក្នុងវស្សានរដូវ ដោយមិនដាច់វស្សា។
ចំណែកឯពុទ្ធបរិស័ទជាទាយកទាយិកា ឧបាសក ឧបាសិកា វិញក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ជាពិសេសគឺចាត់ចែងវស្សិកសាដក (សំពត់សម្រាប់ងូតទឹកភ្លៀង) ដែលនិយមហៅថា សំពត់សាដកចំណាំវស្សា ព្រមទាំងប្រេងកាត ទៀន ធូប និងភេសជ្ជៈមួយចំនួនទៀតតាមលទ្ធភាព ។
ពាក្យថា វស្សា មកអំពីពា្យបាលីថា វស្ស ប្រែថាភ្លៀង ឬរដូវភ្លៀង ដែលមានកំណត់រយៈពេល៤ខែ គឺរាប់ពីថ្ងៃ១រោច ខែអាសាឍ រហូតដល់ថ្ងៃ១៥កើត ខែកត្តិក រយៈពេលនោះឯង ហៅថាវស្សានរដូវ។ ព្រះបរមសាស្តានៃយើង ព្រះអង្គទ្រង់អនុញ្ញាតឱ្យព្រះភិក្ខុសង្ឃ មានកិច្ចចូលចាំវស្សានេះ ពីព្រោះមានហេតុខាងដើម២យ៉ាងគឺ៖
១. ភិក្ខុទាំងឡាយត្រាច់ចរទៅកាន់ទីកន្លែងផ្សេងៗដទៃនោះ មានគួរខ្លះ មិនគួរខ្លះ មានការដើរជាន់នៅភូតគាម (ស្មៅ) ពិជគាម (សត្វតូចៗ) និងធញ្ញជាតិផ្សេងៗ ដែលជាហេតុនាំឱ្យអ្នកស្រុករិះគន់តិះដៀល និងពោលនូវទោសដែលមានដោយប្រការផ្សេងៗ។
២. ជារដូវភ្លៀងជោកជាំផង ព្រះពុទ្ធអង្គមានបំណងកុំឱ្យបព្វជិតក្នុងសាសនាលំបាកក្នុងការធ្វើដំណើរទៅមក គឺឱ្យនៅចាំវស្សាតែមួយកន្លែងអស់រយៈពេល៣ខែ។
ក្នុងវិន័យបិដកបានចែងថា ការចូលវស្សាមាន២យ៉ាងគឺ៖
ទី១. ហៅថា បុរិមិកាវស្សា ការចូលវស្សាមុនដំបូងចាប់ពីថ្ងៃ១រោច ខែអាសាធ តទៅអស់១ត្រៃមាស (៣ខែ) ទើបចេញវស្សានៅថ្ងៃ១៥កើត ខែអស្សុជ។
ឯទី២. ហៅថា បច្ឆិមិកាវស្សា ការចូលវស្សា លើកក្រោយ ( ក្រោយថ្ងៃចូលវស្សាលើកដំបូងចំនួន១ខែ ) គិតចាប់ពីថ្ងៃ១រោច ខែស្រាពណ៍ តទៅ ដល់ថ្ងៃ១៥កើត ខែកត្តិក ទើបត្រូវចេញ។ ការចូលវស្សាលើកក្រោយនេះ ព្រះពុទ្ធទ្រង់អនុញ្ញាតដល់សាវ័ក ក្រែងមានកិច្ចរវល់ប្រការណាមួយដែលពុំអាចចូលវស្សាទី១ ឱ្យចូលវស្សាទី២បាន។
