របស់ដែលមនុស្សប្រាថ្នា

របស់ឆ្នើមដែលមនុស្សប្រាថ្នា

អរោគ្យបរមា លាភា សន្តុដ្ឋីបរមំ ធនំ វិស្សាសបរមា ញាតិ និព្វានំ បរមំ សុខំ ។

“សុខភាពល្អចាត់ជាកំពូលនៃលាភ សន្តោសចាត់ជាកំពូលនៃទ្រព្យ សេចក្តីស្និទ្ធស្នាលចាត់ជា កំពូលនៃញាតិ និព្វានចាត់ជាកំពូលនៃសុខ” ។

     បំណងប្រាថ្នា ឬ តម្រុវការរបស់មនុស្សមានច្រើនបែបច្រើនយ៉ាងណាស់ ព្រោះម្នាក់ៗមាន ចិត្ត គំនិតផ្សេងៗគ្នា ប៉ុន្តែមានធម្មជាតិម្យ៉ាងដែលដូចគ្នានោះ គឺ ទោះបីជាប្រាថ្នាចង់បានអ្វីណានីមួយ ក៏សុទ្ធតែប្រាថ្នាចង់បាន បំណានឆ្នើមទាំងអស់ ដូចជា ប្រាថ្នាចង់បានសេចក្តីសុខ ក៏ចង់បានតែ សេចក្តី សុខណាដែលឆ្នើមប្រណីត ប្រាថ្នាចង់បានបុត្រធីតាក៏ចង់បាន តែបុត្រធីតាណាដែលល្អ ឆ្នើមជាដើម ពីព្រោះម្នាក់ៗបានផ្គងបំណងប្រាថ្នា របស់ខ្លួនទុកថាបើបានអ្វីឬបានជាអ្វីក៏សូម ឲ្យ បាន ឬឲ្យជាអ្វីៗដែលឆ្នើមប្រណីត ល្អលើសលន់អ្វីៗទាំងពួង ។

    ក្នុងព្រះពុទ្ធសាសនា បានសម្តែងរបស់ឆ្នើមឲ្យមនុស្សជ្រើសរើសយកតាមតម្រូវការទុកជាច្រើន ប៉ុន្តែនៅទីនេះ បានសម្តែងទុក ៤ យ៉ាង គឺ

  1. សុខភាពល្អចាត់ជាកំពូលនៃលាភ មានន័យថា បណ្តាលាភដែលយើងប្រាថ្នាចង់បាននោះ គ្មានអ្វីដែលល្អប្រសើរស្មើនឹងសុខភាពនោះទេ សុខភាពល្អជាសញ្ញាបង្ហាញថាបុគ្គលនោះ គ្មាន រោគបៀតបៀន គ្មានជម្ងឺមកញាំញីរំខានសេចក្តីសុខ ចាត់ទុកថាបានលាភដ៏ប្រសើរខ្ពង់ខ្ពស់ ទោះ បីជាបានមាសបានប្រាក់ បានយសស័ក្តិ ឬ តំណែងជាន់ខ្ពស់ប៉ុនណាក៏ដោយ ប៉ុន្តែបើមាន ជម្ងឺ បៀតបៀន មានតែឈឺប៉ផ្តើតប៉ផ្តក់ មួយថ្ងៃកាត់មួយថ្ងៃកោរ តើនឹងមានសេចក្តីសុខក្នុងជីវិត យ៉ាង ណា បាន? មាសប្រាក់ ឬ យសសក្តិតើមាន សារៈសំខាន់អ្វី ឬ ជួយអ្វីបានក្នុងរឿង សេចក្តី សុខ ?
  2. សន្តោសចាត់ជាកំពូលនៃទ្រព្យ មានន័យថាសន្តោសគឺ​សេចក្តីត្រេកអរពេញចិត្តនឹងចំណូល ដែលខ្លួនរកបាន ពេញចិត្តនឹងទ្រព្យដែលខ្លួនមានស្រាប់ ពេញចិត្តនឹងតំណែងដែលខ្លួនកាន់ មិន ល្មោភលោភលន់ហួសហេតុពេកស្គាល់ស្កប់ស្គាល់ប្រមាណបែបនេះចាត់ជាទ្រព្យដែរទាំងជាទ្រព្យ ដែលប្រសើរជាងទ្រព្យទាំងពួង ពីព្រោះទ្រព្យសម្បត្តិផ្សេងៗធ្វើឲ្យមនុស្សខ្វះចន្លោះជារឿយៗគ្មាន ថ្ងៃណាស្កប់ស្កល់បានឡើយ ស្រេកឃ្លានទៅជារឿយៗ ប៉ុន្តែទ្រព្យគឺសន្តោសនេះ ធ្វើឲ្យមនុស្ស ឆ្អែតឆ្អន់ ស្កប់ស្កល់ បាត់ស្រេកឃ្លាន ធ្វើឲ្យ កើតសេចក្តីសុខតាមផ្លូវចិត្តដែលកម្រនឹងរកបាន សម ដូចពាក្យថាៈ

“លោភ បានទុក្ខទោស សន្តោសបាន សុខសាន្ត”

  1. សេចក្តីស្និទ្ធស្នាលចាត់ជាកំពូលនៃញាតិ មានន័យថា សេចក្តីស្និទ្ធស្នាលយោគយល់គ្នា ជួយ សង្គ្រោះគ្នាធ្វើឲ្យមនុស្សបានជាញាតិនឹងគ្នា ការសង្រ្គោះគ្នាទៅវិញទៅមកបីដូចជាញាតិសាច់សា លោហិត ចាត់ជាញាតិធម៌គឺ បានជាញាតិនឹងគ្នាដោយសារសង្គហធម៌ បើមានញាតិ សាច់សា លោហិតមិនស្និទ្ធស្នាលគ្នាមិនយោគយល់គ្នាមិនជួយសង្គ្រោះគ្នាទេក៏ហាក់បីដូចជាអ្នកដទៃស៊ូអ្នក ដទៃដែលស្និទ្ធស្នាលយោគយល់និងជួយសង្គ្រោះគ្នាមិនបានឡើយសេចក្តីនេះសបញ្ជាក់ឲ្យឃើញ ថា ភាពជាញាតិនឹងគ្នា ពិតប្រាកដនៅពេលដែលមានជីវិតរស់នៅលើលោកនេះ គឺសេចក្តីស្និទ្ធ ស្នាលនិងជួយសង្គ្រោះគ្នាហ្នឹងឯង ហេតុនោះបានជាព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ ថាសេចក្តី ស្និទ្ធស្នាលចាត់ជាកំពូលនៃញាតិ ។
  2. និព្វានចាត់ជាកំពូលនៃសុខ មានន័យថា ការដែលមនុស្សអាចរំលត់ដូចជារាគៈជាដើមបាន រំលត់ សេចក្តីក្រហល់ក្រហាយ ក្រវល់ក្រវាយ ឬ ក្តួលក្តៅដោយអំណាចនៃតណ្ហាបាន រហូតដល់ ចិត្តរបស់បុគ្គល នោះត្រជាក់ស្រឹបមិនខ្វើករំពើក ឬក្រហល់ក្រហាយតទៅទៀតបាន ឬ លោភៈ ទោសៈ មោហៈមិនអាចបង្កព្យុះ ភ្លៀងដល់បុគ្គលដែលចូលដល់ព្រះនិព្វានបាន នេះឯងហៅថា និព្វាន និព្វានចាត់ជាកំពូលនៃសុខ ទាំងពួង គ្មានសេចក្តីសុខណាក្រៃលែងជាងបានទេ ។

សុខភាពល្អចាត់ជាបរមលាភ សន្តោសចាត់ជាបរមទ្រព្យ សេចក្តីស្និទ្ធស្នាលចាត់ជាបរមញាតិ និងនិព្វានចាត់ជាបរមសុខ កាលបើប្រាថ្នាយ៉ាងណា គប្បីស្វែងរកយ៉ាងនោះ ដោយសតិបញ្ញា ដោយសេចក្តីព្យាយាមត្រូវ ច្បាស់ជាសមបំណងនៅថ្ងៃណាមួយមិនខាន ។

កំពុងផ្ទុកប្រតិទិនខ្មែរ...

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១៧

💡 ទស្សនៈពុទ្ធសាសនា

💡១.ព្រះពោធិសត្វ
💡២.អដ្ឋ​សមោធាន​បច្ច័យ​
💡៣.ថិរ​វេលា​ព្រះសុមេធ​បណ្ឌិត
💡៤.សុមេធ​បណ្ឌិត
💡៥.ការ​កសាង​ទសបារមី
💡៦.ព្រះពោធិសត្វ​ក្នុង​អត្តភាព
💡៧.ព្រះពុទ្ធ​មេត្តេយ្យ
💡ការយល់ដឹង
💡ទសពិធរាជធម៌​សង្ខេប
💡ទស្សនៈ​កម្ម​ផល
💡ទេវទត្ត​គឺ​អ្នក​ណា ?
💡ធ្វើបុណ្យពុំបានបុណ្យ
💡នមោពុទ្ធាយៈ
💡ប្រព័ន្ធសីលធម៌អ្វី
💡របស់ដែលមនុស្សប្រាថ្នា
💡រឿងថ្មើរព្រៃឈ្មោះសុរៈ
💡អសង្ខេយ្យ និង កប្ប