ប្រព័ន្ធសីលធម៌អ្វី

តើពុទ្ធសាសនាជាប្រព័ន្ធសីលធម៌អ្វី ?

ដោយ ព្រះវីរិយបណ្ឌិតោ ប៉ាង-ខាត់

សាស្រ្ដាចារ្យាខាងប្រវត្តិសាសនា (១៩១០-១៩៧៥)
វត្តឧណ្ណាលោម ភ្នំពេញ ព.ស. ២៥១៤ គ.ស. ១៩៧០

សេចក្តីពិត ពុំគួរមានសេចក្តីសង្ស័យចំពោះពុទ្ធសាសនាទេ។ ពុទ្ធសាសនាពិតជា ច្បាប់សីលធម៌ (Ethical System) ដ៏ប្រសើរបំផុត ជាច្បាប់សម ប្រតិបត្តិគ្រប់សម័យដោយប្រពៃប្រសើរ លើស សីលធម៌ធម្មតាសកលលោកថែមទៀត។ សីលធម៌ដែលព្រះសម្ពុទ្ធសំដែងទូន្មានសត្វ ជា សីលធម៌ខ្ពស់ផុតជាលំអខាងដើមនៃកុសលធម៌ទាំងពួងជាម៌ាគាដ៏ត្រង់ ដឹកនាំសត្វ ទៅកាន់ទីផុត ទុក្ខដែល ជាគោលដៅទីបំផុត ។ សីលធម៌ធម្មតាសកលលោក ជាច្បាប់សារវនពិតមែនតែពុំ មែន ជាច្បាប់ពេញលក្ខណៈបរិបូណ៌ ក្នុងការ ដឹកនាំសត្វលោក ឲ្យលុះឥស្សរភាព (Liberté) បរិបូណ៌ ពោល គឺមោក្សធម៌នោះឡើយ។ សីលធម៌ធម្មតាសកលលោក បើ នឹង មានប្រសិទ្ធិភាព ពេញលេញលុះ ត្រាតែ​ប្រកបដោយបញ្ញា និង វិជ្ជាដទៃទៀតផងទើបសមគួរនឹងបានទទួលនាម ថាជាសីលធម៌ ប្រសើរពិតមែន ។

ពុទ្ធសាសនាស្តីពី កម្ម ”អំពើ” (Action) គឺអំពើល្អ អាក្រក់ អព្យាក្រិត (កុសលកម្ម អកុសលកម្ម អព្យាកតកម្ម) ។ កម្មជាច្បាប់ធម្មជាតិពុំមែនជាច្បាប់តុលាការទេ។ ច្បាប់តុលាការប្រកបដោយ ភ័យ ច្រើនណាស់។ សូមជ្រាបថា កម្ម ដែលស្តីទុកក្នុងពុទ្ធសាសនា គឺកម្មមានចេតនា។ ចេតនា គឺសីល ចេតនាគឺកម្ម ។ កម្មនេះពិតជាឲ្យផលវិបាកខ្លួនអែងពិត ព្រោះកម្មមានចេតនា។

ឯកម្ម មិនមានចេតនា ពុំស្តីទុកក្នុងពុទ្ធ សាសនាទេ។ កម្មទាំងអស់ មានពលានុភាពក្នុងខ្លួនឯងហើយ ធ្វើការជានិច្ចក្នុងខ្លួនឯង ចូរមើលចលនាមហាភូតរូបចុះ ធ្វើការក្នុងខ្លួនជានិច្ច។ ដូច្នេះ កម្មគឺអ្នក និមិត្ត ឬ ស្ថាបនិក (Architect) សាងអ្វីៗទាំងអស់ក្នុងលោក ។ បើ អាទិទេពព្រហ្មនី ឬ តៅមាន អត្ថន័យថា “ កម្ម ” វិញ នុ៎ះមាន សេចក្តីប្រសើរណាស់។ គួរសាធុជន ពោលថា ពុទ្ធសាសនានេះ ជា លិទ្ធិកម្មនិយម (លទ្ធិស្តីពីកម្ម) បានដោយបរិបូណ៌ ។

បណ្តាកម្ម៣ប្រការខាងដើម អំពើល្អ (កុសលកម្ម) ជាអំពើសារវន្តបំផុតក្នុងការកសាងខ្លួនបុគ្គល ម្នាក់ៗឲ្យបានជាបុគ្គលប្រសើរ ហើយឲ្យរួចចាកទុក្ខគ្រប់ប្រការ ដោយការបំពេញព្រហ្ម ចរិយធម៌បរិបូណ៌ ដូចមានសេចក្តីក្នុងគម្ពីរមជ្ឈិមនិកាយ ដែលអង្គព្រះសម្ពុទ្ធត្រាស់ថា «ព្រះធម៌ (កុសលធម៌) ដែលបុគ្គលម្នាក់ៗបានចំរើនហើយ បានធ្វើឲ្យមានច្រើន ច្រើនហើយ ច្រើនទាល់ តែលើសលប់ អាចកន្លងបង់នូវ អធម៌(អកុសលធម៌) ទាំងអស់បានពិតប្រាកដ»។

កម្ម(អំពើ)នៃព្រះអរហន្តជាខីណាស្រព ពុំមែនជាកុសល ឬ អកុសលទេព្រោះសន្តានចិត្តរបស់ លោក បានកន្លងផុតធម៌ទាំងពីរប្រការនេះអស់ហើយ ។ តែសេចក្តីនេះពុំមែនមានន័យថា ព្រះអរ ហន្តអស់ការងារទេ ពោលគឺមិនមានសេចក្តីថា ព្រះអរហន្តនៅស្ងៀមព្រងើយកន្តើយ (Passive)  ឡើយ ដោយពិតព្រះអរហន្តជាអ្នកសកម្ម (Active) ប្រសើរលើសជនសាមញ្ញទៅទៀត តែសកម្ម ភាព របស់លោកជាសកម្មភាព ឥតវិបាក ដែលហៅថា “កិរិយា” (កិរិយាដែលធ្វើមិនឲ្យផល ជាល្អជាអាក្រក់ )ហើយជាសកម្មភាពដឹកនាំសត្វឲ្យដើរទៅតាមមាគ៌ាដ៏ប្រសើរ ដែល លោក បានត្រាស់ដឹងពិតតាមពិត ឆ្ពោះទៅកាន់សិវដ្ឋានក្សេមក្សាន្តនិរទុក្ខនិរភ័យ ។ សកម្មភាព របស់ លោក តាមធម្មតាជាអំពើ កុសលជាអំពើមានអានុភាពខ្លាំងដឹកនាំសត្វលោកឲ្យ បានសំរេច ប្រយោជន៍ ឧបមាដូចមាស មាសដែលជាងមាសដេញឲ្យអស់មន្ទិលហើយជាវត្ថុ ធាតុបរិសុទ្ធ មិនបាច់ដេញទៅទៀតយ៉ាងណា ព្រះអរហន្តជាវត្ថុធាតុបរិសុទ្ធ មិនមានករណីយកិច្ច ដែលជា កម្ម វិបាកតទៅទៀតទេយ៉ាងនោះដែរ ។ ព្រះអរហន្តយល់ច្បាស់ធម៌ចាក់ធ្លុះធម៌ពិតតាមពិត ដោយពិត ត្រាស់ដឹងធម៌ ជាធម៌មានភាពបំផ្លាញបង់នូវសង្សារចក្រ ពោលគឺ បដិច្ចសមុប្បាទធម៌ «ធម៌ជា ច្បាប់ហេតុផល»។

សេចក្តីដូចបានពោលមកនេះ គួរលើកមកបញ្ជាក់ម្តងទៀតថា លក្ខណៈអ្វីជាអាទីទេពដែលថា មាន អានុភាពលើអ្វីទាំងអស់ ឬអ្វីដទៃទៀតដែលជាភាពតំណាងអាទិទេព មានរិទ្ធានុភាពនោះពុំ មាន ចំណែកណាមួយ ទាល់តែសោះនៅក្នុងពុទ្ធសាសនា ។ ក្នងពុទ្ធសាសនាពុំមានអ្នកណាមួយ ជាអ្នកចាំប្រទានរង្វាន់ ឬជាអ្នកចាំដាក់បណ្តាសា ឲ្យមានបាបនោះទេ។

សុខក្តី ទុក្ខក្តី សុទ្ធតែជាផលដែលចេញមកពីកម្មអំពើរបស់ខ្លួនគ្រប់គ្នាទាំងអស់។ គំនិតដែលគិតថាទេពតាពេញព្រះទ័យ ហើយប្រោសប្រទានរង្វាន់ក្តី ឬទេពតាមិនសព្វព្រះទ័យ ហើយក្រេវក្រោធដាក់បណ្តាសាឲ្យមានបាបក្តី ពុំមាននៅក្នុងសន្តានចិត្តពុទ្ធសាសនិកជនទេសូម្បីតែក្តីសង្ឃឹមថាទេពតានឹងប្រោស ប្រទានរង្វាន់ក្តីឬក្តីបារម្ភថាទេពតានឹងដាក់បណ្តាសាក្តីក៏ពុំមានដែរ ។ ពុទ្ធសាសនិកជនដឹងខ្លួន ចំពោះវិបាករបស់ខ្លួនក្នុងអនាគតកាលជានិច្ច?

  1. -មានសតិសម្បជញ្ញៈ តាំងចិត្តវៀរអំពើអាក្រក់ដោយកាយ វាចា ចិត្ត ព្រោះយល់ច្បាស់ថា អំពើ អាក្រក់ជាផលអាក្រក់ នាំឲ្យ។
  2. រងទុក្ខវេទនា នៅនាលោកនេះនិងបរលោក ហើយជាហេតុនាំពន្យឺតដំណើរមិនឲ្យសំរេច និព្វានឆាប់។
  3. -តាំងចិត្តបំពេញកុសលធម៌ព្រោះយល់ច្បាស់ថាអំពើល្អជួយស្រោចស្រង់ខ្លួនឲ្យបានក្តី សុខនៅនាលោកនេះនិងបរលោក
  4. ហើយនាំខ្លួនឲ្យខិតចូលទៅជិតសម្មាសម្ពោធិញ្ញាណ «ការត្រាស់ដឹង» ដែលជាគោលបំណង អវសានបំផុត ។

ដើម្បីយល់ច្បាស់នូវសីលធម៌ដ៏ខ្ពង់ខ្ពស់នេះ សូមអស់លោកអ្នកទាំងឡាយអញ្ជើញមើល ពុទ្ធភាសិតនានាដែលមាននៅក្នុងសូត្រទាំងឡាយមានធម្មបទសិគាលោវាទសូត្រ ព្យគ្ឃបជ្ជសូត្រ មង្គលសូត្រ ករណីយសូត្រ បរាភវសូត្រ វសលសូត្រ ធម្មិកសូត្រ ជាដើមទៀតចុះ។ ដូច្នេះ ពុទ្ធសា សនានេះបើមើលតាមអត្ថន័យមួយបែប ពុំមែនត្រឹមតែជាទស្សនវិជ្ជាប៉ុណ្ណឹងទេបើមើលតាមអត្ថន័យមួយបែបទៀត ជាទស្សនវិជ្ជាលើទស្សនវិជ្ជាទាំងឡាយទៅទៀត។

ពុទ្ធសាសនានេះ បើមើលតាមអត្ថន័យមួយបែបពុំមែនត្រឹមតែជាលទ្ធិសាសនា (Religion) ទេ។ បើមើលតាមអត្ថន័យមួយបែបទៀត ជាលទ្ធិសាសនាលើលទ្ធិសាសនាទាំងឡាយ។ ពុទ្ធសាសនាបើនិយាយពីសីលធម៌ ជាសីលធម៌ប្រសើរលើសលើវិធីសីលធម៌ទាំងឡាយ។ សីលធម៌នេះទៀត ពិតជាខាងដើមនៃសេចក្តីល្អ (កុសលធម៌) ទាំងឡាយ ហើយសូមជ្រាបថា ពុំមែនជានៅចុងប៉ូចនៃពុទ្ធសាសនាទេ ។

ពាក្យថា “ពុទ្ធសាសនា” បើតាមអត្ថន័យជាភាសាបាលី ដែលជាសំណៅដើម លោកប្រើពាក្យថា “ធម្ម” ជាពាក្យដែលលោកលើកយកមកប្រើសំរាប់ហៅ “ពុទ្ធសាសនា” ។ ពាក្យថា “ធម្ម” មិនមាន អត្ថន័យក្នុងភាសាដទៃណាមួយ ឲ្យមានសំនួនវោហារប៉ុនគ្នាឡើយ។ ឯពាក្យថា“ធម្ម” នេះមានប្រាកដការនិយម ពោលគឺជាវាទៈដែលស្តីពីសច្ចធម៌ជាធម៌ពិតដ៏ប្រសើរដឹកនាំសត្វទៅកាន់សេរីភាព ទៅកាន់ការរួចស្រឡះ = មោក្ខធម៌ (ការរួចស្រលះដោយខ្លួនឯង)។

ធម៌នេះ ទោះបីព្រះសម្ពុទ្ធ កើតឡើងក្តី មិនកើតឡើងក្តី តែងតែជាធម៌ប្រាកដការនិយមជា ប្រក្រតី។ ព្រះសម្ពុទ្ធ គ្រាន់ជាអ្នក បើកធម៌នេះបង្ហាញឲ្យមើលឃើញ ប្រត្យ័ក្សដូចជាបើកគំរបដែលគ្រប លាក់វត្ថុអ្វី មួយឲ្យមើល ឃើញតែប៉ុណ្ណោះទេព្រោះថាធម៌នេះកប់បាត់ក្នុងអវិជ្ជាធម៌របស់ មនុស្សទាំង ឡាយ លុះព្រះ អង្គ បានត្រាស់ដឹងធម៌ហើយ ទើបទ្រង់ប្រកាសធម៌នេះឡើងដល់ មនុស្សទេពតា ព្រហ្ម ទាំងឡាយ ដោយករុណាធម៌របស់ព្រះអង្គ ។

បើប្រៀបធៀបជាសេចក្តីឲ្យឃើញពិត ធម៌នេះជាធម៌រតនវត្ថុ ដូចពេជ្រកប់នៅក្នុងភ្នំគឺអវិជ្ជាព្រះពុទ្ធទ្រង់ជាអ្នកឃើញធម៌គឺ ពេជ្រនេះ ហើយគាស់កកាយយក មកបង្ហាញសត្វទាំងឡាយថា “នេះធម៌នាំអ្នកទាំងឡាយទៅ កាន់ឥស្ស រភាព (មោក្ខធម៌) ផុតអន្លុង ទុក្ខគ្រប់ប្រការ”។ដូច្នេះ សាធុជនទាំងឡាយជា អ្នកស្រលាញ់ខ្លួនគួ រប្រតិបត្តិតាមពុទ្ធសាសនា  នេះចុះអស់លោកអ្នកនឹងបានក្តីសុខសមតាមប្រាថ្នាពុំខានឡើយ ។

កំពុងផ្ទុកប្រតិទិនខ្មែរ...

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១៧

💡 ទស្សនៈពុទ្ធសាសនា

💡១.ព្រះពោធិសត្វ
💡២.អដ្ឋ​សមោធាន​បច្ច័យ​
💡៣.ថិរ​វេលា​ព្រះសុមេធ​បណ្ឌិត
💡៤.សុមេធ​បណ្ឌិត
💡៥.ការ​កសាង​ទសបារមី
💡៦.ព្រះពោធិសត្វ​ក្នុង​អត្តភាព
💡៧.ព្រះពុទ្ធ​មេត្តេយ្យ
💡ការយល់ដឹង
💡ទសពិធរាជធម៌​សង្ខេប
💡ទស្សនៈ​កម្ម​ផល
💡ទេវទត្ត​គឺ​អ្នក​ណា ?
💡ធ្វើបុណ្យពុំបានបុណ្យ
💡នមោពុទ្ធាយៈ
💡ប្រព័ន្ធសីលធម៌អ្វី
💡របស់ដែលមនុស្សប្រាថ្នា
💡រឿងថ្មើរព្រៃឈ្មោះសុរៈ
💡អសង្ខេយ្យ និង កប្ប