( ការកើតឡើងនៃសុរាក្នុងលោក )
កាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិ ក្នុងក្រុងពារាណសី។ សម័យនោះ មានថ្មើរព្រៃម្នាក់ឈ្មោះ សុរៈ នៅក្នុងកាសិករដ្ឋ គាត់បានទៅព្រៃហេមពាន្ត ដើម្បីប្រកបកិច្ចការផ្សេងៗ។ នៅព្រៃហេមពាន្តនោះ មានឈើមួយដើមកំពស់មួយជំហរ បែកមែកជាបី ក្នុងប្រឡោះប្រគាបនោះ មានរណ្តៅធំប៉ុនពាង។
លុះដល់ធ្លាក់ភ្លៀងមក ទឹកដក់នៅក្នុងរណ្តៅនោះ ហើយមានដើមស្រមរកន្ទួតព្រៃ និងម្រេចជាដើម ដុះក្បែរដើមឈើនោះ តែងជ្រុះផ្លែទៅក្នុងរណ្តៅនោះ។ មិនតែប៉ុណ្ណោះ សត្វបក្សីទាំងឡាយ តែងពាំស្រូវសាលី ទៅទំស៊ីហើយជ្រុះទៅក្នុងរណ្តៅនោះទៀត។ ទឹកក្នុងរណ្តៅនោះ ក៏មានពណ៏ក្រហមមានរសជាតិខ្លាំង។
ដល់រដូវក្តៅ សត្វបក្សីទាំងឡាយ មានសេចក្តីស្រេកឃ្លាន ក៏បានផឹកទឹកនោះ ក៏ស្រវឹងបំរះននៀល ដួលជ្រប់នៅទៀបគល់ឈើ បន្តិចក៏ស្រែកកញ្ចៀវ ខ្ញៀវខ្ញាហើរចេញទៅ។ សូម្បីសត្វកំប្រុក ស្វាកង្ហែន ជាដើម ដែលបានផឹកទឹកនោះ ក៏មានទំនងដូចគ្នាដែរ។ ថ្មើរព្រៃបានឃើញហើយក៏គិតថា ទឹកនេះមិនមែនពុលទេ បើជាទឹកពុលសត្វផឹកទាំងប៉ុន្មាន មុខជាស្លាប់អស់ឥតសល់ ក៏ដងទឹកនោះផឹក ដរាបដល់ស្រវឹង ហើយបង្កាត់ភ្លើង ចាប់សត្វដែលដួលជ្រប់នៅទៀបក្បែរគល់ឈើ សម្លាប់បោចអាំងស៊ីផឹក ទឹកនោះអស់ពីរបីថ្ងៃ។
សម័យនោះ មានតាបសមួយរូបឈ្មោះវរុណៈ នៅក្នុងទីជិតនោះ។ ថ្មើរព្រៃដងយកទឹកនោះ មួយបំពង់ឫស្សី និងសាច់ដែលចំអិនស្រេចមួយចំកាក់ ដើរទៅកាន់សំណាក់វរុតាបស ហើយនិយាយថា សូមលោកម្ចាស់ ឆាន់ទឹកនិងសាច់នេះលេងមើល ។ តាបសនិងថ្មើរព្រៃ ក៏នាំគ្នាទំពារស៊ីដុំសាច់ ផឹកទឹកនោះអស់កាលជាយូរថ្ងៃ។ ទើបទឹកនោះមានឈ្មោះថាសុរាផង វរុណី ផង ព្រោះថ្មើរព្រៃឈ្មោះសុរៈ និងតាបសឈ្មោះវរុណៈ ដែលបានឃើញបានផឹកមុនគេ។
អ្នកទាំងពីរគិតគ្នាថា ទឹកនេះសំខាន់ណាស់ ក៏ដងចាក់ពេញបំពង់ឫស្សីជាច្រើន រែកទៅស្រុកបច្ចន្តគ្រាម ឱ្យអ្នកស្រុកក្រាបបង្គំទូល ព្រះមហាក្សត្រថា មានអ្នកចេះធ្វើទឹកស្រវឹងយ៉ាងវិសេស ទើបនឹងមកដល់។ ព្រះមហាក្សត្រ ទ្រង់ត្រាស់បង្គាប់ឱ្យអ្នកទាំងពីរចូលទៅគាល់ អ្នកទាំងពីរនាក់ ក៏ចូលយកទឹកនោះទៅថ្វាយព្រះរាជា ព្រះរាជា ទ្រង់សោយ ក៏ស្រវឹងស្រួលមែន លុះអស់ទឹកនោះទៅ ទ្រង់បានត្រាស់បង្គាប់ ឱ្យដងយកទៅថ្វាយទៀត។
ជនទាំងពីរនាក់ ទៅនាំទឹកសុរានោះបានពីរបីថ្ងៃ ទើបគិតគ្នាថា យើងមិនអាចទៅយកជានិច្ចបានទេ ហើយក៏កំណត់យក នូវគ្រឿងផ្សំគ្រប់មុខ មកផ្សំធ្វើសុរាក្នុងនគរនោះ។ អ្នកនៅក្នុងនគរ នាំគ្នាផឹកសុរាគ្រប់ ៗ គ្នា ក៏ទៅជាអ្នកមានសេចក្តីប្រមាទ ក្នុងការងារ ធ្លាក់ខ្លួនទៅជាអ្នកកំសត់ទុរតគ៏។ នគរនោះ ក៏សាបសូន្យចាកសេចក្តីចំរើនគ្រប់យ៉ាង។
អ្នកធ្វើសុរា ក៏នាំគ្នារត់ទៅនគរពារាណសី ឱ្យអ្នកនគរក្រាបទូលព្រះបាទពារណសី ព្រះបាទពារណសី ទ្រង់បង្គាប់ឱ្យហៅមក ហើយទ្រង់ព្រះរាជទាន ស្បៀងអាហារឱ្យធ្វើសុរាថ្វាយ។ នគរនោះក៏វិនាសដូចនគរមុនទៀត។ អ្នកធ្វើសុរារត់ចេញពីទី នោះទៅនៅក្នុងនគរសាកេត ចេញពីនគរសាកេតទៅនៅក្នុងនគរសាវត្ថី។ គ្រានោះព្រះចៅក្រុងសាវត្ថី ទ្រង់ព្រះនាមព្រះបាទសព្វមិត្រ ព្រះអង្គបានធ្វើសេចក្តីសង្រ្គោះ ដល់អ្នកធ្វើសុរាទាំងពីរនាក់នោះ ទ្រង់ព្រះរាជទានទេយ្យវត្ថុផ្សេងៗ ដល់អ្នកទាំងពីរ អ្នកទាំងពីរ ក៏បានធ្វើសុរានៅក្នុងនគរសាវត្ថីនោះ អស់កាលជាយូរ។ ការធ្វើសុរាក៏ចេះតែកើតតៗពីត្រឹមនោះមក៕
ប្រភព: ដកស្រង់ចេញពីសៀវភៅប្រជុំនិទានជាតកភាគ១ របស់ព្រះបាឡាត់ឧត្តមលិខិត សុង ស៊ីវ សិទ្ធត្ថោ គ្រូបង្រៀនបាលីនៅវត្តលង្កា រាជធានីភ្នំពេញ ។ អរព្រះគុណព្រះភិក្ខុ សិរីបញ្ញោ ហ៊ុល សុខារ៉ា ព្រះគ្រូរចៅអធិការ វត្តកល្យាណមិត្តខ្សាច់ពោយនិងលោកអាចារ្យ ចយ ធិន ដែលបានផ្តល់សៀវភៅប្រជុំនិទានជាតកនេះ។
