មគ្គវគ្គ
មាន១០រឿង – ១៧គាថា
☸️១០. រឿង នាងបដាចារាថេរី
ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវនាងបដាចារាថេរី ។ នាង បដាចារា ជាស្រីដែលមានសេចក្តីទុក្ខ ដ៏ធំក្រៃលែង ព្រោះស្វាមី កូន មាតាបិតា បងប្រុសស្រី ដែលជាទីស្រឡាញ់ របស់នាង បានស្លាប់ចោលទាំងឣស់, នាង ជាស្រីវិកលចរិត ភ្លេចភ្លាំងសតិស្មារតី សូម្បីតែសម្លៀកបំពាក់ ក៏មិនជាប់នឹងខ្លួនដែរ ដើរទៅតែខ្លួនទទេ ឆ្ពោះទៅកាន់វត្តជេតពន ក្នុងខណៈដែលព្រះសាស្តា កំពុងតែសម្តែងព្រះធម៌ទេសនា ដល់ពួកពុទ្ធបរិស័ទ ។
ព្រះសម្មាសម្ពុទ្ធ ទ្រង់ទតព្រះនេត្រឃើញនាងបដាចារា កំពុងតែដើរចូលមក ទើបទ្រង់ត្រាស់ដាស់តឿន ក្រើនរំព្ញក ឲ្យនាងត្រឡប់មានសតិស្មារតីឡើងវិញ ហើយត្រាស់នូវព្រះគាថានេះ ថា ៖
| ១៦. | ន សន្តិ បុត្តា តាណាយ | ន បិតា នបិ ពន្ធវា |
| អន្តកេនាធិបន្នស្ស | នត្ថិ ញាតីសុ តាណតា ។ |
👉កាលបុគ្គលត្រូវមច្ចុសង្កត់ហើយ កូនទាំងឡាយ មិនមាន ដើម្បីជាទីពឹង បិតា ក៏មិនមាន ទាំងផៅពង្ស ក៏មិនមាន ដើម្បីជាទីពឹងឡើយ ។
| ១៧. | ឯតមត្ថវសំ ញត្វា | បណ្ឌិតោ សីលសំវុតោ |
| និព្វានគមនំ មគ្គំ | ខិប្បមេវ វិសោធយេ ។ |
👉សេចក្ដីទីពឹង ក្នុងញាតិទាំងឡាយ ក៏មិនមាន បណ្ឌិតដឹងអំណាចប្រយោជន៍នេះហើយ គួរជាអ្នកសង្រួមក្នុងសីល គួរប្រញាប់ប្រញាល់ជម្រះផ្លូវ ជាទីកាន់ព្រះនិពា្វនឲ្យបាន ។
ចប់មគ្គវគ្គ ទី ២០
