មលវគ្គ
មាន១២រឿង – ២១គាថា
☸️១០. រឿង មេណ្ឌកសេដ្ឋី
ព្រះបរមសាស្តា ទ្រង់ប្រារឰមេណ្ឌកសេដ្ឋី ជាឣ្នកមានបុណ្យច្រើន ព្រះឣង្គទ្រង់ទតព្រះនេត្រឃើញ នូវឧបនិស្ស័យនៃសោតាបត្តិផល របស់ជនទាំងនេះ គឺ មេណ្ឌកសេដ្ឋី ១ ភរិយាសេដ្ឋី ១ ធនញ្ជ័យសេដ្ឋីបុត្រ ១ នាងសុមនទេវីកូនប្រសា ១ នាងវិសាខាដែលជាចៅ ១ នាយបុណ្ណៈ ១ ទើបទ្រង់ស្តេចយាងទៅកាន់ភទ្ទិយនគរ ។
មេណ្ឌកសេដ្ឋី បានឃើញព្រះសាស្តាស្តេចយាងមកហើយ ក៏នាំគ្នា ទៅទទួលព្រះឣង្គ នាកណ្តាលផ្លូវ ។ ពួកតិរ្ថិយ បានឃើញហើយក៏ទៅហាមឃាត់មេណ្ឌកសេដ្ឋី មិនឲ្យមកទទួលព្រះឣង្គ ហើយបានតិះដៀលព្រះសាស្តា ដោយប្រការផ្សេងៗ ។ មេណ្ឌកសេដ្ឋី មិនបានធ្វើតាមពាក្យ របស់តិរ្ថិយទាំងនោះឡើយ លុះបានស្តាប់នូវព្រះធម៌ទេសនា របស់ព្រះសាស្តាហើយ ក៏បានសម្រេចសោតាបត្តិផល ហើយបានក្រាបទូលរឿងនោះ ថ្វាយដល់ព្រះឣង្គ ។
ព្រះបរមសាស្តាចារ្យជាគ្រូ ទ្រង់ត្រាស់នូវព្រះគាថានេះថា ៖
| ១៨. | សុទស្សំ វជ្ជមញ្ញេសំ | អត្តនោ បន ទុទ្ទសំ |
| បរេសំ ហិ សោ វជ្ជានិ | ឱបុនាតិ យថា ភុសំ | |
| អត្តនោ បន ឆាទេតិ | កលឹវ កិតវា សឋោ ។ |
👉ទោសរបស់ពួកជនដទៃ ឃើញបានដោយងាយ ចំណែកទោសរបស់ខ្លួន ឃើញបានដោយលំបាក ព្រោះបុគ្គលនោះរោយទោសទាំងឡាយចំពោះអ្នកដទៃ ដូចបុគ្គលរោយអង្កាមដូច្នោះ តែថារមែងបិទបាំងទោសរបស់ខ្លួនទុក ដូចព្រានបក្សីបិទបាំងអត្តភាពដោយវត្ថុសម្រាប់បិទបាំង មានមែកឈើជាដើម ដូច្នោះ ។
