តណ្ហាវគ្គ
មាន១២រឿង – ២៦គាថា
☸️១០. រឿង សក្កទេវរាជ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសក្កទេវរាជ ដែលបាននាំពួក ទេវតា មកគាល់ព្រះឣង្គ ដើម្បីនឹងក្រាបទូលនូវសួរបញ្ហា ៤ ប្រការ ដែលពួកទេវតា ក្នុងមួយហ្មឺនចក្រវាឡ បានជជែកប្រកែកគ្នា មិនចេះដាច់ស្រេច ដូចមានតទៅនេះ គឺ ៖
ទី១- ឲ្យវត្ថុអ្វី ទើបប្រសើរ ?
ទី២- រសអ្វី ទើបប្រសើរ?
ទី៣- សេចក្តីត្រេកឣរអ្វី ទើបប្រសើរ?
ទី៤- ការឣស់ទៅ នៃតណ្ហា ប្រសើរយ៉ាងណា? ។
ព្រះសាស្តាទ្រង់ជ្រាបហើយ ទើបត្រាស់នូវព្រះគាថានេះថា ៖
| ២១. | សព្វទានំ ធម្មទានំ ជិនាតិ | សព្វរសំ ធម្មរសោ ជិនាតិ |
| សព្វរតឹ ធម្មរតិ ជិនាតិ | តណ្ហក្ខយោ សព្វទុក្ខំ ជិនាតិ ។ |
👉ធម្មទានឈ្នះអស់អាមិសទានទាំងពួង ធម្មរសឈ្នះអស់រសទាំងពួង សេចក្តីត្រេកអរក្នុងធម៌ ឈ្នះអស់សេចក្តីត្រេកអរទាំងពួង ការអស់ទៅនៃតណ្ហា ឈ្នះអស់សេចក្តីទុក្ខទាំងពួង ។
