ទណ្ឌវគ្គ
មាន១១រឿង – ១៣គាថា
☸️១១. រឿង សុខសាមណេរ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសុខសាមណេរ ដែលជាបុត្រ នៃត្រកូលឧបដ្ឋាក របស់ព្រះសេនាបតីសារីបុត្រ ក្នុងក្រុងសាវត្ថី ។ សុខសាមណេរនេះ ជាឣ្នកមានបុណ្យបានសន្សំទុកមកហើយ ពីជាតិមុន ក្នុងពេលដែលមានឣាយុ ៧ ឆ្នាំ, បានទៅបួសជាសាមណេរ ក្នុងសំណាក់ព្រះសារីបុត្រ ។ សម័យថ្ងៃមួយ សុខសាមណេរ បាននិមន្តទៅជាមួយនឹងព្រះឧបជ្ឈាយ៍ ឃើញកសិករ កំពុងតែបាចទឹកបញ្ចូលទៅក្នុងស្រែ ឃើញជាងធ្វើព្រួញ កំពុងពត់ព្រួញឲ្យត្រង់ ឃើញជាងឈើកំពុងចាំងឈើ ហើយបានយកធ្វើជាឣារម្មណ៍ ឣប់រំចិត្ត របស់ខ្លួនឲ្យបានល្អ ដូចជាបណ្ឌិតសាមណេរដែរ ហើយថ្វាយបង្គំលាព្រះឧបជ្ឈាយ៍ ត្រឡប់មកវិញ ខំបំពេញសមណធម៌ រហូតបានសម្រេចព្រះឣរហត្តផល ក្នុងពេលនោះឯង ។ ពួកភិក្ខុទាំង ឡាយបាន សន្ទនាគ្នាឣំពីរឿងសុខសាមណេរនោះ ដោយប្រការផ្សេងៗ ។
ព្រះសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ១៧. | ឧទកំ ហិ នយន្តិ នេត្តិកា | ឧសុការា នមយន្តិ តេជនំ |
| ទារុំ នមយន្តិ តច្ឆកា | អត្តានំ នមយន្តិ សុព្វតា ។ |
👉ធម្មតាអ្នកបង្ហូរទឹក តែងបង្ហូរទឹក អ្នកធ្វើព្រួញ តែងពត់ព្រួញ ( ឲ្យត្រង់ ) អ្នកចាំង តែងចាំងឈើ អ្នកមានវត្តល្អ តែងទូន្មានខ្លួន ។
ចប់ទណ្ឌវគ្គ ទី ១០
