១២. នាយគរហទិន្ន

បុប្ផវគ្គ

មាន១២រឿង – ១៦គាថា

☸️១២. រឿង នាយគរហទិន្ន

👉ព្រះបរមសាស្តា ទ្រង់បានប្រារឰ នូវនាយគរហទិន្ន ជាសាវ័ក របស់ពួកនិគ្រន្ថ ត្រូវជាសំឡាញ់ នឹងគ្នាជាមួយនាយសិរិគុត ដែលជា សាវ័ក របស់ព្រះសាស្តា ។ ថ្ងៃមួយ នាយគរហទិន្ន ចូលទៅលួងលោមនាយសិរិគុត ឲ្យជ្រះថ្លា ក្នុងពួកនិគ្រន្ថ ពោលសរសើរឣួតឣាងពួកនិគ្រន្ថ ថា “ជាឣ្នកដឹង នូវហេតុការណ៍ទាំងពួង គឺ ទាំងឣតីត ឣនាគត ទាំងបច្ចុប្បន្ន” ។

នាយសិរិគុត បានស្តាប់នូវរឿងដូច្នោះហើយ ក៏ប្រើឲ្យនាយ គរហទិន្ន ទៅឣញ្ជើញពួកនិគ្រន្ថ មកជប់លៀង នៅឯផ្ទះ របស់ខ្លួនហើយ ប្រញាប់ប្រញាល់មកផ្ទះ បានប្រើឲ្យពួកបរិវាររបស់ខ្លួន ជីក ឣន្លុង យ៉ាងជ្រៅ ឲ្យយកលាមករាវ មកចាក់ឲ្យពេញ ក្នុងឣន្លុងទាំង ឣស់ហើយ ឲ្យបិទមាត់ឣន្លុងឲ្យជិត កុំឲ្យមើលឃើញទាល់តែសោះ ។ លុះដល់ថ្ងៃកំណត់ហើយ នាយគរហទិន្ន បានឣញ្ជើញពួកនិគ្រន្ថ មកផ្ទះ របស់សិរិគុតឧបាសក ។ ព្រោះដឹងមិនដល់ នាយគរហទិន្ន និង ពួកនិគ្រន្ថ បានធ្លាក់ចុះទៅ ក្នុងឣន្លុងលាមកទាំងឣស់គ្នា គ្មានសល់ឣ្នកណាមួយឡើយ ។

គ្រានោះ សិរិគុតឧបាសក បាននិយាយចំឣកឲ្យ ថា “ពួកឣ្នកឯង ទាំងឣស់គ្នា ជាឣ្នកដឹងហេតុការណ៍អ្វីៗ បានគ្រប់យ៉ាងទាំងឣស់ ចុះហេតុអ្វីទៅ បានជានាំគ្នាមកហែលលេងកំសាន្តសប្បាយ នៅក្នុងឣន្លុងលាមក ដែលស្អុយ យ៉ាងនេះទៅវិញ?” ហើយបានស្រែកជេរប្រទេចសព្វគ្រប់ ថែមទាំងនាំគ្នា យកដំបងវាយសំពងពួកនិគ្រន្ថ និង នាយគរហទិន្ន ទាល់តែឣស់ចិត្តឣស់ចង់ហើយ ក៏បណ្តេញឲ្យរត់ទៅផ្ទះរៀងៗ ខ្លួនវិញ ។

ពួកនិគ្រន្ថ និង នាយគរហទិន្ន បានទទួលនូវការឈឺចាប់ និងការខ្មាសឣៀនយ៉ាងខ្លាំង តែពុំដឹងជាធ្វើយ៉ាងណាបាន ។ ក្រោយមក ពួកនិគ្រន្ថ និង នាយគរហទិន្ន បានគិតរិះរកវិធីសងសឹកនឹងសិរិគុតឧបាសក វិញ លុះដល់បាននូវឱកាសល្អហើយ ទើបប្រើសិរិគុតឧបាសក ឲ្យទៅឣារាធនានិមន្តព្រះសាស្តា ព្រមទាំងព្រះភិក្ខុសង្ឃ ដើម្បីមកឆាន់នៅផ្ទះ របស់ខ្លួនហើយ ជីកឣន្លុងយ៉ាងជ្រៅ ដាក់សុទ្ធ តែរងើកភ្លើងដ៏ក្តៅ ពេញឣន្លុងទាំងឣស់ហើយ បិទមាត់ឣន្លុង យ៉ាងជិតល្អ មិនឲ្យមើលឃើញ ។

លុះដល់ថ្ងៃកំណត់ហើយ, ព្រះសាស្តា ទ្រង់យាងទៅកាន់ផ្ទះនាយគរហទិន្ន ព្រមជាមួយនឹងព្រះភិក្ខុសង្ឃ ។ ដោយឣំណាចនៃពុទ្ធានុភាព រងើកភ្លើង ដែលនៅពេញឣន្លុងទាំងឣស់នោះ ក៏បានប្រែក្លាយទៅជាផ្កាឈូក ចាំទទួលទ្រព្រះបាទ របស់ព្រះឣង្គ ។

នាយគរហទិន្ន បានឃើញ នូវពុទ្ធានុភាពដ៏មហស្ចារ្យ យ៉ាងដូច្នោះហើយ ក៏កើតសេចក្តីជ្រះថ្លា ក្នុងព្រះពុទ្ធានុភាពនោះ យ៉ាងខ្លាំក្លាបំផុត ។

ព្រះសាស្តា ទ្រង់ត្រាស់ ថា “សត្វទាំងឣស់នេះ មិនដឹងគុណពួកសាវ័កនៃតថាគត និង គុណព្រះពុទ្ធសាសនា ព្រោះតែមិនមានបញ្ញាចក្ខុ នេះឯង, សត្វដែលប្រាសចាកពីបញ្ញាចក្ខុ ឈ្មោះថា ជាឣ្នកងងឹតងងល់, ឯឣ្នកដែលមានបញ្ញា ឈ្មោះថា មានបញ្ញាចក្ខុ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

១៥.យថា  សង្ការធានស្មឹឧជ្ឈិតស្មឹ  មហាបថេ
បទុមំ  តត្ថ  ជាយេថសុចិគន្ធំ  មនោរមំ  ។

👉ផ្កាឈូក ទុកជាកើតក្នុងគំនរសំរាម ដែលគេចាក់ចោលក្បែរផ្លូវធំនោះ ក៏គង់មានក្លិនក្រអូប ជាទីរីករាយនៃចិត្ត​បាន ។

១៦.ឯវំ  សង្ការភូតេសុអន្ធភូតេ  បុថុជ្ជនេ
អតិរោចតិ  បញ្ញាយសម្មាសម្ពុទ្ធសាវកោ  ។

👉ដូចម្តេចមិញសាវ័ករបស់ព្រះសម្មាសម្ពុទ្ធ ទោះបីកើតនៅក្នុងសមាគមនៃពួកជនដែលដូចជាគំនរសំរាមក៏​ដោយ ក៏នៅតែរុងរឿងលើសបុថុជ្ជនទាំងឡាយដែលងងឹតសូន្យឈឹង ដោយបញ្ញា (របស់ខ្លួន) ដូច្នោះឯង ។

ចប់បុប្ផវគ្គ ទី ៤

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

📜 ០៤-បុប្ផវគ្គរឿង

📜១. បឋវីបសុតបញ្ចសតភិក្ខុ
📜២. មរីចិកម្មដ្ឋានិកត្ថេរ
📜៣. ព្រះបាទវិឌូឌភៈ
📜៤. នាងបដិបូជិកា
📜៥. មច្ឆរិយកោសិយសេដ្ឋី
📜៦. បាដិកាជីវក
📜៧. ឆត្តបាណិឧបាសក
📜៨. នាងវិសាខា
📜៩. ឣានន្ទត្ថេរប្បញ្ហា
📜១០. មហាកស្សបបិណ្ឌបាត
📜១១. គោធិកត្ថេរបរិនិព្វាន
📜១២. នាយគរហទិន្ន