☸️១៣. លោកវគ្គ មាន ១២ គាថា
| ១. | ហីនំ ធម្មំ ន សេវេយ្យ | របមាទេន ន សំវសេ |
| មិច្ឆាទិដ្ឋិំ ន សេវេយ្យ | ន សិយា លោកវឌ្ឍនោ ។ |
👉បុគ្គលមិនគួរសេពធម៌ថោកទាប មិនគួរនៅដោយសេចក្ដីប្រមាទ មិនគួរសេពមិច្ឆាទិដ្ឋិ មិនគួរជាមនុស្សចង្អៀតលោកឡើយ ។
| ២. | ឧត្តិដ្ឋេ នប្បមជ្ជេយ្យ | ធម្មំ សុចរិតំ ចរេ |
| ធម្មចារី សុខំ សេតិ | អស្មិំ លោកេ បរម្ហិ ច ។ |
👉បុគ្គលមិនគួរប្រមាទក្នុងដុំបាយ ដែលខ្លួនគប្បីក្រោកឡើងទទួល គប្បីប្រព្រឹត្តធម៌ឲ្យជាសុចរិត បុគ្គលអ្នកប្រព្រឹត្តធម៌ជាប្រក្រតី រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ។
| ៣. | ធម្មំ ចរេ សុចរិតំ | ន តំ ទុច្ចរិតំ ចរេ |
| ធម្មចារី សុខំ សេតិ | អស្មិំ លោកេ បរម្ហិ ច ។ |
👉បុគ្គលគួរប្រព្រឹត្តធម៌ឲ្យជាសុចរិត មិនគួរប្រព្រឹត្តធម៌នោះ ឲ្យជាទុច្ចរិតឡើយ បុគ្គលដែលប្រព្រឹត្តធម៌ ជាប្រក្រតី រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ។
| ៤. | យថា ពុព្វុឡកំ បស្សេ | យថា បស្សេ មរីចិកំ |
| ឯវំ លោកំ អវេក្ខន្តំ | មច្ចុរាជា ន បស្សតិ ។ |
👉បុគ្គលឃើញពពុះទឹកយ៉ាងណា ឃើញព្រេញថ្ងៃយ៉ាងណា សេ្ដចមច្ចុ មិនឃើញអ្នកពិចារណាខន្ធលោកជាដើម យ៉ាងនោះទេ ។
| ៥. | ឯថ បស្សថិមំ លោកំ | ចិត្តំ រាជរថូបមំ |
| យត្ថ ពាលា វិសីទន្តិ | នត្ថិ សង្គោ វិជានតំ ។ |
👉អ្នកទាំងឡាយ ចូរមកមើលលោកនេះ ដ៏ត្រកាលដូចរាជរថ ជនពាលទាំងឡាយ រមែងលិចលង់ ក្នុងលោកណា សេចក្ដីជាប់ជំពាក់ក្នុងលោកនោះ រមែងមិនមាន ដល់ជនជាបណ្ឌិតទាំងឡាយ ដែលដឹងច្បាស់ទេ ។
| ៦. | យោ ច បុព្វេ បមជ្ជិត្វា | បច្ឆា សោ នប្បមជ្ជតិ |
| សោមំ លោកំ បភាសេតិ | អព្ភា មុត្តោវ ចន្ទិមា ។ |
👉បុគ្គលណាមួយ កាលពីមុនប្រមាទហើយ លុះកាលជាខាងក្រោយ គេមិនប្រមាទវិញ បុគ្គលនោះ ឈ្មោះថា ញ៉ាំងខន្ធាទិលោកនេះ ឲ្យភ្លឺច្បាស់ ដូចព្រះចន្ទ្ររះផុតចាកពពក ។
| ៧. | យស្ស បាបំ កតំ កម្មំ | កុសលេន បហីយតិ |
| សោមំ លោកំ បភាសេតិ | អព្ភា មុត្តោវ ចន្ទិមា ។ |
👉បុគ្គលណា ធ្វើអំពើបាបហើយ លះបង់អំពើបាបនោះ ដោយកុសល គឺអរហត្តមគ្គបាន បុគ្គលនោះ ឈ្មោះថា ញ៉ាំងខន្ធាទិលោកនេះ ឲ្យភ្លឺច្បាស់ដូចព្រះចន្ទ្ររះផុតចាកពពក ។
| ៨. | អន្ធភូតោ អយំ លោកោ | តនុកេត្ថ វិបស្សតិ |
| សកុណោ ជាលមុត្តោវ | អប្បោ សគ្គាយ គច្ឆតិ ។ |
👉លោកិយមហាជននេះ ជាមនុស្សងងឹត បណ្ដាជនទាំងនេះ ជនតិចគ្នាដែលឃើញច្បាស់ ( នូវខន្ធាទិលោកនេះ ដោយអំណាចអនិច្ចលក្ខណៈជាដើម ) ជនតិចគ្នាដែលទៅកាន់សួគ៌ ដូចសត្វស្លាប ( ដែលជាប់សំណាញ់របស់ព្រានហើយ ) តិចណាស់ដែលរួចអំពីសំណាញ់បាន ដូច្នោះ ។
| ៩. | ហំសា អាទិច្ចបថេ យន្តិ | អាកាសេ យន្តិ ឥទ្ធិយា |
| និយ្យន្តិ ធីរា លោកម្ហា | ជេត្វា មារំ សវាហិនឹ ។ |
👉ពួកហង្ស តែងហើរទៅក្នុងគន្លងផ្លូវព្រះអាទិត្យ អ្នកមានឫទ្ធិ តែងហោះទៅក្នុងអាកាស ដោយឫទ្ធិ អ្នកប្រាជ្ញផ្ចាញ់កិលេសមារ ព្រមទាំងវាហនៈ គឺតណ្ហាបានហើយ រមែងរលាស់ខ្លួនចេញចាកលោកបាន ។
| ១០. | ឯកធម្មមអតីតស្ស | មុសាវាទិស្ស ជន្តុនោ |
| វិតិណ្ណបរលោកស្ស | នត្ថិ បាបំ អការិយំ ។ |
👉បុគ្គលប្រព្រឹត្តកន្លង ( ពាក្យសច្ចៈ ) ដែលជាធម៌ឯក និយាយតែពាក្យកុហក មានបរលោកលះចោលហើយ ឈ្មោះថា មិនធ្វើអំពើបាប មិនមែនឡើយ ។
| ១១. | ន វេ កទរិយា ទេវលោកំ វជន្តិ | ពាលា ហវេ នប្បសំសន្តិ ទានំ |
| ធីរោ ច ទានំ អនុមោទមានោ | តេនេវ សោ ហោតិ សុខី បរត្ថ ។ |
👉បុគ្គលកំណាញ់ស្វិតស្វាញ មិនបានទៅកាន់ទេវលោកទេ ជនពាលទាំងឡាយ មិនសរសើរទានឡើយ ចំណែកអ្នកប្រាជ្ញតែងអនុមោទនាទាន ព្រោះហេតុនោះ លោកតែងបានសេចក្ដីសុខក្នុងលោកខាងមុខ ។
| ១២. | បឋព្យា ឯករជ្ជេន | សគ្គស្ស គមនេន វា |
| សព្វលោកាធិបច្ចេន | សោតាបត្តិផលំ វរំ ។ |
👉សោតាបត្តិផល ជាគុណជាតដ៌ប្រសើរ ជាងឯករាជ្យលើផែនដីផង ជាងដំណើរទៅកាន់ឋានសួគ៌ផង ជាងភាពជាធំក្នុងលោកទាំងមូលផង ។
ចប់លោកវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…
គម្ពីរធម្មបទ មានទាំងអស់ ៤២៣ បទ ការរាប់ជាបទ រាប់តាមចំនួនគាថា គឺ គាថា ១ គាថា ឬគាថា ១ គាថា ជាមួយនឹងកន្លះគាថា រាប់ជា ១ បទ ក្នុងអដ្ឋកថាធម្មបទ លោករួបរួមទុកជារឿងៗ មានឈ្មោះរឿងប្រាកដតាមសភាវធម៌ ឬបុគ្គលដែលទ្រង់ប្រារព្ធ រឿងខ្លះមិនប្រាកដបុគ្គលដោយជាក់ច្បាស់ លោកក៏ប្រើពាក្យថា បុគ្គលម្នាក់ ភិក្ខុមួយរូប រួមទាំងអស់ ៣០២ រឿង ក្នុងមួយរឿងៗ ចាត់ជាពួក ជាក្រុម ហៅថា វគ្គ រួមជា ២៦ វគ្គ វគ្គនីមួយៗ មានឈ្មោះប្រាកដតាមអំណាចខ្លឹមសារនៃធម្មបទនោះៗ និងរឿងនោះៗ ពោលគឺធម្មបទណា រឿងណា ដែលមានសេចក្តីសម្ពន្ធគ្នា ទាក់ទងគ្នា ដូចគ្នា ស្រដៀងគ្នា ឬក៏ផ្ទុយពីគ្នា លោកក៏ចាត់ធម្មបទនោះៗ និងរឿងនោះៗ ជាពួក ជាក្រុម ជាមួយគ្នា ឬវគ្គជាមួយគ្នា, វគ្គនៃធម្មបទនោះ មាន ២៦ វគ្គ។
🔸គាថាធម្មបទ ជាភាសាអង់គ្លេស DhammapAda
ចំនួនវគ្គក្នុងគម្ពីរធម្មបទ