យមកវគ្គ
មាន១៤រឿង – ២០គាថា
☸️១៤. រឿង ទ្វេសហាយកភិក្ខុ
👉ព្រះបរមសាស្តា ទ្រង់ប្រារឰភិក្ខុពីររូប ជាមិត្រសំឡាញ់នឹងគ្នា ។ ភិក្ខុមួយរូបបានរៀនខាងផ្នែកវិបស្សនាធុរៈ ខំបំពេញព្យាយាមយ៉ាងខ្លាំងក្លាបំផុត រហូតដល់បានសម្រេចឣរហត្តផល, ចំណែកភិក្ខុមួយរូបផ្សេងទៀត បានរៀនខាងគន្ធធុរៈ ជាឣ្នកឈ្លាសវាងវៃ ក្នុងព្រះត្រៃបិដក មានកូនសិស្សជាច្រើន ហើយបែរជាមើលងាយ ដល់ភិក្ខុដែលរៀនខាងផ្នែកវិបស្សនាធុរៈ ថា “ជាឣ្នកគ្មានចេះដឹងអ្វីបន្តិចបន្តួចសោះ” ហើយចង់ទៅសាកសួរបញ្ហា ជាមួយនឹងភិក្ខុដែលរៀនវិបស្សនាធុរៈនោះ ។
លុះដល់ថ្ងៃឆ្លើយបញ្ហា ព្រះសាស្តាទ្រង់ស្តេចយាងទៅ ក្នុងទីប្រជុំនោះដែរ ហើយទ្រង់ត្រាស់សួរនូវបញ្ហា ដោយព្រះឣង្គឯងផ្ទាល់ជាមួយនឹងភិក្ខុដែលរៀនគន្ធធុរៈ ។ គន្ធធុរភិក្ខុនោះ ឆ្លើយបញ្ហា របស់ព្រះសាស្តា ពុំបានឡើយ, ចំណែកវិបស្សនាធុរភិក្ខុ ឆ្លើយបញ្ហរបស់ព្រះសាស្តាបានទាំងឣស់ គ្មានទើសទាក់ឡើយ ។ ព្រះឣង្គទ្រង់ប្រទានសាធុការថា សាធុៗ ។
ពួកភិក្ខុជាសិស្ស របស់ភិក្ខុឣ្នករៀនគន្ធធុរៈ បានឮព្រះបរមសាស្តា ប្រទានសាធុការ ដល់ភិក្ខុឣ្នករៀនវិបស្សនាធុរៈ យ៉ាងនេះហើយ ក៏នាំគ្នារិះគន់ព្រះឣង្គ ថា “ចុះហេតុអ្វី បានជាព្រះសាស្តាទ្រង់ប្រទានសាធុការ ដល់ភិក្ខុដែលរៀនវិបស្សនាធុរៈ ជាឣ្នកមិនចេះដឹងអ្វីបន្តិចសោះ យ៉ាងនេះទៅវិញហ្ន៎ ម្តេចក៏មិនទ្រង់ប្រទានដល់ភិក្ខុ ដែលចេះព្រះត្រៃបិដក? ព្រះឣង្គទ្រង់ធ្វើដូច្នេះ មិនត្រឹមត្រូវទាល់តែសោះឡើយ” ។
ព្រះសាស្តា ទ្រង់បានត្រាស់ នូវព្រះគាថានេះ ថា ៖
| ១៩. | ពហុម្បិ ចេ សហិតំ ភាសមានោ | ន តក្ករោ ហោតិ នរោ បមត្តោ |
| គោបោវ គាវោ គណយំ បរេសំ | ន ភាគវា សាមញ្ញស្ស ហោតិ ។ |
👉បើនរជន ពោលពាក្យប្រកបដោយប្រយោជន៍ សូម្បីច្រើនយ៉ាងណាក៏ដោយ តែជាឣ្នកប្រមាទ មិនធ្វើតាមពាក្យនោះ រមែងជាឣ្នកមិនមានចំណែកសាមញ្ញផលឡើយ ដូចជាឣ្នករក្សាគោ កាលរាប់គោ ប្រគល់ឲ្យឣ្នកដទៃហើយ (ជាឣ្នកមិនបានបរិភោគនូវបញ្ចគោរស1) ដូច្នោះឯង ។
| ២០. | អប្បម្បិ ចេ សហិតំ ភាសមានោ | ធម្មស្ស ហោតិ អនុធម្មចារី |
| រាគញ្ច ទោសញ្ច បហាយ មោហំ | សម្មប្បជានោ សុវិមុត្តចិត្តោ | |
| អនុបាទិយានោ ឥធ វា ហុរំ វា | ស ភាគវា សាមញ្ញស្ស ហោតិ ។ |
👉ផ្ទុយទៅវិញ បើនរជន ពោលពាក្យប្រកបដោយប្រយោជន៍ សូម្បីតែបន្តិចបន្តួច តែជាឣ្នកប្រព្រឹត្តធម៌សមគួរដល់ធម៌ បានលះបង់ចោលនូវរាគៈ ទោសៈ និង មោហៈ ជាឣ្នកដឹងនូវធម៌ ដែលគួរកំណត់តាមហេតុ មានចិត្តដកផុតឣំពីសេចក្តីសៅហ្មង មិនមាន សេចក្តីប្រកាន់មាំ ក្នុងលោកនេះ និង លោកខាងមុខ នរជននោះ រមែងជាឣ្នកបានចំណែកសាមញ្ញផលមែនពិត ។
ចប់ យមកវគ្គ ទី ១
សម្គាល់ៈ
- ១. ខីរ ទឹកដោះស្រស់ដែលទើបតែរឺតពីដោះគោ ទុកមិនលើសពី ១ ថ្ងៃ
២. ទធិ ទឹកដោះជូរដែលត្រាំចោល ទុកមិនលើសពី ១ សប្តាហ៍
៣. សប្បិ ទឹកដោះថ្លា ទឹកដោះដែលគេចម្អិនហើយយកប្រេងចេញអំពីទឹកដោះដែលសល់
៤. នោនីត ទឹកដោះខាប់
៥. ឃត ប្រេង សំណល់ដែលបានមកពីការធ្វើសប្បិ និងនោនីត ( ទុកសម្រាប់ជាប្រេងអុចប្រទីប ) ↩︎

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…
🕮 ចំនួនអត្ថបទមាន: ១៤