សហស្សវគ្គ
មាន១៤រឿង – ១៦គាថា
☸️១៤. រឿង នាងពហុបុត្តិកាថេរី
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងពហុបុត្តិកាថេរី ដែលមានកូនប្រុសស្រីច្រើន ។ ពេលស្វាមីរបស់នាងធ្វើមរណកាលទៅ, នាងបានចែកទ្រព្យសម្បត្តិទាំងឣស់ ឲ្យដល់កូនប្រុសស្រី ហើយទៅនៅឣាស្រ័យ ជាមួយនឹងកូនទាំងនោះ ។ ក្រោយមក នាងឃើញថា កូនប្រុសស្រី ដូចជាមិនសូវយកចិត្តទុកដាក់ទំនុកបំរុងដល់ខ្លួន ក៏បានទៅបួសជានាងភិក្ខុនី ខិតខំប្រឹងប្រែងប្រតិបត្តិធម៌ ក្រោយមក ពិចារណាឃើញព្រះធម៌ដែលព្រះពុទ្ធ ទ្រង់បានត្រាស់សម្តែងទុកហើយ ។ ខណៈនោះ ព្រះសាស្តា ទ្រង់គង់ ក្នុងព្រះសុគន្ធកុដី ទ្រង់បានបញ្ចេញ នូវព្រះរស្មីទៅ ដូចជាទ្រង់គង់នៅ ក្នុងទីចំពោះមុខនាង ទ្រង់ត្រាស់ថា “នែពហុបុត្តិកា ការរស់នៅ មួយខណៈ របស់ឣ្នកដែលឃើញធម៌ ដែលតថាគតសម្តែងទុកហើយ ប្រសើរជាងការរស់នៅ របស់ឣ្នកដែលមិនឃើញធម៌ ដែលតថាគតសម្តែងទុកហើយ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះថា ៖
| ១៦. | យោ ច វស្សសតំ ជីវេ | អបស្សំ ធម្មមុត្តមំ |
| ឯកាហំ ជីវិតំ សេយ្យោ | បស្សតោ ធម្មមុត្តមំ ។ |
👉បុគ្គលណា រស់នៅមួយរយឆ្នាំ មិនឃើញធម៌ដ៏ខ្ពង់ខ្ពស់ (គឺលោកុត្តរធម៌ ៩ យ៉ាង) ឯការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកដែលឃើញធម៌ដ៏ខ្ពង់ខ្ពស់ ប្រសើរជាង (ការរស់នៅរបស់បុគ្គលនោះ) ។
ចប់សហស្សវគ្គ ទី៨
