១៤. ពុទ្ធវគ្គ

☸️១៤. ពុទ្ធវគ្គ មាន​ ១៨ គាថា
១.យស្ស ជិតំ នាវជីយតិជិតំ យស្ស នោយាតិ​ កោចិ លោកេ
តំ ពុទ្ធមនន្តគោចរំអបទំ កេន បទេន នេស្សថ ។

👉ជ័យជម្នះរបស់ព្រះពុទ្ធអង្គណា មិនត្រឡប់ចាញ់វិញ​ កិលេសណាមួយ​ ក្នុងលោក រមែងមិនជាប់​តាម​ជ័យ​ជម្នះ​ របស់​ព្រះពុទ្ធអង្គនោះ​ នាងទាំងឡាយ​ នឹងប្រលោមព្រះពុទ្ធអង្គនោះ ដែល​មាន​គោចរ​គ្មាន​ទី​បំផុត​ មិន​មាន​កិលេស​ដូចស្នាមជើង ដោយកិលេសដូចស្នាមជើង ម្ដេចកើត ។

២.យស្ស ជាលិនី វិសត្តិកាតណ្ហា នត្ថិ កុហិញ្ចិ នេតវេ
តំ ពុទ្ធមនន្តគោចរំអបទំ កេន បទេន នេស្សថ ។

👉តណ្ហាដែលមានបណ្ដាញផ្សាយទៅក្នុងអារម្មណ៍ផ្សេងៗ​ មិនមានដល់ព្រះពុទ្ធអង្គណា ដើម្បី​នឹង​នាំ​ទៅ​ក្នុង​ភព​ណា​មួយ​ នាងទាំងឡាយនឹងប្រលោមព្រះពុទ្ធអង្គនោះ ដែលមានគោចរគ្មានទីបំផុត​ មិន​មាន​កិលេស​ដូច​ស្នាម​ជើង​ ដោយកិលេសដូចស្នាមជើង​ មេ្តចកើត ។

៣.យេ ឈានប្បសុតា ធីរានេក្ខម្មូបសមេ រតា
ទេវាបិ តេសំ បិហយន្តិសម្ពុទ្ធានំ សតីមតំ ។

👉អ្នកប្រាជ្ញទាំងឡាយណា ជាអ្នកខ្វល់ខ្វាយក្នុងឈាន​ ត្រេកអរក្នុងនេក្ខម្មៈ ជាឋាន​ស្ងប់រម្ងាប់​កិលេស​ សូម្បី​ទេវតា​និងមនុស្សទាំងឡាយ​ តែងរាប់រកចំពោះអ្នកប្រាជ្ញទាំងឡាយនោះ​ដែលជាអ្នកត្រាស់ដឹងខ្លួនឯង ទាំងមានស្មារតី។

៤.កិច្ឆោ មនុស្សប្បដិលាភោកិច្ឆំ មច្ចាន ជីវិតំ
កិច្ឆំ សទ្ធម្មស្សវនំកិច្ឆោ ពុទ្ធានមុប្បាទោ ។

👉ការត្រឡប់បានអត្តភាពជាមនុស្ស​ ជាការក្រ ការរស់នៅសត្វទាំងឡាយ​ ជា​ការ​ក្រ​ ការ​ស្ដាប់​ធម៌​របស់​សប្បុរស​ ជា​ការ​ក្រ ការកើតឡើងនៃព្រះពុទ្ធទាំងឡាយ ជា​ការ​ក្រ ។

៥.សព្វបាបស្ស អករណំ កុសលស្ស ឧបសម្បទា
សចិត្តបរិយោទបនំឯតំ ពុទ្ធាន សាសនំ ។

👉ការមិនធ្វើបាបទាំងពួង ការញ៉ាំងកុសលឲ្យកើតឡើង​ ការធ្វើចិត្តរបស់ខ្លួន​ ឲ្យផូរផង់ នេះ​ជា​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះពុទ្ធទាំងឡាយ ។

៦.ខន្តី បរមំ តបោ តិតិក្ខានិព្វានំ បរមំ វទន្តិ ពុទ្ធា
ន ហិ បព្វជិតោ បរូបឃាតីសមណោ ហោតិ បរំ វិហេឋយន្តោ ។

👉ខន្ដិ គឺសេចក្ដីអត់ធន់​ ជាតបធម៌ដ៏ឧត្តម​ ព្រះពុទ្ធទាំងឡាយ​ តែងពោលថា ព្រះនិព្វាន​ជា​ធម្មជាតិ​ដ៏​ឧត្តម​ បុគ្គល​ដែល​សម្លាប់សត្វដទៃ មិនឈ្មោះថាបព្វជិតទេ​ បុគ្គលដែលបៀតបៀនសត្វដទៃ ក៏​មិនឈ្មោះថា​សមណៈឡើយ ។

៧.អនូបវាទោ អនូបឃាតោបាតិមោក្ខេ ច សំវរោ
មត្តញ្ញុតា ច ភត្តស្មិំបន្តញ្ច សយនាសនំ
អធិចិត្តេ ច អាយោគោឯតំ ពុទ្ធាន សាសនំ ។

👉ការមិនតិះដៀល ១ ការមិនបៀតបៀន ១ ការសង្រួមក្នុងបាតិមោក្ខ ១ ភាពជាអ្នកដឹង​ប្រមាណ​ក្នុងភោជន ១ ការ​ដេក​និងអង្គុយ​ ក្នុងទីស្ងាត់ ១​ ការព្យាយាមក្នុងអធិចិត្ត ១ នុ៎ះជាពាក្យប្រៀនប្រដៅរបស់​ព្រះពុទ្ធទាំងឡាយ ។

៨.ន កហាបណវស្សេនតតិត្តិ កាមេសុ វិជ្ជតិ
អប្បស្សាទា ទុខា កាមាឥតិ វិញ្ញាយ បណ្ឌិតោ ។

👉ការស្កប់ស្កល់ក្នុងកាមទាំងឡាយ រមែងមិនមាន​ ព្រោះកហាបណៈ​ ( ដែលធ្លាក់ចុះ ) ​ដូច​ទឹក​ភ្លៀង​ទេ កាម​ទាំង​ឡាយ​ មានសុខតិច មានទុក្ខច្រើន

៩.អបិ ទិព្វេសុ កាមេសុរតឹ សោ នាធិគច្ឆតិ
តណ្ហក្ខយរតោ ហោតិសម្មាសម្ពុទ្ធសាវកោ ។

👉អ្នកប្រាជ្ញដឹងច្បាស់យ៉ាងនេះហើយ លោក ( បណ្ឌិត ) ​មិន​បាន​ត្រេក​អរ​ក្នុង​កាមទាំងឡាយ សូម្បីជាទិព្វឡើយ សាវ័ករបស់​ព្រះសម្មា​សម្ពុទ្ធ​​រមែង​ជាអ្នកត្រេកអរក្នុងធម៌ជាគ្រឿងអស់តណ្ហា ។

១០.ពហុំ វេ សរណំ យន្តិបព្វតានិ វនានិ ច
អារាមរុក្ខចេត្យានិមនុស្សា ភយតជ្ជិតា ។

👉មនុស្សទាំងឡាយច្រើននាក់ ត្រូវភ័យគំរាមហើយ តែងយកភ្នំ អារាម​ និងរុក្ខចេតិយ ជា​ទី​ពឹង ។

១១.នេតំ ខោ សរណំ ខេមំនេតំ សរណមុត្តមំ
នេតំ សរណមាគម្មសព្វទុក្ខា បមុច្ចតិ ។

👉ទីពឹងបែបនេះ​ មិនមែនជាទីពឹងដ៏ក្សេមទេ​ ទីពឹងបែបនេះ​ មិនមែនជាទីពឹងដ៏ឧត្តមទេ បុគ្គល​អាស្រ័យ​នូវ​ទី​ពឹង​នេះ​ហើយ​ រមែងមិនរួចស្រឡះចាកទុក្ខទាំងពួងឡើយ ។

១២.យោ ច ពុទ្ធញ្ច ធម្មញ្ចសង្ឃញ្ច សរណំ គតោ
ចត្តារិ អរិយសច្ចានិសម្មប្បញ្ញាយ បស្សតិ ។
១៣.ទុក្ខំ ទុក្ខសមុប្បាទំទុក្ខស្ស ច អតិក្កមំ
អរិយញ្ចដ្ឋង្គិកំ មគ្គំទុក្ខូបសមគាមិនំ ។
១៤.ឯតំ ខោ សរណំ ខេមំឯតំ សរណមុត្តមំ
ឯតំ សរណមាគម្មសព្វទុក្ខា  បមុច្ចតិ ។

👉លុះតែបុគ្គលណា​ យកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹង​ ឃើញច្បាស់នូវអរិយសច្ចទាំង ៤ គឺ ទុក្ខសច្ច ១ ទុក្ខសមុទយសច្ច ១ និរោធសច្ច កន្លងទុក្ខ ១ អរិយមគ្គប្រកបដោយអង្គ​ ៨​ ជា​ដំណើរ​ទៅ​កាន់​ព្រះនិព្វាន​ដែល​ជា​ទី​រម្ងាប់ទុក្ខ​ ១ ដោយប្រាជ្ញដ៏ប្រពៃ​ នេះឯងជាទីពឹងដ៏ក្សេម នេះឯងជាទីពឹងដ៏ឧត្តម បុគ្គល​អាស្រ័យ​ទីពឹង​នេះ​ រមែង​រួចស្រឡះចាកទុក្ខទាំងពួងបាន ។​

១៥.ទុល្លភោ បុរិសាជញ្ញោន សោ សព្វត្ថ ជាយតិ
យត្ថ សោ ជាយតី ធីរោតំ កុលំ សុខមេធតិ ។

👉បុរសអាជានេយ្យ​ រកបានដោយកម្រ លោកមិនកើតក្នុងសព្វឋានឡើយ​ លោក​ជា​អ្នក​មាន​ប្រាជ្ញា​ កើត​ក្នុង​ត្រកូល​ណា​ ត្រកូលនោះ តែងដល់នូវសេចក្ដីសុខ ។

១៦.សុខោ ពុទ្ធានមុប្បាទោសុខា សទ្ធម្មទេសនា
សុខា សង្ឃស្ស សាមគ្គីសមគ្គានំ តបោ សុខោ ។

👉ការកើតឡើងនៃព្រះពុទ្ធទាំងឡាយ​ នាំមក​នូវ​សេចក្តី​សុខ​ ការសំដែង​ព្រះសទ្ធម្ម​​ នាំ​មក​នូវ​សេចក្តី​សុខ​ សេចក្ដី​ព្រម​​ព្រៀងគ្នានៃពួក​ក្រុម នាំមកនូវសេចក្តីសុខ​ តបធម៌របស់បុគ្គលអ្នកព្រមព្រៀងគ្នាទាំងឡាយ​ នាំមកនូវ​សេចក្តី​សុខ ។

១៧.បូជារហេ បូជយតោពុទ្ធេ យទិ វ សាវកេ
បបញ្ចសមតិក្កន្តេតិណ្ណសោកបរិទ្ទវេ ។

👉កាលបុគ្គលបូជា​ ដល់បូជារហបុគ្គល​ គឺព្រះពុទ្ធ ឬសាវ័ករបស់ព្រះពុទ្ធ​ ដែលកន្លងផុតបបញ្ចធម៌ ដែល​កន្លង​ផុត​សេចក្ដី​សោក និងសេចក្តីខ្សឹកខ្សួល ។

១៨.តេ តាទិសេ បូជយតោនិព្វុតេ អកុតោភយេ
ន សក្កា បុញ្ញំ សង្ខាតុំឥមេត្តមបិ កេនចិ ។

👉កាលបូជា​ ដល់បូជារហបុគ្គលទាំងនោះ ដែលប្រកបដោយតាទិគុណ​ លោកមិនមានភ័យ​អំពី​ទី​ណា សូម្បី​បរិនិពា្វន​ទៅ​ហើយ បុគ្គលណាមួយ​ មិនអាចរាប់បុណ្យថា បុណ្យ​នេះ​ មានប្រមាណ​ប៉ុណ្ណេះ បានឡើយ ។​

ចប់ពុទ្ធវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ២៦

📘 ធម្មបទគាថាម្ភៃប្រាំមួយវគ្គ

📘១. យមកវគ្គ
📘២. អប្បមាទវគ្គ
📘៣-ចិត្តវគ្គ
📘៤. បុប្ផវគ្គ
📘៥. ពាលវគ្គ
📘៦. បណ្ឌិតវគ្គ
📘៧. អរហន្តវគ្គ
📘៨. សហស្សវគ្គ
📘៩. បាបវគ្គ
📘១០. ទណ្ឌវគ្គ
📘១១. ជរាវគ្គ
📘១២. អត្តវគ្គ
📘១៣. លោកវគ្គ
📘១៤. ពុទ្ធវគ្គ
📘១៥. សុខវគ្គ
📘១៦. បិយវគ្គ
📘១៧. កោធវគ្គ
📘១៨. មលវគ្គ
📘១៩. ធម្មដ្ឋវគ្គ
📘២០. មគ្គវគ្គ
📘២១. បកិណ្ណកវគ្គ
📘២២. និរយវគ្គ
📘២៣. នាគវគ្គ
📘២៤. តណ្ហាវគ្គ
📘២៥. ភិក្ខុវគ្គ
📘២៦. ព្រាហ្មណវគ្គ