☸️១៤. ពុទ្ធវគ្គ មាន ១៨ គាថា
| ១. | យស្ស ជិតំ នាវជីយតិ | ជិតំ យស្ស នោយាតិ កោចិ លោកេ |
| តំ ពុទ្ធមនន្តគោចរំ | អបទំ កេន បទេន នេស្សថ ។ |
👉ជ័យជម្នះរបស់ព្រះពុទ្ធអង្គណា មិនត្រឡប់ចាញ់វិញ កិលេសណាមួយ ក្នុងលោក រមែងមិនជាប់តាមជ័យជម្នះ របស់ព្រះពុទ្ធអង្គនោះ នាងទាំងឡាយ នឹងប្រលោមព្រះពុទ្ធអង្គនោះ ដែលមានគោចរគ្មានទីបំផុត មិនមានកិលេសដូចស្នាមជើង ដោយកិលេសដូចស្នាមជើង ម្ដេចកើត ។
| ២. | យស្ស ជាលិនី វិសត្តិកា | តណ្ហា នត្ថិ កុហិញ្ចិ នេតវេ |
| តំ ពុទ្ធមនន្តគោចរំ | អបទំ កេន បទេន នេស្សថ ។ |
👉តណ្ហាដែលមានបណ្ដាញផ្សាយទៅក្នុងអារម្មណ៍ផ្សេងៗ មិនមានដល់ព្រះពុទ្ធអង្គណា ដើម្បីនឹងនាំទៅក្នុងភពណាមួយ នាងទាំងឡាយនឹងប្រលោមព្រះពុទ្ធអង្គនោះ ដែលមានគោចរគ្មានទីបំផុត មិនមានកិលេសដូចស្នាមជើង ដោយកិលេសដូចស្នាមជើង មេ្តចកើត ។
| ៣. | យេ ឈានប្បសុតា ធីរា | នេក្ខម្មូបសមេ រតា |
| ទេវាបិ តេសំ បិហយន្តិ | សម្ពុទ្ធានំ សតីមតំ ។ |
👉អ្នកប្រាជ្ញទាំងឡាយណា ជាអ្នកខ្វល់ខ្វាយក្នុងឈាន ត្រេកអរក្នុងនេក្ខម្មៈ ជាឋានស្ងប់រម្ងាប់កិលេស សូម្បីទេវតានិងមនុស្សទាំងឡាយ តែងរាប់រកចំពោះអ្នកប្រាជ្ញទាំងឡាយនោះដែលជាអ្នកត្រាស់ដឹងខ្លួនឯង ទាំងមានស្មារតី។
| ៤. | កិច្ឆោ មនុស្សប្បដិលាភោ | កិច្ឆំ មច្ចាន ជីវិតំ |
| កិច្ឆំ សទ្ធម្មស្សវនំ | កិច្ឆោ ពុទ្ធានមុប្បាទោ ។ |
👉ការត្រឡប់បានអត្តភាពជាមនុស្ស ជាការក្រ ការរស់នៅសត្វទាំងឡាយ ជាការក្រ ការស្ដាប់ធម៌របស់សប្បុរស ជាការក្រ ការកើតឡើងនៃព្រះពុទ្ធទាំងឡាយ ជាការក្រ ។
| ៥. | សព្វបាបស្ស អករណំ | កុសលស្ស ឧបសម្បទា |
| សចិត្តបរិយោទបនំ | ឯតំ ពុទ្ធាន សាសនំ ។ |
👉ការមិនធ្វើបាបទាំងពួង ការញ៉ាំងកុសលឲ្យកើតឡើង ការធ្វើចិត្តរបស់ខ្លួន ឲ្យផូរផង់ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ ។
| ៦. | ខន្តី បរមំ តបោ តិតិក្ខា | និព្វានំ បរមំ វទន្តិ ពុទ្ធា |
| ន ហិ បព្វជិតោ បរូបឃាតី | សមណោ ហោតិ បរំ វិហេឋយន្តោ ។ |
👉ខន្ដិ គឺសេចក្ដីអត់ធន់ ជាតបធម៌ដ៏ឧត្តម ព្រះពុទ្ធទាំងឡាយ តែងពោលថា ព្រះនិព្វានជាធម្មជាតិដ៏ឧត្តម បុគ្គលដែលសម្លាប់សត្វដទៃ មិនឈ្មោះថាបព្វជិតទេ បុគ្គលដែលបៀតបៀនសត្វដទៃ ក៏មិនឈ្មោះថាសមណៈឡើយ ។
| ៧. | អនូបវាទោ អនូបឃាតោ | បាតិមោក្ខេ ច សំវរោ |
| មត្តញ្ញុតា ច ភត្តស្មិំ | បន្តញ្ច សយនាសនំ | |
| អធិចិត្តេ ច អាយោគោ | ឯតំ ពុទ្ធាន សាសនំ ។ |
👉ការមិនតិះដៀល ១ ការមិនបៀតបៀន ១ ការសង្រួមក្នុងបាតិមោក្ខ ១ ភាពជាអ្នកដឹងប្រមាណក្នុងភោជន ១ ការដេកនិងអង្គុយ ក្នុងទីស្ងាត់ ១ ការព្យាយាមក្នុងអធិចិត្ត ១ នុ៎ះជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ ។
| ៨. | ន កហាបណវស្សេន | តតិត្តិ កាមេសុ វិជ្ជតិ |
| អប្បស្សាទា ទុខា កាមា | ឥតិ វិញ្ញាយ បណ្ឌិតោ ។ |
👉ការស្កប់ស្កល់ក្នុងកាមទាំងឡាយ រមែងមិនមាន ព្រោះកហាបណៈ ( ដែលធ្លាក់ចុះ ) ដូចទឹកភ្លៀងទេ កាមទាំងឡាយ មានសុខតិច មានទុក្ខច្រើន
| ៩. | អបិ ទិព្វេសុ កាមេសុ | រតឹ សោ នាធិគច្ឆតិ |
| តណ្ហក្ខយរតោ ហោតិ | សម្មាសម្ពុទ្ធសាវកោ ។ |
👉អ្នកប្រាជ្ញដឹងច្បាស់យ៉ាងនេះហើយ លោក ( បណ្ឌិត ) មិនបានត្រេកអរក្នុងកាមទាំងឡាយ សូម្បីជាទិព្វឡើយ សាវ័ករបស់ព្រះសម្មាសម្ពុទ្ធរមែងជាអ្នកត្រេកអរក្នុងធម៌ជាគ្រឿងអស់តណ្ហា ។
| ១០. | ពហុំ វេ សរណំ យន្តិ | បព្វតានិ វនានិ ច |
| អារាមរុក្ខចេត្យានិ | មនុស្សា ភយតជ្ជិតា ។ |
👉មនុស្សទាំងឡាយច្រើននាក់ ត្រូវភ័យគំរាមហើយ តែងយកភ្នំ អារាម និងរុក្ខចេតិយ ជាទីពឹង ។
| ១១. | នេតំ ខោ សរណំ ខេមំ | នេតំ សរណមុត្តមំ |
| នេតំ សរណមាគម្ម | សព្វទុក្ខា បមុច្ចតិ ។ |
👉ទីពឹងបែបនេះ មិនមែនជាទីពឹងដ៏ក្សេមទេ ទីពឹងបែបនេះ មិនមែនជាទីពឹងដ៏ឧត្តមទេ បុគ្គលអាស្រ័យនូវទីពឹងនេះហើយ រមែងមិនរួចស្រឡះចាកទុក្ខទាំងពួងឡើយ ។
| ១២. | យោ ច ពុទ្ធញ្ច ធម្មញ្ច | សង្ឃញ្ច សរណំ គតោ |
| ចត្តារិ អរិយសច្ចានិ | សម្មប្បញ្ញាយ បស្សតិ ។ | |
| ១៣. | ទុក្ខំ ទុក្ខសមុប្បាទំ | ទុក្ខស្ស ច អតិក្កមំ |
| អរិយញ្ចដ្ឋង្គិកំ មគ្គំ | ទុក្ខូបសមគាមិនំ ។ | |
| ១៤. | ឯតំ ខោ សរណំ ខេមំ | ឯតំ សរណមុត្តមំ |
| ឯតំ សរណមាគម្ម | សព្វទុក្ខា បមុច្ចតិ ។ |
👉លុះតែបុគ្គលណា យកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹង ឃើញច្បាស់នូវអរិយសច្ចទាំង ៤ គឺ ទុក្ខសច្ច ១ ទុក្ខសមុទយសច្ច ១ និរោធសច្ច កន្លងទុក្ខ ១ អរិយមគ្គប្រកបដោយអង្គ ៨ ជាដំណើរទៅកាន់ព្រះនិព្វានដែលជាទីរម្ងាប់ទុក្ខ ១ ដោយប្រាជ្ញដ៏ប្រពៃ នេះឯងជាទីពឹងដ៏ក្សេម នេះឯងជាទីពឹងដ៏ឧត្តម បុគ្គលអាស្រ័យទីពឹងនេះ រមែងរួចស្រឡះចាកទុក្ខទាំងពួងបាន ។
| ១៥. | ទុល្លភោ បុរិសាជញ្ញោ | ន សោ សព្វត្ថ ជាយតិ |
| យត្ថ សោ ជាយតី ធីរោ | តំ កុលំ សុខមេធតិ ។ |
👉បុរសអាជានេយ្យ រកបានដោយកម្រ លោកមិនកើតក្នុងសព្វឋានឡើយ លោកជាអ្នកមានប្រាជ្ញា កើតក្នុងត្រកូលណា ត្រកូលនោះ តែងដល់នូវសេចក្ដីសុខ ។
| ១៦. | សុខោ ពុទ្ធានមុប្បាទោ | សុខា សទ្ធម្មទេសនា |
| សុខា សង្ឃស្ស សាមគ្គី | សមគ្គានំ តបោ សុខោ ។ |
👉ការកើតឡើងនៃព្រះពុទ្ធទាំងឡាយ នាំមកនូវសេចក្តីសុខ ការសំដែងព្រះសទ្ធម្ម នាំមកនូវសេចក្តីសុខ សេចក្ដីព្រមព្រៀងគ្នានៃពួកក្រុម នាំមកនូវសេចក្តីសុខ តបធម៌របស់បុគ្គលអ្នកព្រមព្រៀងគ្នាទាំងឡាយ នាំមកនូវសេចក្តីសុខ ។
| ១៧. | បូជារហេ បូជយតោ | ពុទ្ធេ យទិ វ សាវកេ |
| បបញ្ចសមតិក្កន្តេ | តិណ្ណសោកបរិទ្ទវេ ។ |
👉កាលបុគ្គលបូជា ដល់បូជារហបុគ្គល គឺព្រះពុទ្ធ ឬសាវ័ករបស់ព្រះពុទ្ធ ដែលកន្លងផុតបបញ្ចធម៌ ដែលកន្លងផុតសេចក្ដីសោក និងសេចក្តីខ្សឹកខ្សួល ។
| ១៨. | តេ តាទិសេ បូជយតោ | និព្វុតេ អកុតោភយេ |
| ន សក្កា បុញ្ញំ សង្ខាតុំ | ឥមេត្តមបិ កេនចិ ។ |
👉កាលបូជា ដល់បូជារហបុគ្គលទាំងនោះ ដែលប្រកបដោយតាទិគុណ លោកមិនមានភ័យអំពីទីណា សូម្បីបរិនិពា្វនទៅហើយ បុគ្គលណាមួយ មិនអាចរាប់បុណ្យថា បុណ្យនេះ មានប្រមាណប៉ុណ្ណេះ បានឡើយ ។
ចប់ពុទ្ធវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…
គម្ពីរធម្មបទ មានទាំងអស់ ៤២៣ បទ ការរាប់ជាបទ រាប់តាមចំនួនគាថា គឺ គាថា ១ គាថា ឬគាថា ១ គាថា ជាមួយនឹងកន្លះគាថា រាប់ជា ១ បទ ក្នុងអដ្ឋកថាធម្មបទ លោករួបរួមទុកជារឿងៗ មានឈ្មោះរឿងប្រាកដតាមសភាវធម៌ ឬបុគ្គលដែលទ្រង់ប្រារព្ធ រឿងខ្លះមិនប្រាកដបុគ្គលដោយជាក់ច្បាស់ លោកក៏ប្រើពាក្យថា បុគ្គលម្នាក់ ភិក្ខុមួយរូប រួមទាំងអស់ ៣០២ រឿង ក្នុងមួយរឿងៗ ចាត់ជាពួក ជាក្រុម ហៅថា វគ្គ រួមជា ២៦ វគ្គ វគ្គនីមួយៗ មានឈ្មោះប្រាកដតាមអំណាចខ្លឹមសារនៃធម្មបទនោះៗ និងរឿងនោះៗ ពោលគឺធម្មបទណា រឿងណា ដែលមានសេចក្តីសម្ពន្ធគ្នា ទាក់ទងគ្នា ដូចគ្នា ស្រដៀងគ្នា ឬក៏ផ្ទុយពីគ្នា លោកក៏ចាត់ធម្មបទនោះៗ និងរឿងនោះៗ ជាពួក ជាក្រុម ជាមួយគ្នា ឬវគ្គជាមួយគ្នា, វគ្គនៃធម្មបទនោះ មាន ២៦ វគ្គ។
🔸គាថាធម្មបទ ជាភាសាអង់គ្លេស DhammapAda
ចំនួនវគ្គក្នុងគម្ពីរធម្មបទ