☸️១៧. កោធវគ្គ មាន ១៤ គាថា
| ១. | កោធំ ជហេ វិប្បជហេយ្យ មានំ | សំយោជនំ សព្វមតិក្កមេយ្យ |
| តំ នាមរូបស្មិមសជ្ជមានំ | អកិញ្ចនំ នានុបតន្តិ ទុក្ខា ។ |
👉បុគ្គលគួរលះបង់សេចក្ដីក្រោធចេញ គួរលះបង់មានះចេញ គួរកន្លងសញ្ញោជនធម៌ទាំងអស់ចោលចេញ ទុក្ខទាំងឡាយ តែងមិនជាប់តាមបុគ្គល ដែលមិនជំពាក់ក្នុងនាម និងរូប មិនមានកិលេសជាគ្រឿងកង្វល់នោះឡើយ ។
| ២. | យោ វេ ឧប្បតិតំ កោធំ | រថំ ភន្តំវ ធារយេ |
| តមហំ សារថឹ ព្រូមិ | រស្មិគ្គាហោ ឥតរោ ជនោ ។ |
👉បុគ្គលណា ហាមឃាត់សេចក្ដីក្រោធ ដែលកើតឡើងហើយ ដូចសារថីទប់រថ ដែលកំពុងលឿនបាន តថាគតហៅបុគ្គលនោះថា សារថី ជនក្រៅពីនេះ គ្រាន់តែជាអ្នកកាន់ខ្សែបង្ហៀរ ( មិនមែនជាសារថីឡើយ ) ។
| ៣. | អក្កោធេន ជិនេ កោធំ | អសាធុំ សាធុនា ជិនេ |
| ជិនេ កទរិយំ ទានេន | សច្ចេនាលិកវាទិនំ ។ |
👉បុគ្គលគប្បីឈ្នះមនុស្សក្រោធបាន ដោយការមិនក្រោធ គប្បីឈ្នះមនុស្សអសប្បុរសដោយអំពើជាសប្បុរស គប្បីឈ្នះមនុស្សកំណាញ់ដោយការឲ្យ គប្បីឈ្នះមនុស្សនិយាយមិនពិត ដោយពាក្យពិត ។
| ៤. | សច្ចំ ភណេ ន កុជ្ឈេយ្យ | ទជ្ជា អប្បំបិ យាចិតោ |
| ឯតេហិ តីហិ ឋានេហិ | គច្ឆេ ទេវាន សន្តិកេ ។ |
👉បុគ្គលគួរពោលពាក្យពិត ១ មិនគួរក្រោធ ១ កាលគេសូមវត្ថុសូម្បីមានតិច ក៏គួរឲ្យតាមតិច ១ បុគ្គលគប្បីទៅកើតក្នុងសំណាក់ទេវតាទាំងឡាយបាន ដោយហេតុទាំង ៣ នេះឯង ។
| ៥. | អហឹសកា យេ មុនយោ | និច្ចំ កាយេន សំវុតា |
| តេ យន្តិ អច្ចុតំ ឋានំ | យត្ថ គន្ត្វា ន សោចរេ ។ |
👉ជនទាំងឡាយណា ជាអ្នកប្រាជ្ញ មិនបៀតបៀនសត្វដទៃ សង្រួមហើយ ដោយកាយទ្វារជាដើម ជានិច្ច ជនទាំងឡាយនោះ រមែងទៅកាន់ស្ថានដ៏មិនប្រែប្រួល ជាស្ថានដែលគេទៅដល់ហើយ តែងមិនសោកស្ដាយ ។
| ៦. | សទា ជាគរមានានំ | អហោរត្តានុសិក្ខិនំ |
| និព្វានំ អធិមុត្តានំ | អដ្ឋំ គច្ឆន្តិ អាសវា ។ |
👉អាសវៈទាំងឡាយ របស់បុគ្គលអ្នកភ្ញាក់រឭកសព្វកាល ជាអ្នកសិក្សាត្រៃសិក្ខា ទាំងថ្ងៃទាំងយប់ មានចិត្តចុះស៊ប់កាន់ព្រះនិពា្វន តែងដល់នូវការតាំងនៅមិនបានឡើយ ។
| ៧. | បោរាណមេតំ អតុល | នេតំ អជ្ជតនាមិវ |
| និន្ទន្តិ តុណ្ហិមាសីនំ | និន្ទន្តិ ពហុភាណិនំ | |
| មិតភាណិម្បិ និន្ទន្តិ | នត្ថិ លោកេ អនិន្ទិតោ ។ |
👉ម្នាលអតុលៈ ការតិះដៀល និងការសរសើរនេះ ជារបស់បុរាណ ការតិះដៀល និងការសរសើរនេះ មិនមែនទើបនឹងកើតឡើងក្នុងថ្ងៃនេះទេ ( ព្រោះថា ) ជនទាំងឡាយ តែងនិន្ទាបុគ្គលអ្នកអង្គុយស្ងៀមក៏មាន និន្ទាបុគ្គលអ្នកនិយាយច្រើនក៏មាន និន្ទាបុគ្គលអ្នកនិយាយល្មមប្រមាណក៏មាន ( បុគ្គលណាៗ ក៏ដោយ ) ក្នុងលោកដែលមិនត្រូវគេនិន្ទាគ្មានឡើយ ។
| ៨. | ន ចាហុ ន ច ភវិស្សតិ | ន ចេតរហិ វិជ្ជតិ |
| ឯកន្តំ និន្ទិតោ បោសោ | ឯកន្តំ វា បសំសិតោ ។ |
👉បុគ្គលដែលត្រូវគេនិន្ទាតែម្យ៉ាង ឬត្រូវគេសរសើរតែម្យ៉ាង មិនមែនមានមកហើយ តែក្នុងអតីតទេ នឹងមានទៅក្នុងអនាគតក៏ទេ មានតែក្នុងបច្ចុប្បន្ននេះក៏ទេ ។
| ៩. | យញ្ចេ វិញ្ញូ បសំសន្តិ | អនុវិច្ច សុវេ សុវេ |
| អច្ឆិទ្ទវុត្តឹ មេធាវឹ | បញ្ញាសីលសមាហិតំ ។ |
👉អ្នកប្រាជ្ញទាំងឡាយ សង្កេតមើលរាល់ៗ ថ្ងៃ ហើយសរសើរបុគ្គលណា ដែលជាអ្នកប្រព្រឹត្តមិនដាច់ មានប្រាជ្ញា មានចិត្តតម្កល់ខ្ជាប់ក្នុងបញ្ញា និងសីល ។
| ១០. | នេក្ខំ ជម្ពោនទស្សេវ | កោ តំ និន្ទិតុមរហតិ |
| ទេវាបិ នំ បសំសន្តិ | ព្រហ្មុនាបិ បសំសិតោ ។ |
👉អ្នកណា គួរនឹងនិន្ទាបុគ្គលដែលដូចជាឆ្ដោរនៃមាសជម្ពោនទនោះបាន សូម្បីទេវតា និងមនុស្សទាំងឡាយ ក៏សរសើរបុគ្គលនោះ ទាំងព្រហ្មក៏សរសើរដូចគ្នា ។
| ១១. | កាយប្បកោបំ រក្ខេយ្យ | កាយេន សំវុតោ សិយា |
| កាយទុច្ចរិតំ ហិត្វា | កាយេន សុចរិតំ ចរេ ។ |
👉បុគ្គលគប្បីរក្សានូវការចម្រើនកាយ គប្បីសង្រួមកាយ គប្បីលះបង់កាយទុច្ចរិត គប្បីប្រព្រឹត្តកាយសុចរិត ។
| ១២. | វចីបកោបំ រក្ខេយ្យ | វាចាយ សំវុតោ សិយា |
| វចីទុច្ចរិតំ ហិត្វា | បិវាចាយ សុចរិតំ ចរេ ។ |
👉បុគ្គលគប្បីរក្សានូវការចម្រើនវាចា គប្បីសង្រួមវាចា គប្បីលះបង់វចីទុច្ចរិត គប្បីប្រព្រឹត្តវចីសុចរិត ។
| ១៣. | មនោបកោបំ រក្ខេយ្យ | មនសា សំវុតោ សិយា |
| មនោទុច្ចរិតំ ហិត្វា | មនសា សុចរិតំ ចរេ ។ |
👉បុគ្គលគប្បីរក្សានូវការចម្រើនចិត្ដ គប្បីសង្រួមចិត្ដ គប្បីលះបង់មនោទុច្ចរិត គប្បីប្រព្រឹត្តមនោសុចរិត ។
| ១៤. | កាយេន សំវុតា ធីរា | អថោ វាចាយ សំវុតា |
| មនសា សំវុតា ធីរា | តេ វេ សុបរិសំវុតា ។ |
👉អ្នកប្រាជ្ញទាំងឡាយ បានសង្រួមកាយ សង្រួមវាចា អ្នកប្រាជ្ញទាំងឡាយ បានសង្រួមចិត្តហើយ លោកទាំងនោះឯង ឈ្មោះថា សង្រួមហើយដោយប្រពៃ ។
ចប់កោធវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…
គម្ពីរធម្មបទ មានទាំងអស់ ៤២៣ បទ ការរាប់ជាបទ រាប់តាមចំនួនគាថា គឺ គាថា ១ គាថា ឬគាថា ១ គាថា ជាមួយនឹងកន្លះគាថា រាប់ជា ១ បទ ក្នុងអដ្ឋកថាធម្មបទ លោករួបរួមទុកជារឿងៗ មានឈ្មោះរឿងប្រាកដតាមសភាវធម៌ ឬបុគ្គលដែលទ្រង់ប្រារព្ធ រឿងខ្លះមិនប្រាកដបុគ្គលដោយជាក់ច្បាស់ លោកក៏ប្រើពាក្យថា បុគ្គលម្នាក់ ភិក្ខុមួយរូប រួមទាំងអស់ ៣០២ រឿង ក្នុងមួយរឿងៗ ចាត់ជាពួក ជាក្រុម ហៅថា វគ្គ រួមជា ២៦ វគ្គ វគ្គនីមួយៗ មានឈ្មោះប្រាកដតាមអំណាចខ្លឹមសារនៃធម្មបទនោះៗ និងរឿងនោះៗ ពោលគឺធម្មបទណា រឿងណា ដែលមានសេចក្តីសម្ពន្ធគ្នា ទាក់ទងគ្នា ដូចគ្នា ស្រដៀងគ្នា ឬក៏ផ្ទុយពីគ្នា លោកក៏ចាត់ធម្មបទនោះៗ និងរឿងនោះៗ ជាពួក ជាក្រុម ជាមួយគ្នា ឬវគ្គជាមួយគ្នា, វគ្គនៃធម្មបទនោះ មាន ២៦ វគ្គ។
🔸គាថាធម្មបទ ជាភាសាអង់គ្លេស DhammapAda
ចំនួនវគ្គក្នុងគម្ពីរធម្មបទ