១៧. កោធវគ្គ

☸️១៧. កោធវគ្គ មាន​ ១៤ គាថា
១.កោធំ ជហេ វិប្បជហេយ្យ មានំសំយោជនំ សព្វមតិក្កមេយ្យ
តំ នាមរូបស្មិមសជ្ជមានំអកិញ្ចនំ នានុបតន្តិ ទុក្ខា ។

👉បុគ្គលគួរលះបង់សេចក្ដីក្រោធចេញ គួរលះបង់មានះចេញ គួរកន្លងសញ្ញោជនធម៌ទាំង​អស់​ចោល​ចេញ​ ទុក្ខ​ទាំង​ឡាយ​ តែងមិនជាប់តាមបុគ្គល ដែលមិនជំពាក់ក្នុងនាម​ និងរូប​ មិនមាន​កិលេសជាគ្រឿងកង្វល់នោះឡើយ ។

២.យោ វេ ឧប្បតិតំ កោធំរថំ ភន្តំវ ធារយេ
តមហំ សារថឹ ព្រូមិរស្មិគ្គាហោ ឥតរោ ជនោ ។

👉បុគ្គលណា ហាមឃាត់សេចក្ដីក្រោធ ដែលកើតឡើងហើយ​ ដូចសារថីទប់រថ​ ដែលកំពុងលឿនបាន តថាគត​ហៅ​បុគ្គលនោះថា​ សារថី​ ជនក្រៅពីនេះ គ្រាន់តែជាអ្នកកាន់ខ្សែបង្ហៀរ​ ( មិនមែនជា​សារថី​ឡើយ ) ។

៣.អក្កោធេន ជិនេ កោធំអសាធុំ សាធុនា ជិនេ
ជិនេ កទរិយំ ទានេនសច្ចេនាលិកវាទិនំ ។

👉បុគ្គលគប្បីឈ្នះមនុស្សក្រោធបាន ដោយការមិនក្រោធ​ គប្បីឈ្នះមនុស្សអសប្បុរសដោយអំពើ​ជា​សប្បុរស​ គប្បី​ឈ្នះមនុស្សកំណាញ់ដោយការឲ្យ គប្បីឈ្នះមនុស្សនិយាយមិនពិត​ ដោយ​ពាក្យពិត ។

៤.សច្ចំ ភណេ ន កុជ្ឈេយ្យទជ្ជា អប្បំបិ យាចិតោ
ឯតេហិ តីហិ ឋានេហិគច្ឆេ ទេវាន សន្តិកេ ។

👉បុគ្គលគួរពោលពាក្យពិត ១ មិនគួរក្រោធ ១ កាលគេសូមវត្ថុសូម្បីមានតិច ក៏គួរឲ្យតាមតិច ១ បុគ្គល​គប្បី​ទៅ​កើត​ក្នុងសំណាក់ទេវតាទាំងឡាយបាន​ ដោយហេតុទាំង ៣ នេះឯង ។

៥.អហឹសកា យេ មុនយោនិច្ចំ កាយេន សំវុតា
តេ យន្តិ អច្ចុតំ ឋានំយត្ថ គន្ត្វា ន សោចរេ ។

👉ជនទាំងឡាយណា​ ជាអ្នកប្រាជ្ញ មិនបៀតបៀនសត្វដទៃ​ សង្រួមហើយ​ ដោយកាយទ្វារជាដើម ជានិច្ច ជន​ទាំង​ឡាយ​នោះ​ រមែងទៅកាន់ស្ថានដ៏មិនប្រែប្រួល ជាស្ថានដែលគេទៅដល់ហើយ​ តែងមិនសោកស្ដាយ ។

៦.សទា ជាគរមានានំអហោរត្តានុសិក្ខិនំ
និព្វានំ អធិមុត្តានំអដ្ឋំ គច្ឆន្តិ អាសវា ។

👉អាសវៈទាំងឡាយ របស់បុគ្គលអ្នកភ្ញាក់រឭកសព្វកាល​ ជាអ្នកសិក្សាត្រៃសិក្ខា ទាំងថ្ងៃទាំង​យប់ មាន​ចិត្ត​ចុះ​ស៊ប់​កាន់​ព្រះនិពា្វន​ តែងដល់នូវការតាំងនៅមិនបានឡើយ ។

៧.បោរាណមេតំ អតុលនេតំ អជ្ជតនាមិវ
និន្ទន្តិ តុណ្ហិមាសីនំនិន្ទន្តិ ពហុភាណិនំ
មិតភាណិម្បិ និន្ទន្តិនត្ថិ លោកេ អនិន្ទិតោ ។

👉ម្នាលអតុលៈ​ ការតិះដៀល​ និងការសរសើរនេះ​ ជារបស់បុរាណ​ ការតិះដៀល​ និងការសរសើរ​នេះ​ មិន​មែន​ទើប​នឹង​កើតឡើងក្នុងថ្ងៃនេះទេ​ ( ព្រោះថា ) ជនទាំងឡាយ​ តែងនិន្ទាបុគ្គលអ្នកអង្គុយស្ងៀមក៏មាន និន្ទា​បុគ្គល​អ្នក​និយាយច្រើនក៏មាន​ និន្ទាបុគ្គលអ្នកនិយាយល្មមប្រមាណក៏មាន ( បុគ្គលណាៗ ក៏ដោយ ) ក្នុង​លោក​ដែល​មិន​ត្រូវ​គេ​និន្ទាគ្មានឡើយ ។

៨.ន ចាហុ ន ច ភវិស្សតិន ចេតរហិ វិជ្ជតិ
ឯកន្តំ និន្ទិតោ បោសោឯកន្តំ វា បសំសិតោ ។

👉បុគ្គលដែលត្រូវគេនិន្ទាតែម្យ៉ាង​ ឬត្រូវគេ​សរសើរ​តែម្យ៉ាង​ មិន​មែន​មាន​មក​ហើយ​ តែក្នុង​អតីត​ទេ​ នឹង​មាន​ទៅ​ក្នុង​អនាគតក៏ទេ មានតែក្នុងបច្ចុប្បន្ននេះក៏ទេ ។

៩.យញ្ចេ វិញ្ញូ បសំសន្តិអនុវិច្ច សុវេ សុវេ
អច្ឆិទ្ទវុត្តឹ មេធាវឹបញ្ញាសីលសមាហិតំ ។

👉អ្នកប្រាជ្ញទាំងឡាយ​ សង្កេតមើលរាល់ៗ ថ្ងៃ ហើយសរសើរបុគ្គលណា​ ដែលជាអ្នកប្រព្រឹត្តមិន​ដាច់ មាន​ប្រាជ្ញា​ មាន​ចិត្តតម្កល់ខ្ជាប់ក្នុងបញ្ញា​ និងសីល ។

១០.នេក្ខំ ជម្ពោនទស្សេវកោ តំ និន្ទិតុមរហតិ
ទេវាបិ នំ បសំសន្តិព្រហ្មុនាបិ បសំសិតោ ។

👉អ្នកណា គួរនឹងនិន្ទាបុគ្គលដែលដូចជាឆ្ដោរនៃមាសជម្ពោនទនោះបាន​ សូម្បីទេវតា​ និងមនុស្សទាំងឡាយ​ ក៏​សរសើរ​បុគ្គលនោះ​ ទាំងព្រហ្មក៏សរសើរដូចគ្នា ។

១១.កាយប្បកោបំ រក្ខេយ្យកាយេន សំវុតោ សិយា
កាយទុច្ចរិតំ ហិត្វាកាយេន សុចរិតំ ចរេ ។

👉បុគ្គលគប្បីរក្សានូវការចម្រើនកាយ គប្បីសង្រួមកាយ គប្បីលះបង់កាយទុច្ចរិត គប្បីប្រព្រឹត្ត​កាយសុចរិត ។

១២.វចីបកោបំ រក្ខេយ្យវាចាយ សំវុតោ សិយា
វចីទុច្ចរិតំ ហិត្វាបិវាចាយ សុចរិតំ ចរេ ។

👉បុគ្គលគប្បីរក្សានូវការចម្រើនវាចា គប្បីសង្រួមវាចា គប្បីលះបង់វចីទុច្ចរិត គប្បីប្រព្រឹត្ត​វចីសុចរិត ។

១៣.មនោបកោបំ រក្ខេយ្យមនសា សំវុតោ សិយា
មនោទុច្ចរិតំ ហិត្វាមនសា សុចរិតំ ចរេ ។

👉បុគ្គលគប្បីរក្សានូវការចម្រើនចិត្ដ​ គប្បីសង្រួមចិត្ដ គប្បីលះបង់មនោទុច្ចរិត គប្បីប្រព្រឹត្តមនោសុចរិត ។

១៤.កាយេន សំវុតា ធីរាអថោ វាចាយ សំវុតា
មនសា សំវុតា ធីរាតេ វេ សុបរិសំវុតា ។

👉អ្នកប្រាជ្ញទាំងឡាយ បានសង្រួមកាយ សង្រួមវាចា អ្នកប្រាជ្ញទាំងឡាយ បានសង្រួមចិត្ត​ហើយ​ លោក​ទាំង​នោះ​ឯង ឈ្មោះថា សង្រួមហើយដោយប្រពៃ ។

ចប់កោធវគ្គ

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ២៦

📘 ធម្មបទគាថាម្ភៃប្រាំមួយវគ្គ

📘១. យមកវគ្គ
📘២. អប្បមាទវគ្គ
📘៣-ចិត្តវគ្គ
📘៤. បុប្ផវគ្គ
📘៥. ពាលវគ្គ
📘៦. បណ្ឌិតវគ្គ
📘៧. អរហន្តវគ្គ
📘៨. សហស្សវគ្គ
📘៩. បាបវគ្គ
📘១០. ទណ្ឌវគ្គ
📘១១. ជរាវគ្គ
📘១២. អត្តវគ្គ
📘១៣. លោកវគ្គ
📘១៤. ពុទ្ធវគ្គ
📘១៥. សុខវគ្គ
📘១៦. បិយវគ្គ
📘១៧. កោធវគ្គ
📘១៨. មលវគ្គ
📘១៩. ធម្មដ្ឋវគ្គ
📘២០. មគ្គវគ្គ
📘២១. បកិណ្ណកវគ្គ
📘២២. និរយវគ្គ
📘២៣. នាគវគ្គ
📘២៤. តណ្ហាវគ្គ
📘២៥. ភិក្ខុវគ្គ
📘២៦. ព្រាហ្មណវគ្គ