១. ការហាមព្រះញាតិ

សុខវគ្គ

មាន៨រឿង – ១២គាថា

☸️១. រឿង ការហាមព្រះញាតិ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវពួកព្រះញាតិវង្ស ដែលបានវិវាទ ឈ្លោះទាស់ទែងគ្នាឣំពីរឿងទឹកធ្វើស្រែ ។ ពួកឣ្នកបម្រើ របស់ពួកសាក្យៈ និង ពួកកោសិយៈ ធ្វើស្រែឣាស្រ័យទឹកស្ទឹងរោហិណីដែលនៅក្នុងចន្លោះ នៃក្រុងកបិលព័ស្តុ និង ក្រុងកោសិយៈ បានទប់ទំនប់ ដណ្តើមទឹកគ្នាធ្វើស្រែ ហើយបានឈ្លោះទាស់ទែងគ្នា រហូតដល់ជម្លោះនោះ រាលដាលទៅដល់ពួកចៅហ្វាយរៀងៗ ខ្លួន ។

ក្សត្រទាំងពីរនគរនោះ ក៏បាននាំគ្នា លើកកងទ័ពទៅ ដើម្បីធ្វើ សង្គ្រាមដណ្តើមទឹកធ្វើស្រែ ។ ព្រះសាស្តា ទ្រង់ទតព្រះនេត្រឃើញហើយ ទើបស្តេចយាងហោះទៅ តាមឣាកាស ទ្រង់គង់ធ្វើសមាធិ លើឣាកាស នៅចំពាក់ កណ្តាលស្ទឹងរោហិណីនោះ ។ ពួកព្រះញាតិវង្ស បានឃើញនូវព្រះសាស្តា គង់ធ្វើសមាធិ លើកឣាកាស យ៉ាងនេះហើយ ក៏បានទម្លាក់ឣាវុធចោលទាំងឣស់គ្នា ហើយក្រាបថ្វាយបង្គំព្រះឣង្គ ។

ព្រះសាស្តា ទ្រង់បានត្រាស់សួរថា “បពិត្រព្រះមហារាជទាំង ឡាយ ទឹក និង ពួកក្សត្រ តើណាមួយ មានតម្លៃច្រើនជាងគេ? ” ។

ពួកព្រះញាតិវង្ស បានក្រាបទូលថា “បពិត្រព្រះឣង្គ ដ៏ចម្រើន ទឹកមានតម្លៃតិចទេ ចំណែក ពួកក្សត្រ មានតម្លៃរកប្រមាណមិនបានឡើយ” ។

ព្រះសាស្តាទ្រង់ត្រាស់ថា “ឣ្នកទាំងឡាយ ឣាស្រ័យទឹកដែលមានប្រមាណតិចនេះ ហើយញ៉ាំងក្សត្រដែលមានតម្លៃច្រើនប្រមាណមិនបាន ឲ្យវិនាសសាបសូន្យ តើសមគួរដែរឬ?” ស្រេចហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

១.សុសុខំ វត ជីវាមវេរិនេសុ អវេរិនោ
វេរិនេសុ មនុស្សេសុវិហរាម អវេរិនោ ។

👉យើងជាអ្នកមិនមានពៀរ រស់នៅជាសុខពិត ក្នុងពួកមនុស្សមានពៀរ​ កាលពួកមនុស្សមាន​ពៀរ យើង​ជា​អ្នក​មិន​មាន​ពៀរ ។​

២.សុសុខំ វត ជីវាមអាតុរេសុ អនាតុរា
អាតុរេសុ មនុស្សេសុវិហរាម អនាតុរា ។

👉យើងជាអ្នកមិនមានសេចក្ដីក្ដៅក្រហាយ ( ដោយកិលេស ) រស់នៅជាសុខពិត ក្នុងពួក​មនុស្ស​ មាន​សេចក្ដី​ក្ដៅ​ក្រហាយ​ កាលពួកមនុស្សមានសេចក្ដីក្ដៅក្រហាយ​ យើង​ជាអ្នក​មិន​មាន​សេចក្ដីក្ដៅក្រហាយ ។

៣.សុសុខំ វត ជីវាមឧស្សុកេសុ អនុស្សុកា
ឧស្សុកេសុ មនុស្សេសុវិហរាម អនុស្សុកា ។

👉យើងជាអ្នកមិនមានសេចក្ដីខ្វល់ខ្វាយក្នុងការស្វែងរក​ រស់នៅជាសុខពិត ក្នុងពួកមនុស្ស​មាន​សេចក្ដី​ខ្វល់ខ្វាយ​ កាល​ពួកមនុស្សមានសេចក្ដីខ្វល់ខ្វាយ​ យើង​ជាអ្នកមិន​មានសេចក្ដី​ខ្វល់​ខ្វាយ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៨

📜 ១៥-សុខវគ្គរឿង

📜១. ការហាមព្រះញាតិ
📜២. មារ
📜៣. កោសលរាជបរាជ័យ
📜៤. ឣញ្ញត្រកុលទារិកា
📜៥. ឣញ្ញត្រឧបាសក
📜៦. ព្រះបាទបសេនទិកោសល
📜៧. ព្រះតិស្សត្ថេរ
📜៨. សក្កទេវរាជ