តណ្ហាវគ្គ
មាន១២រឿង – ២៦គាថា
☸️១. រឿង ត្រីឈ្មោះកបិលៈ
ព្រះបរមសាស្តា ទ្រង់ប្រារឰត្រីឆ្ពិនមាសមួយ ឈ្មោះកបិលៈ មានក្លិនមាត់ស្អុយឣសោច ។ ក្នុងសាសនាព្រះពុទ្ធព្រះនាមកស្សបៈ ត្រីនេះ ធ្លាប់បានបួសជាភិក្ខុ មានពួកបរិវារជាច្រើន ជាពហុស្សូត ឣាស្រ័យលាភសក្ការៈ បានសម្តែងព្រះធម៌វិន័យថា មិនមែនជាព្រះធម៌វិន័យ លុះធ្វើមរណកាលទៅហើយ ក៏បានទៅកើត ក្នុងឣវិចីនរក ឣស់មួយពុទ្ធន្តរ ក្នុងព្រះពុទ្ធសាសនានេះ ក៏បានកើតជាត្រីឆ្ពិនមាសមួយដ៏ធំ ក្នុងស្ទឹងឣចិរវតី ។
ថ្ងៃមួយ ឣ្នកនេសាទត្រី បានចាប់ត្រីឆ្ពិនមាសនោះបាន ឃើញដូចជាធំចម្លែកខ្លាំងណាស់ ទើបយកត្រីនោះ ទៅថ្វាយដល់ព្រះរាជាព្រះនាមព្រះបាទបសេនទិកោសល ។ ព្រះបាទបសេនទិកោសល ទ្រង់ព្រះរាជបញ្ជា ឲ្យឣមាត្យ នាំយកត្រីនោះ ទៅវត្តជេតពន ហើយ ព្រះឣង្គក្រាបទូលសួរបុព្វកម្ម របស់ត្រីនោះ ចំពោះព្រះសាស្តា ។
ព្រះសាស្តា ទ្រង់ត្រាស់សម្តែងបុព្វកម្ម របស់ត្រីនោះ ដូចបានរៀបរាប់មកខាងលើស្រាប់ ហើយត្រាស់នូវព្រះគាថានេះ ថា ៖
| ១. | មនុជស្ស បមត្តចារិនោ | តណ្ហា វឌ្ឍតិ មាលុវា វិយ |
| សោ ប្លវតី ហុរាហុរំ | ផលមិច្ឆំវ វនស្មឹ វានរោ ។ |
👉តណ្ហា តែងចម្រើនដល់មនុស្សអ្នកមានការប្រព្រឹត្តដោយសេចក្ដីប្រាមាទជាប្រក្រតី ដូចវល្លិ៍រួបរឹតឈើហើយ ចម្រើនឡើង បុគ្គលនោះ តែងស្ទុះទៅកាន់ភពតូចភពធំ ដូចស្វាកាលប្រាថ្នាផ្លែឈើ លោតក្នុងព្រៃ ដូច្នោះដែរ ។
| ២. | យំ ឯសា សហតេ ជម្មី | តណ្ហា លោកេ វិសត្តិកា |
| សោកា តស្ស បវឌ្ឍន្តិ | អភិវឌ្ឍំវ ពីរណំ ។ |
👉តណ្ហានុ៎ះ ជាទោសជាតិដ៏លាមក ផ្សាយទៅក្នុងអារម្មណ៍ផ្សេងៗ ក្នុងលោក គ្របសង្កត់បុគ្គលណា សេចក្ដីសោកស្ដាយ តែងចម្រើនឡើង ដល់បុគ្គលនោះ ដូចស្បូវរណ្ដាស ដែលត្រូវភ្លៀងធ្លាក់ចុះជញ្ជ្រាំហើយពន្លក លូតលេចឡើង ដូច្នោះដែរ ។
| ៣. | យោ វេ តំ សហតេ ជម្មិំ | តណ្ហំ លោកេ ទុរច្ចយំ |
| សោកា តម្ហា បបតន្តិ | ឧទពិន្ទុវ បោក្ខរា ។ |
👉ចំណែកជនណា គ្របសង្កត់តណ្ហាដ៏លាមកក្នុងលោក ដែលគេឆ្លងបានដោយកម្រនោះ សេចក្ដីសោកស្ដាយ តែងធ្លាក់ចេញចាកជននោះឯង ដូចដំណក់ទឹកដែលធ្លាក់ចុះចាកស្លឹកឈូក ដូច្នោះដែរ ។
| ៤. | តំ វោ វទាមិ ភទ្ទំ វោ | យាវន្ត្វេត្ថ សមាគតា |
| តណ្ហាយ មូលំ ខនថ | ឧសីរត្ថោវ ពីរណំ | |
| មា វោ នឡំវ សោតោវ | មារោ ភញ្ជិ បុនប្បុនំ ។ |
👉ព្រោះហេតុនោះ បានជាតថាគត ប្រាប់អ្នកទាំងឡាយ អ្នកទាំងឡាយ មានប៉ុន្មានរូប ដែលមកប្រជុំគ្នា ក្នុងទីនេះ សេចក្ដីចម្រើន ចូរមានដល់អ្នកទាំងឡាយទាំងប៉ុណ្ណោះចុះ អ្នកទាំងឡាយ ចូររំលើងឫសតណ្ហាចោលចេញ ដូចបុគ្គលត្រូវការដោយស្បូវភ្លាំងគាស់ស្បូវណ្ដាសចោលចេញ ដូច្នោះ មារកុំរុករានអ្នកទាំងឡាយរឿយៗ ដូចខ្សែទឹក កាច់បំបាក់ដើមបបុសដូច្នោះឡើយ ។
| ៥. | យថាបិ មូលេ អនុបទ្ទវេ ទឡ្ហេ | ឆិន្នោបិ រុក្ខោ បុនរេវ រូហតិ |
| ឯវម្បិ តណ្ហានុសយេ អនូហតេ | សុនិព្វត្តតី ទុក្ខមិទំ បុនប្បុនំ ។ |
👉កាលបើឫសឈើ មិនមានសេចក្ដីអន្ដរាយ នៅមាំមួនទេ ដើមឈើទុកជាកាប់ចោលហើយ ក៏តែងដុះឡើងទៀតបាន មានឧបមាដូចម្ដេចមិញ កាលបើតណ្ហានុស័យ បុគ្គលកម្ចាត់មិនទាន់បានហើយ ទុក្ខ (មានជាតិទុក្ខជាដើម) នេះ ក៏តែងកើតរឿយៗ មានឧបមេយ្យដូច្នោះឯង ។
