បុប្ផវគ្គ
មាន១២រឿង – ១៦គាថា
☸️១. រឿង បឋវីបសុតបញ្ចសតភិក្ខុ
👉ព្រះបរមសាស្តា ទ្រង់ប្រារឰភិក្ខុ ៥០០ រូប ។ ភិក្ខុ ទាំងនេះ បានប្រជុំគ្នាសន្ទនាឣំពីរឿងផែនដី ថា “ទីនោះមានដីស្មើ ទីនោះមានដីមិនស្មើ ទីនោះ មានភក់ច្រើន ទីនោះ មានក្រួសច្រើន ទីនោះ មានដីខ្មៅច្រើន ទីនោះ មានដីក្រហមច្រើន” ។
ព្រះសាស្តា ស្តេចយាងមក ក្នុងទីប្រជុំនោះហើយ ត្រាស់សម្តែងថា “ម្នាលភិក្ខុទាំងឡាយ នេះគឺជាផែនដី ដែលមាននៅខាងក្រៅទេ ឣ្នកទាំងឡាយ គប្បីធ្វើបរិកម្មនូវផែនដីដែលមាននៅខាងក្នុងវិញ ទើបជាការប្រសើរជាង” ស្រេចហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ១. | កោ ឥមំ បឋវឹ វិជេស្សតិ | យមលោកញ្ច ឥមំ សទេវកំ |
| កោ ធម្មបទំ សុទេសិតំ | កុសលោ បុប្ផមិវ បចេស្សតិ ។ |
👉អ្នកណានឹងដឹងច្បាស់នូវផែនដី គឺអត្តភាពនេះ និងយមលោក គឺអបាយភូមិ ៤ និងមនុស្សលោកនេះ ព្រមទាំងទេវលោកបាន អ្នកណានឹងជ្រើសរើសនូវចំណែកនៃធម៌ ដែលព្រះតថាគតសម្តែងប្រពៃហើយ ដូចមាលាការដែលឈ្លាសវៃ ជ្រើសរើសនូវផ្កាដូច្នោះ ។
| ២. | សេក្ខោ បឋវឹ វិជេស្សតិ | យមលោកញ្ច ឥមំ សទេវកំ |
| សេក្ខោ ធម្មបទំ សុទេសិតំ | កុសលោ បុប្ផមិវ បចេស្សតិ ។ |
👉ព្រះសេក្ខបុគ្គល នឹងដឹងច្បាស់នូវផែនដីគឺអត្តភាពនេះ និងយមលោក គឺអបាយភូមិ ៤ និងមនុស្សលោកនេះ ព្រមទាំងទេវលោកបាន ព្រះសេក្ចបុគ្គល នឹងជ្រើសរើសនូវចំណែកនៃធម៌ដែលព្រះតថាគតសម្តែងប្រពៃហើយ ដូចមាលាការ ដែលឈ្លាសវៃ ជ្រើសរើសនូវផ្កាដូច្នោះឯង ។
