១. ព្រះនាងសាមាវតី

អប្បមាទវគ្គ

មាន៩រឿង – ១២គាថា

☸️១. រឿង ព្រះនាងសាមាវតី

👉ព្រះបរមសាស្តា ទ្រង់ប្រារឰសេចក្តីស្លាប់របស់ស្ត្រីពីរពួក គឺពួកនាងសាមាវតី ១ ពួកនាងមាគន្ទិយា ១ ។
នាងសាមាវតី និង នាង មាគន្ទិយា ទាំងពីរនាក់នេះ គឺជាមហេសី របស់ព្រះរាជា ទ្រង់ព្រះនាមឧទេន នៅក្នុងក្រុងកោសម្ពី ។

សម័យនោះ ព្រះសាស្តា ទ្រង់គង់ចាំព្រះវស្សានៅ ក្នុងក្រុងកោសម្ពីនោះដែរ ។ ពួកនាងសាមាវតី បានសម្រេចសោតាបត្តិផល, ចំណែកឯ ពួកនាងមាគន្ទិយា មិនបានសម្រេចផលអ្វីទេ ថែមទាំងមិនមានចិត្តជ្រះថ្លា ចំពោះព្រះសាស្តាទៀតផង គិតតែពីរករឿងហេតុប្រទូសរ៉ាយ ចំពោះព្រះសាស្តា និង ព្រះនាងសាមាវតី ដោយប្រការផ្សេងៗ ដូចជាជួលមនុស្ស ឲ្យទៅស្រែកជេរព្រះឣង្គ ប្រើមនុស្សឲ្យទៅលួចដុតប្រាសាទ របស់នាងសាមាវតីជាដើម ។

ពេលនោះ ព្រះនាងសាមាវតី ព្រមទាំងស្រីស្នំ ត្រូវភ្លើងឆេះស្លាប់ ទាំងឣស់គ្នាគ្មានសល់ម្នាក់ឡើយ ។

ព្រះបាទឧទេន ទ្រង់បានជ្រាបហើយ ទើបទ្រង់ស្វះស្វែងរកឧបាយកល ដើម្បីនឹងរកហេតុផល ចាប់ឣ្នកដែលបានដុតប្រាសាទនោះ ឲ្យទាល់តែបាន លុះទ្រង់ជ្រាបច្បាស់ហើយ ទើបទ្រង់ត្រាស់បញ្ជា ប្រើឲ្យពួកឣាមាត្យ ជីកនូវឣន្លុង កប់ក្រុមបក្សពួក របស់នាង មាគន្ទិយា ត្រឹមផ្ចឹត ហើយឲ្យយកភ្លើងដុតទាំងរស់ រួចហើយឲ្យយកនង្គ័លរនាស់ដែក ភ្ជូររាស់ថែមពីលើទៀត ។ សម្រាប់នាងមាគន្ទិយាវិញ ព្រះរាជាទ្រង់ត្រាស់បញ្ជា ឲ្យរាជឣាមាត្យ ឣារសាច់នាងម្តងមួយដុំៗ យកទៅចៀនខ្លាញ់ ឲ្យឆ្អិនហើយ ត្រាស់ឲ្យយកសាច់ចៀននោះ ទៅឲ្យនាងមាគន្ទិយាស៊ី រហូតដល់នាងស្លាប់តែម្តង ។

ភិក្ខុទាំងឡាយ បានប្រជុំ សន្ទនាគ្នាឣំពីរឿងនាងមាគន្ទិយា និង នាងសាមាវតី ដោយប្រការផ្សេងៗ ។

ព្រះសាស្តា ទ្រង់ជ្រាបហើយទ្រង់ត្រាស់នូវព្រះគាថានេះថា ៖

១.អប្បមាទោ  អមតំ  បទំបមាទោ  មច្ចុនោ  បទំ
អប្បមត្តា  ន  មីយន្តិយេ  បមត្តា  យថា  មតា ។

👉សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចក្តីមិនស្លាប់ សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់, ជនទាំងឡាយ ដែលមិនប្រមាទហើយ ឈ្មោះថា មិនស្លាប់, ជនទាំងឡាយ ដែលប្រមាទហើយ ទុកដូចជាមនុស្សដែលស្លាប់ទៅហើយ ។

២.ឯតំ  វិសេសតោ  ញត្វាអប្បមាទម្ហិ  បណ្ឌិតា
អប្បមាទេ  បមោទន្តិអរិយានំ  គោចរេ  រតា ។

👉ពួក​បណ្ឌិត បានជ្រាបនូវដំណើរនេះ ដោយប្លែកគ្នា (ទើបឋិតនៅ) ក្នុងសេចក្តីមិនប្រមាទ រីករាយក្នុងសេចក្តីមិន​ប្រមាទ បណ្ឌិតទាំងនោះ ជាអ្នកត្រេកអរក្នុងធម៌ជាទីគោចរ នៃព្រះអរិយបុគ្គលទាំងឡាយ ។

៣.តេ  ឈាយិនោ  សាតតិកានិច្ចំ  ទឡ្ហបរក្កមា
ផុសន្តិ  ធីរា  និព្វានំយោគក្ខេមំ  អនុត្តរំ  ។

👉បណ្ឌិតអ្នកមិន​ប្រមាទទាំងនោះ មានការពិនិត្យជាប្រក្រតី មានព្យាយាមជាប់តគ្នា មានសេចក្តីប្រឹងប្រែងមាំមួនជានិច្ច ជាអ្នកមាន​ប្រាជ្ញា តែងពាល់ត្រូវនូវព្រះនិព្វានជាទីក្សេមក្សាន្តចាកយោគៈ ជាធម្មគុណដ៏ប្រសើរបំផុត ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៩

📜 ០២-អប្បមាទវគ្គរឿង

📜១. ព្រះនាងសាមាវតី
📜២. កុម្ភឃោសកសេដ្ឋី
📜៣. ព្រះចូឡបន្ថកត្ថេរ
📜៤. ពាលនក្សត្រ
📜៥. ព្រះមហាកស្សបត្ថេរ
📜៦. សហាយកភិក្ខុ
📜៧. សក្កទេវរាជ
📜៨. អញ្ញត្រភិក្ខុ
📜៩. ព្រះនិគមតិស្សត្ថេរ