ព្រាហ្មណវគ្គ
មាន៣៩រឿង – ៤២គាថា
☸️២០. រឿង នាងខេមាភិក្ខុនី
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងខេមាភិក្ខុនី ។ រាត្រីយប់មួយ នាងបានទៅគាល់ព្រះសម្មាសម្ពុទ្ធ នាភ្នំគិជ្ឈកូដ លុះនាងបានឃើញព្រះឥន្ទ្រាធិរាជ ព្រមជាមួយពួកទេវតា មកចាំគាល់មុនហើយ ទើបឈរនៅ លើឣាកាស ក្រាបថ្វាយបង្គំព្រះសាស្តា ហើយក៏វិលត្រឡប់ទៅវិញ ។
ព្រះឥន្ទ្រាធិរាជ ទតព្រះនេត្រឃើញហើយ ទ្រង់ត្រាស់សួរចំពោះព្រះសាស្តាថា “បពិត្រព្រះឣង្គដ៏ចម្រើន តើឣ្នកណា មកថ្វាយ បង្គំព្រះឣង្គហើយ ត្រឡប់ទៅវិញនោះ?” ។
ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ថា “នោះ គឺជានាងភិក្ខុនី ឈ្មោះខេមា ជាឣ្នកមានប្រាជ្ញាច្រើន” ដូច្នេះហើយ ត្រាស់ព្រះគាថានេះ ថា ៖
| ២១. | គម្ភីរបញ្ញំ មេធាវឹ | មគ្គាមគ្គស្ស កោវិទំ |
| ឧត្តមត្ថំ អនុប្បត្តំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉តថាគតហៅបុគ្គលអ្នកមានប្រាជ្ញាជ្រៅ មានប្រាជ្ញាជាគ្រឿងទម្លាយកិលេស អ្នកឈ្លាស ក្នុងផ្លូវ និងមិនមែនផ្លូវ បានសម្រេចប្រយោជន៍ដ័ខ្ពង់ខ្ពស់នោះ ថាជាព្រាហ្មណ៍ ។
