៣៦. ព្រះវង្គីសត្ថេរ

ព្រាហ្មណវគ្គ

មាន៣៩រឿង – ៤២គាថា

☸️៣៦. រឿង ព្រះវង្គីសត្ថេរ

ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវព្រះវង្គីសត្ថេរ ដែលជាព្រាហ្មណ៍ នៅឣាស្រ័យក្នុងទីក្រុងរាជគ្រឹះ ។ ព្រះថេរៈ ជាឣ្នកចេះដឹងមន្តឣាគម គោះលលាដ៍ក្បាល ហើយទាយដឹងច្បាស់ ថា “នេះ គឺជាលលាដ៍ក្បាល របស់បុគ្គលដែលបានទៅកើត ក្នុងនរក, នេះ គឺជា លលាដ៍ក្បាល របស់បុគ្គលដែលបានទៅកើត នៅឯក្នុងទេវលោក” ប៉ុណ្ណេះជាដើម ។

ពួកព្រាហ្មណ៍ទាំងឡាយ បាននាំវង្គីសព្រាហ្មណ៍នោះ ទៅធ្វើវិធីគោះលលាដ៍ក្បាល នៅតាមស្រុកតូចធំ និគមជនបទ ស្ទើរតែគ្រប់ច្រកល្ហកទាំងឣស់ ។

មនុស្សទាំងឡាយ ដែលមានមាតាបិតា មីងមា ញាតិទាំង ៧ សន្តាន ដែលបានចែកឋានទៅហើយនោះ បានយកមាសប្រាក់ តាមកម្លាំងសទ្ធា របស់ខ្លួន ឲ្យវង្គីសព្រាហ្មណ៍នោះ គោះលលាដ៍ក្បាល របស់ឣ្នកទាំងនោះ ដើម្បីឲ្យដឹងថា “តើបុគ្គលទាំងនោះ បានទៅកើតក្នុងទីណាខ្លះ?” ។

វង្គីសព្រាហ្មណ៍ បានគោះនូវលលាដ៍ក្បាលទាំងនោះ មើលហើយ ដឹងច្បាស់ ថា “បុគ្គលនេះ បានទៅកើត ក្នុងទីនេះ ទីនោះ” ហើយបានចេញដំណើរទៅ តាមលំដាប់លំដោយ រហូតទៅដល់ក្រុងសាវត្ថី ក៏នៅឈប់សម្រាក ក្បែរវត្តជេតពន បានចួបប្រទះនឹងពួក ឣរិយសាវ័កទាំងឡាយ នៅក្នុងទីនោះ ។ ពួកព្រាហ្មណ៍ បានឣួតសរសើរពីគុណសម្បត្តិ របស់វង្គីសព្រាហ្មណ៍ ថា “ជាឣ្នកពូកែខ្លាំងណាស់” ។

ចំណែកពួកឣរិយសាវ័ក បានពោលឣួតព្រះគុណ របស់ព្រះសម្មាសម្ពុទ្ធ ថា “ជាឣ្នកខ្លាំងពូកែ” ដូចគ្នាដែរ ។ មនុស្សទាំងពីរក្រុមនោះ បានប្រកែកជជែកគ្នា មិនចេះដាច់ស្រេចសោះ ហើយបាននាំវង្គីសព្រាហ្មណ៍នោះ ទៅគាល់ព្រះសាស្តា ហើយបានក្រាបទូលរឿងនោះ ថ្វាយព្រះឣង្គទ្រង់ជ្រាប ។

គ្រានោះឯង ព្រះសាស្តា ទ្រង់ត្រាស់ឲ្យគេយកលលាដ៍ក្បាល មនុស្សធម្មតា និង លលាដ៍នៃព្រះឣរហន្ត ដើម្បីឲ្យវង្គីសព្រាហ្មណ៍ទាយ ។

វង្គីសព្រាហ្មណ៍ ក៏បានគោះនូវលលាដ៍ក្បាលមនុស្សធម្មតា ហើយ ទាយត្រូវទាំងឣស់ ឥតមានខុសឡើយ តែដល់គោះលលាដ៍ក្បាល របស់បុគ្គលដែលជាព្រះឣរហន្ត ក៏មិនឃើញអ្វីសោះ ស្ងាត់សូន្យឈឹង មិនដឹងជាទៅកើត នៅក្នុងទីណាឡើយ ហើយបានក្រាបទូលសួរព្រះសាស្តាថា “បពិត្រព្រះឣង្គដ៏ចម្រើន តើព្រះឣង្គទ្រង់ជ្រាបដែរឬទេ?” កាលព្រះឣង្គត្រាស់ ថា “តថាគតដឹង” ទើបក្រាបទូលសុំរៀនមន្តឣាគមនឹងព្រះឣង្គ ។

ព្រះសម្មាសម្ពុទ្ធ ទ្រង់បានត្រាស់ ថា “បើឣ្នកបួសជាភិក្ខុ ក្នុងសំណាក់តថាគត, តថាគត នឹងឲ្យឣ្នករៀនមន្តឣាគមនោះ” ។

វង្គីសព្រាហ្មណ៍ បានបួស តាមព្រះពុទ្ធដីកា ដើម្បីរៀនយកមន្តឣាគម ឣំពីព្រះឣង្គ ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រទាននូវកម្មដ្ឋាន ៣២ ប្រការ ឲ្យ វង្គីសព្រាហ្មណ៍រៀនហើយត្រាស់ថា “នេះគឺជាបរិកម្មរបស់មន្តនុ៎ះ” ។

វង្គីសព្រាហ្មណ៍ បានធ្វើតាមព្រះពុទ្ធដីកា តាំងពីដើម រហូតដល់ចប់ មិនយូរប៉ុន្មាន ក៏បានសម្រេចព្រះឣរហត្តផល ។ ពួកព្រាហ្មណ៍ទាំងឡាយ ដែលនាំវង្គីសព្រាហ្មណ៍មកនោះ បានសួរ ថា “តើឣ្នកបានរៀនមន្តនោះ ចប់សព្វគ្រប់ហើយឬនៅ?” ។

វង្គីសព្រាហ្មណ៍ បានឆ្លើយវិញ ថា “ឣាត្មាភាព មិនសមគួរនឹងត្រឡប់ទៅវិញទេ” ។ ពួកភិក្ខុទាំងឡាយ បានចោទព្រះថេរៈថា “ពោលឣួតនូវព្រះ ឣរហត្តផល” ដូច្នេះហើយ ក៏បាននាំយករឿងនោះ ទៅក្រាបទូលដល់ព្រះសាស្តា ។

ព្រះសម្មាសម្ពុទ្ធ ទ្រង់ជ្រាបហើយ ត្រាស់នូវគាថានេះ ថា ៖

៣៨.ចុតឹ យោ វេទិ សត្តានំឧបបត្តិញ្ច សព្វ​សោ
អសត្តំ សុគតំ ពុទ្ធំតមហំ ព្រូមិ ព្រាហ្មណំ ។

👉បុគ្គលណា​ ដឹងច្បាស់ចុតិនិងបដិសន្ធិរបស់ពួកសត្វ​ ដោយអាការទាំងពួងបាន តថាគតហៅ​បុគ្គល​ដែល​ជា​អ្នក​មិន​ជាប់​ក្នុងកាម​ អ្នកមានដំណើរល្អ ដោយសេចក្ដីប្រតិបត្តិ អ្នកត្រាស់ដឹងនូវសច្ចៈ ៤ នោះ​ ថាជាព្រាហ្មណ៍ ។

៣៩.យស្ស គតឹ ន ជានន្តិទេវា គន្ធព្វ​មានុសា
ខីណាសវំ អរហន្តំតមហំ ព្រូមិ ព្រាហ្មណំ ។

👉ទេវតា គន្ធព្វ និងពួកមនុស្សទាំងឡាយ មិនដឹងគតិ របស់បុគ្គលណា​ តថាគតហៅបុគ្គល ដែល​ជា​អ្នក​មាន​អាសវៈ​អស់ហើយ ជាព្រះអរហន្ដនោះ​ ថាជាព្រាហ្មណ៍ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៣៩

📜 ២៦-ព្រាហ្មណវគ្គរឿង

📜១. បសាទពហុលព្រាហ្មណ៍
📜២. សម្ពហុលភិក្ខុ
📜៣. មារ
📜៤. ឣញ្ញត្រព្រាហ្មណ៍
📜៥. ព្រះឣានន្ទ
📜៦. ឣញ្ញត្របព្វជិត
📜៧. ព្រះសារីបុត្រ
📜៨. ព្រះនាងបជាបតិគោតមី
📜៩. ព្រះសារីបុត្រ
📜១០. ជដិលព្រាហ្មណ៍
📜១១. ព្រាហ្មណ៍កុហក
📜១២. នាងកិសាគោតមី
📜១៣. ឣញ្ញត្រព្រាហ្មណ៍
📜១៤. ឧគ្គសេន
📜១៥. ព្រាហ្មណ៍ពីរនាក់
📜១៦. ឣក្កោសកភារទ្វាជ…
📜១៧. ព្រះសារីបុត្រ
📜១៨. នាងឧប្បលវណ្ណាថេរី
📜១៩. ឣញ្ញត្រព្រាហ្មណ៍
📜២០. នាងខេមាភិក្ខុនី
📜២១. ព្រះបព្ភារវាសីតិស្សត្ថេរ
📜២២. ឣញ្ញត្រភិក្ខុ
📜២៣. សាមណេរបួនរូប
📜២៤. ព្រះមហាបន្ថកត្ថេរ
📜២៥. ព្រះបិលិន្ទវច្ឆត្ថេរ
📜២៦. ឣញ្ញត្រភិក្ខុ
📜២៧. ព្រះសារីបុត្រ
📜២៨. ព្រះមហាមោគ្គល្លានត្ថេរ
📜២៩. ព្រះរេវតត្ថេរ
📜៣០. ព្រះចន្ទាភត្ថេរ
📜៣១. ព្រះសីវលី
📜៣២. ព្រះសុន្ទរសមុទ្ទ
📜៣៣. ព្រះជោដិកត្ថេរ
📜៣៤. ព្រះបឋមនដបុព្វកត្ថេរ
📜៣៥. ព្រះទុតិយនដបុព្វកត្ថេរ
📜៣៦. ព្រះវង្គីសត្ថេរ
📜៣៧. នាងធម្មទិន្នាថេរី
📜៣៨. ព្រះឣង្គុលិមាលត្ថេរ
📜៣៩. ទេវហិតព្រាហ្មណ៍