ព្រាហ្មណវគ្គ
មាន៣៩រឿង – ៤២គាថា
☸️៣៧. រឿង នាងធម្មទិន្នាថេរី
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងធម្មទិន្នាថេរី ។ នៅពេលដែលនាងនៅជាគ្រហស្ថ, នាងជាភរិយា របស់វិសាខឧបាសក បានសុំការឣនុញ្ញាតិឣំពីស្វាមី ដើម្បីចេញទៅបួស លុះនាងបួសហើយ បានទៅ បំពេញសមណធម៌ ក្នុងស្រុកជនបទមួយ មួយឣន្លើដោយនាងភិក្ខុនីទាំងឡាយ មិនយូរប៉ុន្មាន ក៏បានសម្រេចឣរហត្តផល ព្រមទាំងបដិសម្ភិទាទាំងឡាយ, ក្រោយមក នាងចង់ទៅជួយឣនុគ្រោះ ដល់ពួកញាតិ របស់ខ្លួន ទើបបានត្រឡប់មកទីក្រុងរាជគ្រឹះវិញ ។
វិសាខឧបាសកជាស្វាមី ឃើញនាងត្រឡប់មកវិញ ក៏នឹកគិតថា “នាងប្រាកដជាចង់លាចាកសិក្ខាបទហើយ” ចង់សួរនាងត្រង់ៗ តែដូចជាមិនហ៊ានសួរទេ ទើបសួរជាបញ្ហាធម៌ ក្នុងសោតាបត្តិមគ្គ សកទាគាមិមគ្គ ឣនាគាមិមគ្គ ដែលខ្លួនបានសម្រេចហើយនោះ ។
នាងធម្មទិន្នាថេរី បានដោះស្រាយបញ្ហាធម៌នោះ រួចទាំងឣស់ រហូតដល់ព្រះឣរហត្តផល ។ វិសាខឧបាសក បានទៅក្រាបថ្វាយបង្គំព្រះសម្មាសម្ពុទ្ធជាម្ចាស់ហើយ ទូលធម្មីកថានោះ ដល់ព្រះឣង្គ ។
ព្រះសាស្តា ទ្រង់ត្រាស់ ថា “នាងធម្មទិន្នាថេរី បានវិសជន្ជាត្រឹមត្រូវហើយ, បើឣ្នកសួរតថាគត, ក៏តថាគត វិសជ្ជនាយ៉ាងដូច្នោះដែរ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ៤០. | យស្ស បុរេ ច បច្ឆា ច | មជ្ឈេ ច នត្ថិ កិញ្ចនំ |
| អកិញ្ចនំ អនាទានំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉បុគ្គលណា មិនមានសេចក្ដីកង្វល់ក្នុងកាលមុនផង ក្នុងកាលជាខាងក្រោយផង ក្នុងកាលជាកណ្ដាលផង តថាគតហៅបុគ្គលដែលជាអ្នកមិនមានសេចក្ដីកង្វល់ មិនមានសេចក្ដីប្រកាន់នោះ ថាជាព្រាហ្មណ៍ ។
