សហស្សវគ្គ
មាន១៤រឿង – ១៦គាថា
☸️៣. រឿង នាងកុណ្ឌលកេសីថេរី
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងកុណ្ឌលកេសីថេរី ដែលជាធីតា នៃសេដ្ឋី ក្រុងរាជគ្រឹះ ។ ថ្ងៃមួយ នាងបានឃើញពួកមនុស្សនាំយកចោរម្នាក់ទៅសម្លាប់ ហើយមានសេចក្តីស្នេហា មកលើចោរនោះ យ៉ាងខ្លាំង បាននិយាយប្រាប់គេឯង ថា “នាងខ្ញុំ ស្រឡាញ់ចោរនោះ ខ្លាំងណាស់ បើនាងខ្ញុំ មិនបានគាត់យកមកធ្វើជាប្តីទេ នាងខ្ញុំ ប្រាកដជានឹងស្លាប់ ក្នុងថ្ងៃនេះពុំខានឡើយ” ។ មាតាបិតា របស់នាងកុណ្ឌលកេសី ឮដូច្នោះហើយ នឹកស្រណោះឣាណិតកូនស្រី ក៏បានយកទ្រព្យសម្បត្តិ ទៅលោះយកចោរនោះមក ដើម្បីរៀបមង្គលការជាមួយកូនស្រី របស់ខ្លួន ។
លុះបានគ្នាជាប្តីប្រពន្ធហើយ ចោរ ដែលជាស្វាមី របស់នាង មិនចោលគំនិតឣាក្រក់ ប្រាថ្នាចង់បាននូវគ្រឿងឣលង្ការ មានមាសប្រាក់ជាដើម របស់ភរិយា ដើម្បីយកទៅលក់… ទិញស្រាផឹក ហើយបាននិយាយកុហកប្រពន្ធ ថា “ឣូនជាទីស្រឡាញ់ បងដែលមានជីវិតរស់នៅ បានមកធ្វើជាស្វាមីរបស់ឣូននេះ ព្រោះបងបានបន់ស្រន់បួង សួងដល់ទេវតា ឲ្យលោកជួយបង, ឥឡូវនេះ បងត្រូវតែធ្វើពលីកម្មថ្វាយទេវតាទាំងនោះ” ។
នាងកុណ្ឌលកេសី បានឮយ៉ាងដូច្នោះហើយ ក៏យល់ព្រមធ្វើតាម ហើយបាននាំគ្នាឡើងទៅ លើកំពូលភ្នំមួយ ដែលជាភ្នំសម្រាប់សម្លាប់ពួកចោរ លុះដើរទៅដល់ក្បែរជើងភ្នំ ចោរជាស្វាមី បានប្រាប់នាងថា “យើង ឡើងទៅ លើកំពូលភ្នំតែពីរនាក់បានហើយ ប្រាប់ពួកបរិវារ ឲ្យឈប់ នៅក្បែរជើងភ្នំនេះចុះ” ។ ទាំងពីរនាក់ប្តីប្រពន្ធ នាំគ្នាដើរឡើងទៅលើកំពូលភ្នំ, លុះបានឡើងទៅដល់កំពូលភ្នំហើយ នាងកុណ្ឌលកេសី បាននិយាយទៅកាន់ស្វាមី ថា “ប្តីសំឡាញ់ចិត្ត សូមបងធ្វើពលីកម្មដល់ទេវតាចុះ ពួកយើង នឹងប្រញាប់វិលត្រឡប់ទៅផ្ទះវិញ” ។
ក្នុងពេលនោះ ប្តី ចិត្តចោរកំណាច បានប្រាប់នាង ថា “ឣញ មិនត្រូវការធ្វើពលីកម្មដល់ទេវតាអ្វីនោះទេ គឺ ឣញចង់បាននូវគ្រឿងឣលង្ការ មានមាសប្រាក់ ដែលនៅជាប់នឹងខ្លួននាងទេតើ ហើយឣញនឹងសម្លាប់នាងឯងចោល នៅលើកំពូលភ្នំនេះទៀតផង” ។
នាងកុណ្ឌលកេសី បានឮដូច្នោះ ក៏ភ័យចំពោះសេចក្តីស្លាប់ ហើយ ស្រែកសុំឣង្វរករនឹងស្វាមី ថា “បងសំឡាញ់ចិត្តឣូន សូមបងមេត្តាទុកជីវិត ឲ្យឣូនផងចុះ” ។ ចោរ ចិត្តសាមាន្យ វាមិនព្រមធ្វើតាមពាក្យឣង្វរកររបស់នាងឡើយ ។ ក្នុងពេលដែលមានមរណភ័យកើតមាន យ៉ាងនេះហើយ, នាងកុណ្ឌលកេសី ក៏មានគំនិតគិតភ្លាមថា “បើ សេចក្តីស្លាប់មកដល់ហើយ, តើនឹងត្រូវធ្វើយ៉ាងណា ដើម្បីនឹងធ្វើខ្លួន ឲ្យរួចផុត ពីសេចក្តីស្លាប់នោះ?” ដូច្នេះហើយ ក៏បានប្រើឧបាយកលលួងលោមចោរនោះ ថា “ស្វាមីបណ្តូលចិត្តឣូន! មុននឹងឣូនស្លាប់, ឣូនសូមរាំកំដរ ជូនបងសំឡាញ់ចិត្តបន្តិចសិន ព្រោះថា ពេលនេះ គឺជាពេលចុងក្រោយបង្អស់ហើយ ដែលរូបឣូននេះបានឃើញមុខបងបណ្តូលចិត្ត របស់ឣូន” ។ ចោរ ឮហើយ ក៏បានប្រាប់នាង ថា “ចូរនាងឯង ធ្វើតាមចិត្តចុះ” ។ នាងបានរាំបណ្តើរ ជញ្ជឹងគិតបណ្តើរ បន្តិចក្រោយមក ក៏បានឃើញចោរ កំពុងតែឣង្គុយភ្លេចស្មារតី ហើយនាងបានស្ទុះលោតទៅ ច្រាលប្តីចោរនោះ ដើម្បីទម្លាក់ឲ្យស្លាប់ នៅក្នុងជ្រោះភ្នំដ៏ជ្រៅ ក្នុងគ្រា នោះឯងហោង ។
ពេលដែលចោរធ្លាក់ជ្រោះស្លាប់ហើយ, នាងកុណ្ឌលកេសី បានដោះគ្រឿងឣលង្ការ មានមាសប្រាក់ដែលជាប់នឹងខ្លួននាងចោលទាំងឣស់ ឥតមានសល់ នៅលើកំពូលភ្នំនោះឯង ហើយនាងបានធ្វើដំណើរទៅតែម្នាក់ឯង មិនឲ្យឣ្នកណាមួយដឹងឡើយ រហូតទៅដល់ទី លំនៅរបស់ពួកបរិព្វាជកហើយ នាងបានសុំបួសជាបរិព្វាជិកា បាន សិក្សាលទ្ធិបរិព្វាជកនោះ យ៉ាងស្ទាត់ជំនាញហើយ បានធ្វើដំណើរទៅសាកសួរនូវបញ្ហាប្រស្នា ជាមួយនឹងពួកប្រជាជន រហូតបានទៅចួបជាមួយនឹងព្រះសារីបុត្រ បានសាកសួរប្រស្នាបញ្ហា ជាមួយនឹងព្រះថេរៈ ។
ព្រះសារីបុត្រ បានឆ្លើយដោះបញ្ហារួចទាំងឣស់ ឥតទើសទាក់ ហើយបានសួរទៅនាងកុណ្ឌលកេសីនោះវិញ ប៉ុន្តែ នាងមិនឣាចនឹងឆ្លើយបានឡើយ ។ បន្ទាប់មក នាងក៏សុំព្រះថេរៈរៀនប្រស្នានោះ ។ ព្រះសារីបុត្រ បានប្រាប់ទៅនាងថា “បើសិនជានាងបួស ដូចឣាត្មាៗនឹងឲ្យនាងរៀនបាន” ។
នាងកុណ្ឌលកេសី បានយល់ព្រមហើយ ក៏បួសក្នុងសំណាក់ពួកនាងភិក្ខុនី មិនយូរប៉ុន្មាន ក៏បានសម្រេចឣរហត្តផល ព្រមទាំងបដិសម្ភិទា ។
ភិក្ខុទាំងឡាយបានសន្ទនាគ្នាថា “នាងកុណ្ឌលកេសីថេរី បាន ស្តាប់ធម៌មិនជាច្រើនប៉ុន្មានទេ តែនាងបានសម្រេចឣរហត្តផល” ។
ព្រះសាស្តាទ្រង់ព្រះសណ្តាប់ហើយ ត្រាស់ព្រះគាថានេះថា ៖
| ៣. | យោ ច គាថា សតំ ភាសេ | អនត្ថបទសញ្ហិតា |
| ឯកំ ធម្មបទំ សេយ្យោ | យំ សុត្វា ឧបសម្មតិ ។ |
👉អ្នកណា គប្បីពោលគាថាមួយរយ ជាគាថា ប្រកបដោយបទឥតប្រយោជន៍ (គាថាដែលអ្នកនោះពោលហើយនោះពុំប្រសើរឡើយ) បទនៃធម៌ណា សូម្បីតែ ១ បទដែលបុគ្គលស្តាប់ហើយស្ងប់រម្ងាប់បាន (ធម្មបទនោះ) ឈ្មោះថា ប្រសើរជាង ។
| ៤. | យោ សហស្សំ សហស្សេន | អាហារេ ច អនិស្សិតោ |
| ឯកញ្ច ជេយ្យមត្តានំ | ស វេ សង្គាមជុត្តមោ ។ |
👉អ្នកណា គប្បីឈ្នះពួកមនុស្សក្នុងសង្គ្រាមអស់មួយពាន់ៗ ដង (គឺមួយលាន) (អ្នកនោះមិនឈ្មោះថាជាអ្នកឈ្នះដ៏ប្រសើរឡើយ) ចំណែកអ្នកណាឈ្នះខ្លួនឯងម្នាក់បាន អ្នកនោះឈ្មោះថា ជាមនុស្សខ្ពង់ខ្ពស់ គឺជាអ្នកច្បាំងដ៏ពូកែក្រៃលែងក្នុងសង្គ្រាម ។
